Connect with us

អត្ថាធិប្បាយ

បទវិចារណកថា៖ យុវជនទំនើង ឬសង្គមខ្វះហ្វ្រាំង? តើអ្នកណាជាអ្នកទទួលខុសត្រូវពិតប្រាកដ?

បានផុស

នៅ

នៅពេលដែលយើងក្រឡេកមើលទៅផ្លូវថ្នល់ដ៏ខ្វាត់ខ្វែង ហាងកាហ្វេទំនើបៗ និងទំព័របណ្តាញសង្គម យើងតែងឃើញយុវជនខ្មែរជំនាន់ថ្មី (Gen Z និង Gen Alpha) ពោរពេញដោយភាពរហ័សរហួន គំនិតច្នៃប្រឌិត និងការដើរទាន់បច្ចេកវិទ្យាពិភពលោក។ ប៉ុន្តែ នៅពីក្រោយផ្ទាំងទស្សនីយភាពដ៏ស៊ីវីល័យ និងពន្លឺភ្លើងពណ៌នាពេលរាត្រី ស្រមោលងងឹតនៃ «ភាពទំនើង» អំពើហិង្សាជាក្រុម ការចងគ្នាជាក្រុមដើម្បីប្រព្រឹត្តរឿងមិនល្អ ការរីករាលដាលនៃគ្រឿងញៀន គ្រឿងស្រវឹង បារីអេឡិចត្រូបនិក និងការស្រុតចុះនៃសីលធម៌សង្គម កំពុងក្លាយជាវិបត្តិដ៏ស្រួចស្រាល់ដែលមិនអាចមើលរំលងបានឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ស្ថិតក្នុងសភាពបែបនេះ មានសំណួរដ៏ចាក់ដោតមួយបានបន្លឺឡើងថា៖ តើយុវជនពិតជាអ្នកបង្កភាពទំនើងឡើងដោយខ្លួនឯង ឬមកពីប្រព័ន្ធការពារនិងខឿនអប់រំជុំវិញខ្លួនរបស់ពួកគេកំពុងចុះខ្សោយ? ឆ្លើយតបនឹងសំណួរនេះ យើងគួរពិនិត្យមើលមូលហេតុរួមផ្សំមួយចំនួនដូចខាងក្រោម៖

. ឫសគល់នៃបញ្ហាការធ្លាក់ចុះនៃតួនាទីរបស់តួអង្គបង្គោល និងឥទ្ធិពលសម័យកាល

ការចង្អុលមុខបន្ទោសថា យុវជនមានភាពទំនើង គឺជារឿងងាយស្រួលណាស់ ប៉ុន្តែអ្វីដែល​រឹតតែងាយស្រួលជាងនេះទៅទៀតនោះ គឺការមើលរំលង «ចន្លោះប្រហោង» នៃបុគ្គលឬស្ថាប័នមេកោយដែលមានតួនាទីទទួលខុសត្រូវចំពោះយុវជន។ បុគ្គលឬស្ថាប័នទាំងនោះរួមមាន៖

  • ឪពុកម្តាយនិងគ្រួសារ ជារបាំងការពារទីមួយដែលកំពុងចុះខ្សោយ៖ ក្នុងសង្គម​សម្ភារៈនិយម និងការរត់ប្រណាំងខាងសេដ្ឋកិច្ច ឪពុកម្តាយជាច្រើនមមាញឹកនឹងការស្វែងរកប្រាក់ចំណូល រហូតដល់ប្រគល់តួនាទីចិញ្ចឹមបីបាច់និងការអប់រំកូនទៅឱ្យ«ស្មាតហ្វូន»និង«បណ្តាញសង្គម» ឬអ្នកខ្លះប្រគល់តួនាទីដ៏សំខាន់របស់ខ្លួននេះទៅឱ្យមេដោះ អ្នកបម្រើឬជំនួយការ ឬគ្រូបង្រៀនស្ទើរតែទាំងស្រុង។ ការខ្វះភាពកក់ក្តៅ ការបង្កើត«គម្លាតជំនាន់» ឬគម្លាតរវាងឳពុកម្ដាយនិងកូន ក្នុងការប្រាស្រ័យទាក់ទង ការលើកទឹកចិត្ត ការតាមដាននិងការតម្រង់ទិស និងការខ្វះការណែនាំសីលធម៌ បាន​រុញច្រានយុវជនឱ្យទៅស្វែងរកតម្លៃដោយខ្លួនឯង និងការទទួលស្គាល់និងឥទ្ធិពល​ពីខាងក្រៅ តាមរយៈការបង្កើតក្រុមបក្សពួកដែលងាយរងគ្រោះ។
  • សាលារៀននិងលោកគ្រូ អ្នកគ្រូ ដែលភាគច្រើនផ្តោតតែទៅលើពិន្ទុជាលេខជាជាងចរិយាធម៌៖ ប្រព័ន្ធអប់រំដែលដេញតាមតម្រូវការទីផ្សារ ពេលខ្លះ បានសង្កត់ធ្ងន់ពេកតែលើចំណេះដឹងបច្ចេកទេសនិងវិទ្យាសាស្ត្រ ដើម្បីប្រកួតប្រជែងការងារ ប៉ុន្តែបានទម្លាក់ចោលការដុសខាត់ផ្លូវចិត្ត វិទ្យាសាស្ត្រសង្គម ទស្សនវិជ្ជា សីលធម៌និងការយល់ដឹងពីសិទ្ធិមនុស្ស។ សាលារៀនក្លាយជាកន្លែងផលិតធនធានមនុស្សសម្រាប់បម្រើការងារ ច្រើនជាងការកសាង «ពលរដ្ឋល្អ» សម្រាប់សង្គម។
  • អាជ្ញាធរនិងការអនុវត្តច្បាប់ ដែលកំពុងទន់ខ្សោយនិងមានអំពើពុករលួយ៖ នៅពេលដែលច្បាប់ត្រូវបានអនុវត្តដោយមាន «ស្តង់ដារពីរ» យុវជនដែលមានខ្នងបង្អែកឬមានទ្រព្យធន អាចរួចខ្លួនពីទោសកំហុស វាបានបង្កើតនូវវប្បធម៌ «និទណ្ឌភាព» (ការធ្វើខុសមិនបាច់ទទួលទោស) និងការមើលងាយច្បាប់។ ជាងនេះទៅទៀត យុវជនមួយចំនួនត្រូវបានគេប្រើប្រាស់ជាឧបករណ៍នយោបាយ ឬរងការអូសទាញក្នុងផលប្រយោជន៍ពាណិជ្ជកម្ម ដូចជា ការបំផុសបំផុលការសេពគ្រឿងស្រវឹងតាមរយៈការប្រគំតន្ត្រី កម្មវិធីកម្សាន្តនានា និងការផ្ដល់រង្វាន់ធំៗ ជាចំនួនទឹកប្រាក់ ប្រាក់ខែច្រើនសន្ធឹកសន្ធាប់ ឬរបស់មានតម្លៃថ្លៃ តាមរយៈក្រវិលកំប៉ុងជាដើម។
  • សាកលភាវូបនីយកម្មនិងវិបត្តិអត្តសញ្ញាណឌីជីថល៖ បណ្តាញសង្គមនានា ដូចជា TikTok, Facebook, Instagram, Telegram ជាដើម បានក្លាយជាអ្នកបង្កើតផ្នត់គំនិតថ្មីឱ្យយុវជន។ ការរស់នៅក្នុងពិភពនិម្មិតដែលកាត់ផ្ដាច់ពីតថភាពសង្គម ហើយទទួលឥទ្ធិពលពីវប្បធម៌បរទេសនិយមជ្រុល និងការចង់លេចធ្លោតាមរយៈ «Like/View» ដោយមិនខ្វល់ពីតម្លៃសីលធម៌ បានធ្វើឱ្យពួកគេងាយធ្លាក់ក្នុងអន្ទាក់គ្រឿងញៀន ល្បែងស៊ីសងអនឡាញ ការបោកប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យា និងការអូសទាញឱ្យធ្លាក់ក្នុងផ្លូវខុសជាដើម។

ទន្ទឹមនឹងស្ថានភាពបែបនេះកំពុងកើតឡើង យើងក៏តែងតែសង្កេតឃើញមានការប្រកាសយុទ្ធនាការបង្ក្រាបឬការប្រើវិធានការក្តៅៗ រាល់ពេលមានព្រឹត្តិការណ៍អសន្តិសុខណាមួយផ្ទុះឡើង ប៉ុន្តែវិធានការទាំងនោះនៅតែជា«ដំណោះស្រាយចុងដៃចុងជើង» ដែលមានសភាពដូចភ្លើងចំបើង គ្មាននិរន្តរភាព ខ្វះបុរេសកម្ម និងខ្វះតម្លាភាពក្នុងការអនុវត្តជាប្រព័ន្ធ។

២.ដំណោះស្រាយយុទ្ធសាស្ត្រ៖ ផ្អែកលើច្បាប់ សីលធម៌ និងសិទ្ធិមនុស្ស

ដើម្បីស្តារស្ថានភាពនេះឡើងវិញ វាមិនមែនជាការប្រើ«ធម៌ក្តៅ» បែបហិង្សាឬការធ្វើទុក្ខបុកម្នេញដែលរំលោភលើសិទ្ធិនិងសេចក្តីថ្លៃថ្នូររបស់មនុស្សនោះទេ ប៉ុន្តែវាទាមទារនូវការកែទម្រង់ជាប្រព័ន្ធបែបស៊ីជម្រៅដូចខាងក្រោម៖

. ផ្អែកលើទិដ្ឋភាពច្បាប់និងការទទួលខុសត្រូវខ្ពស់

  • ការពង្រឹងច្បាប់ដោយគ្មានការលើកលែង៖ ត្រូវលុបបំបាត់វប្បធម៌ «ខ្សែស្រឡាយ» ឬ«អន្តរាគមន៍»ពីអ្នកមានអំណាច មានទ្រព្យច្រើន ឬសាច់ញាតិ។ យុវជនដែលប្រព្រឹត្តខុសច្បាប់ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ស្មើៗគ្នា ប៉ុន្តែត្រូវអនុវត្តក្នុងទម្រង់ជា «យុត្តិធម៌ស្តារនីតិសម្បទា» សម្រាប់អនីតិជន ដោយផ្តោតលើការអប់រំកែប្រែ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ជាជាងការដាក់ទោសទណ្ឌបែបសងសឹកដែលបំផ្លាញ​អនាគតពួកគេទាំងស្រុង។
  • ការទទួលខុសត្រូវរបស់អ្នកផ្តល់ផលប៉ះពាល់៖ ត្រូវមានវិធានការច្បាប់តឹងរ៉ឹង និងការកម្រិតព្រំដែនលើការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង និងការគ្រប់គ្រងល្បែងស៊ីសងអនឡាញឱ្យបានតឹងរ៉ឹងបំផុត។ បង្កើនពន្ធលើគ្រឿងស្រវឹង​ និងរឹតបន្តឹងកម្រិតអាយុរបស់អ្នកទិញគ្រឿងស្រវឹងយ៉ាងម៉ឺងម៉ាត់បំផុត និងលុបបំបាត់បារីអេឡិចត្រូនិច (Vape)ឱ្យអស់ពីកម្ពុជា ។

.ផ្អែកលើទិដ្ឋភាពសីលធម៌ និងការអប់រំបែបទំនើប

  • ការអប់រំបែបឌីជីថលនិងភាពឈ្លាសវៃខាងវេទនារម្មណ៍៖ សាលារៀនត្រូវបញ្ចូលកម្មវិធីសិក្សាអំពី«ការប្រើប្រាស់បណ្តាញសង្គមនិងអេអាយបែបវិជ្ជមាន» និង«ភាពឈ្លាសវៃក្នុងការគ្រប់គ្រងវេទនារម្មណ៍»។ លោកគ្រូ អ្នកគ្រូ ត្រូវដើរតួជាអ្នកប្រឹក្សាយោបល់ផ្លូវចិត្ត ជាងជាអ្នកដាក់ពិន្ទុជាលេខ។
  • គំរូភាពពីមនុស្សចាស់៖ សីលធម៌មិនអាចរីកលូតលាស់ចំពោះមុខយុវជនបានឡើយ បើបុគ្គលជាន់ខ្ពស់ អាជ្ញាធរ លោកគ្រូ អ្នកគ្រូ ឬឪពុកម្តាយ នៅតែបង្ហាញទង្វើពុករលួយ ប្រើអំណាចកាង អំពើហិង្សា និងអសីលធម៌ក្នុងសង្គម។ «ការធ្វើខ្លួនជាគំរូល្អ គឺជារលកអប់រំដ៏មានឥទ្ធិពលជាងការទូន្មានដោយវាចារាប់ពាន់ម៉ាត់»

.ផ្អែកលើសិទ្ធិមនុស្សនិងការផ្តល់ឱកាសពិតប្រាកដ

  • ការគោរពសិទ្ធិនិងការបើកលំហសន្ទនា៖ យុវជនមិនមែនជាផ្ទាំងសំពត់សសម្រាប់ឱ្យមនុស្សចាស់ចង់គូរអ្វីតាមតែចិត្តនោះទេ។ ត្រូវបង្កើតវេទិកាសន្ទនាចំហដែលគោរពសិទ្ធិនិងសេរីភាពក្នុងការបញ្ចេញមតិ ដើម្បីឱ្យពួកគេបានជជែកពីបញ្ហាប្រឈម និងតម្រូវការពិតប្រាកដ ជំនួសឱ្យការបង្ក្រាប ឬការចោទប្រកាន់ជាមុន។
  • ការបង្កើត«លំហវិជ្ជមាន»ក្នុងសហគមន៍៖ រដ្ឋ និងវិស័យឯកជនត្រូវរួមគ្នាបង្កើតមជ្ឈមណ្ឌលយុវជន ទីលានកីឡាសហគមន៍ បណ្ណាល័យទំនើប និងកម្មវិធីស្ម័គ្រចិត្តជួយសង្គមនៅតាមមូលដ្ឋាននានា។ នៅពេលយុវជនមានលំហគ្រប់គ្រាន់ក្នុងការបញ្ចេញថាមពល និងសមត្ថភាពក្នុងផ្លូវវិជ្ជមាន ពួកគេនឹងងាកចេញឆ្ងាយពីក្រុមទំនើង អបាយមុខ និងអំពើអសីលធម៌ផ្សេងៗទៀត។

សន្និដ្ឋាន

យុវជនខ្មែរបច្ចុប្បន្នប្រៀបដូចជាឡានប្រណាំងទំនើបដែលមានម៉ាស៊ីនដ៏មានថាមពលខ្លាំង ប៉ុន្តែប្រព័ន្ធហ្វ្រាំងមិនល្អ ផ្លូវថ្នល់ និងបរិស្ថានជុំវិញខ្លួនពួកគេមានសភាពរដិបរដុប ខ្វះផ្លាកសញ្ញាចរាចរណ៍ ពោរពេញដោយគ្រោះថ្នាក់ និងខ្វះជំនួយពីនគរបាលចរាចរណ៍ដែលបំពេញការងារដ៏ត្រឹមត្រូវ ។ ការទម្លាក់កំហុស និងការដៅមុខព្រួញដាក់ទោសតែទៅលើ «ម៉ាស៊ីន» ឬដាក់ការស្ដីបន្ទោសតែទៅលើយុជន គឺជារឿងអយុត្តិធម៌បំផុត។

វាល្មមដល់ពេលហើយ ដែលតួអង្គពាក់ព័ន្ធទាំងអស់ រួមមាន គ្រួសារ សាលារៀន អាជ្ញាធរ​ និងសង្គមទាំងមូល ត្រូវឈប់ប្រើវប្បធម៌ «ធ្វើឱ្យតែរួចពីដៃ» ធ្វើតែពេលមានបទបញ្ជា ឬធ្វើតែពេលមានប្រតិកម្មឬការិះគន់ខ្លាំងពីបញ្ដាញសង្គម និងត្រូវបញ្ឈប់ការយកយុវជនធ្វើជាឈ្នាន់នៃផលប្រយោជន៍។ ការវិនិយោគលើការអនុវត្តច្បាប់ដោយស្មើភាពគ្នាការអប់រំប្រកបដោយសីលធម៌ពិតប្រាកដ និងការផ្តល់ឱកាសដោយគោរពសិទ្ធិមនុស្ស គឺជាផ្លូវតែមួយគត់ដើម្បីបង្វែរថាមពលរបស់យុវជនខ្មែរ ពីភាពទំនើងវង្វេង ឱ្យក្លាយមកជាកម្លាំងចលករដ៏រឹងមាំក្នុងការដឹកនាំនាវាកម្ពុជាទៅកាន់អនាគតដ៏រុងរឿង សន្តិភាព និងមានសេចក្តីថ្លៃថ្នូរនៅលើឆាកអន្តរជាតិ៕


ដោយ បណ្ឌិត ឈត ប៊ុនថង / អ្នកជំនាញទស្សនវិជ្ជា និងសមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម