Connect with us

ព័ត៌មានជាតិ

បណ្ឌិត ឈត ប៊ុនថង៖ ការរៀបចំសង្ក្រាន្ត ជូនជនភៀសសឹក បង្ហាញឱ្យឃើញថាពួកគាត់មិនត្រូវបានទុកចោលនោះទេ

បានផុស

នៅ

អ្នកជំនាញកិច្ចការសង្គម បណ្ឌិត ឈត ប៊ុនថង យល់ថា ចំពោះការរៀបចំសង្ក្រាន្តមុនចូលឆ្នាំខ្មែរសម្រាប់ជនភៀសសឹក នៅជំរំភៀសសឹកតាមតំបន់ព្រំដែន គឺជារឿងមួយដែលបង្ហាញពីការយកចិត្តទុកដាក់ ការផ្តល់ភាពកក់ក្តៅដល់ពលរដ្ឋភៀសសឹក មិនធ្វើឱ្យពួកគាត់មានអារម្មណ៍ឯកា ឬមានអារម្មណ៍ថាត្រូវបានទុកចោល នាឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិនោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មុននឹងឈានចូលដល់ពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ សហភាពសហព័ន្ធយុវជនកម្ពុជា ដែលហៅថា ស.ស.យ.ក. បានសហការជាមួយអាជ្ញាធរខេត្ត រៀបចំសង្ក្រាន្តឆ្នាំថ្មីជូនដល់ពលរដ្ឋភៀសសឹកនៅជំរំភៀសសឹកតាមបន្ទាត់ព្រំដែន ដែលពួកគាត់មិនអាចវិលត្រឡប់ទៅផ្ទះសម្បែងខ្លួនវិញព្រោះតែការឈ្លានពានរបស់ថៃ។ ក្នុងកម្មវិធីនោះ ឃើញមានការរៀបចំបែបប្រពៃណី ការទទួលទានអាហារសាមគ្គី ការលេងល្បែងប្រជាប្រិយខ្មែរ រួមទាំងមើលល្ខោនជុំគ្នា បង្កភាពសប្បាយរីករាយ ស្នាមញញឹម ដល់ពួកគាត់ទាំងចាស់ ទាំងក្មេង។

បណ្ឌិត ឈត ប៊ុនថង បានប្រាប់ កម្ពុជាថ្មី ថាក្នុងឱកាសដែល ស.ស.យ.ក. និងអាជ្ញាធររៀបចំសង្ក្រាន្តជូនជនភៀសសឹក នៅជំរំភៀសសឹកនេះ គឺជាការរួមចំណែកមួយដែលបង្ហាញឱ្យឃើញថា ពួកគាត់មិនត្រូវបានគេទុកចោល បោះបង់ចោល ឬទុកនៅឯកោនោះទេ។ បន្ថែមពីនេះ លោកបណ្ឌិត យល់ថា ការបង្កើតបរិយាកាសបែបនេះ ក៏ជាចំណែកជួយឱ្យពួកគាត់បំភ្លេចនូវទុក្ខកង្វល់មួយរយៈពេលក្នុងអំឡុងពេលដែលពួកគាត់មានទុក្ខ បាត់បង់ផ្ទះសម្បែង សាច់ញាតិ បងប្អូន ដោយសារតែការឈ្លានពានរបស់ថៃ។

បណ្ឌិត ឈត ប៊ុនថង មានប្រសាសន៍ថា៖ “មានការរៀបចំពិធីហ្នឹងក៏ជួយសម្រាលដល់ភាពស្ត្រេស ដល់ភាពសោកសៅនៅក្នុងផ្លូវចិត្ត”

សម្រាប់លោកបណ្ឌិត ក្នុងនាមជាប្រជាពលរដ្ឋ ត្រូវមានការសាមគ្គីភាពរវាងពលរដ្ឋដូចគ្នា។ ក្រៅពីនេះ គឺសាមគ្គីភាពរវាងពលរដ្ឋ និងអាជ្ញាធរ និងថ្នាក់ដឹកនាំ ឬជាមួយកងទ័ព ធ្វើយ៉ាងណាឱ្យមានការរួមគ្នាជាធ្លុងមួយដើម្បីជាកម្លាំងរួមគ្នា ដើម្បីឱ្យជាតិសាសន៍កម្ពុជា មានសាមគ្គីភាព ទោះសត្រូវចង់ធ្វើបាបក៏មិនបានដែរ។ លោកបញ្ជាក់ថា ប្រសិនជាមានភាពបែកបាក់គ្នា គិតតែពីប្រយោជន៍រៀងខ្លួនជាធំ មិនគិតប្រយោជន៍រួម នោះនឹងធ្វើឱ្យសត្រូវវាយប្រហារកាន់តែងាយស្រួល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម