Connect with us

អត្ថាធិប្បាយ

បទវិចារណកថា មហារីកទំនិញខុសច្បាប់៖ ធ្វើដូចម្ដេចដើម្បីបង្ខំឱ្យមន្ត្រីនិងឈ្មួញគោរពច្បាប់និងសីលធម៌ដើម្បីជាតិ?

បានផុស

នៅ

​ការរកឃើញនិងការចុះបង្ក្រាបជាបន្តបន្ទាប់នូវឃ្លាំងស្តុក និងការចែកចាយទំនិញគេចពន្ធនិងខូចគុណភាពនាំចូលពីប្រទេសជិតខាងមានប្រទេសថៃជាដើម ដូចជា សាច់បង្កក គ្រឿងទេស ភេសជ្ជៈ និងសម្ភារៈប្រើប្រាស់ នៅក្នុងរាជធានីភ្នំពេញ នាពេលថ្មីៗនេះ មិនមែនគ្រាន់តែជាព័ត៌មានបង្ក្រាបបទល្មើសសេដ្ឋកិច្ចធម្មតានោះទេ ប៉ុន្តែវាគឺជា «សញ្ញាអាសន្ន»មួយ ដែលកំពុងដាស់តឿនយើងទាំងអស់គ្នាឱ្យមើលឃើញពីមហារីកសង្គមដ៏គ្រោះថ្នាក់។ ព្រឹត្តិការណ៍នេះបានឆ្លុះបញ្ចាំងឱ្យឃើញនូវការណ៍ពិតដ៏ជូរចត់ពីរគឺ៖ ទីមួយ ភាពលោភលន់អសីលធម៌របស់អាជីវករមួយក្តាប់តូច និងទីពីរ ភាពចន្លោះប្រហោងនៃប្រព័ន្ធត្រួតពិនិត្យ និងការអនុវត្តច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នៅពេលដែលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស កំពុងរួមសាមគ្គីគ្នាយ៉ាងសស្រាក់សស្រាំ ធ្វើពហិការមិនប្រើប្រាស់ទំនិញនាំចូល ដើម្បីបង្ហាញពីមនសិការជាតិ និងការ​លើកស្ទួយផលិតផលក្នុងស្រុក បែរជាមានឈ្មួញទុច្ចរិតលួច «ដើរផ្ទុយពីមនសិការរួម និងបន្តជាន់ឈ្លីទឹកចិត្តស្នេហាជាតិ» ដោយនាំចូលទំនិញខុសច្បាប់មកវាយលុកទីផ្សារកម្ពុជាទៅវិញ។ ការធ្វើបែបនេះមិនត្រឹមតែជាការបំផ្លាញទឹកចិត្តស្នេហាជាតិរបស់ពលរដ្ឋខ្មែរប៉ុណ្ណោះទេ ប៉ុន្តែវាជាការ «ក្បត់ទំនុកចិត្តជាតិឯង» យ៉ាងធ្ងន់ធ្ងរបំផុត ដែលមិនអាចលើកលែងបាន។

តថភាពដ៏គួរឱ្យព្រួយបារម្ភជាងនេះទៅទៀតនោះគឺ វត្តមាននៃទំនិញខុសច្បាប់ទាំងនេះបានក្លាយជា «មុខកាំបិតដ៏មុតស្រួចពីរ»៖ មួយគឺ «ចាក់ទម្លុះសុខភាពសាធារណៈ» តាមរយៈចំណីអាហារគីមី និងពីរគឺ «កាត់ផ្តាច់ដង្ហើមសេដ្ឋកិច្ច» របស់អាជីវករក្នុងស្រុក។»

យើងត្រូវហ៊ានសម្លឹងមើលការណ៍ពិតថា ទំនិញដែលលួចលាក់នាំចូលដោយគេចពន្ធ ភាគច្រើនជាទំនិញអន់គុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ ឬត្រូវបានលួចកែថ្ងៃផុតកំណត់។ របស់អស់ទាំងនេះគឺជា «ឃាតករលាក់មុខ» ដែលកំពុងបំពុលសុខភាពពលរដ្ឋខ្មែររាប់លាននាក់ បង្កជាជំងឺកាចសាហាវ ដូចជា មហារីក និងខូចតម្រងនោម ដែលធ្វើឱ្យរដ្ឋ និងគ្រួសារត្រូវខាតបង់ថវិកាយ៉ាងសន្ធឹកសន្ធាប់លើវិស័យសុខាភិបាល និងបំផ្លាញធនធានមនុស្សរបស់ជាតិ។

បើក្រឡេកមកមើលផ្នែកសេដ្ឋកិច្ចវិញ ទំនិញគេចពន្ធទាំងនេះ មានតម្លៃថោកជា​ងទំនិញស្របច្បាប់ ដែលធ្វើឱ្យអាជីវករស្មោះត្រង់ និងសហគ្រាសក្នុងស្រុក ត្រូវដួលរលំ និងបិទទ្វារជាបន្តបន្ទាប់ ពីព្រោះមិនអាចប្រកួតប្រជែងតម្លៃបាន។ ជាងនេះទៅទៀត វាកំពុងបង្កើត «វិបត្តិទំនុកចិត្ត» យ៉ាងធ្ងន់ធ្ងរលើទីផ្សារកម្ពុជា ដែលអាចធ្វើឱ្យអ្នកវិនិយោគបរទេសមានការរអ៊ូរទាំ ឬរារែកក្នុងការនាំចូលទំនិញស្តង់ដារមកប្រកួតប្រជែង។


ការវះកាត់ខ្សែង្វាក់ទុច្ចរិតដោយច្បាប់និងសីលធម៌

​ទំនិញខុសច្បាប់រាប់សិបតោន មិនអាចហោះរំលងមេឃមកដល់បេះដូងនៃរាជធានីភ្នំពេញបានឡើយ បើគ្មានការបើកដៃ ឬការគប់គិតជាប្រព័ន្ធនោះទេ។ ដូច្នេះ ការអនុវត្តច្បាប់ និងសីលធម៌ត្រូវតែធ្វើឡើងចំពោះតួអង្គទាំង៣ក្រុមគឺ៖

  • ១. ក្រុមឈ្មួញទុច្ចរិត៖ ត្រូវតែឈប់ប្រើត្រឹមវិធានការដកហូតទំនិញ និងពិន័យជាប្រាក់។ ច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល និងសេវា ត្រូវតែអនុវត្តឱ្យដល់កំពូល ពោលគឺ «ដកហូតអាជ្ញាប័ណ្ណរជារៀងហូត បិទអាជីវកម្មជាស្ថាពរ និងបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសដាក់ពន្ធនាគារ» រួមទាំងការផ្សព្វផ្សាយឈ្មោះក្រុមហ៊ុនជាសាធារណៈ ដើម្បីឱ្យសង្គមធ្វើពហិការ។
  • ២. មន្ត្រីខិលខូចនៅច្រកទ្វារព្រំដែន ដូចជា មន្ត្រីគយ ឬមន្ត្រីជំនាញ ក.ប.ប. ទាំងឡាយណាដែលស៊ីប្រាក់ខែពីរដ្ឋ តែបែរជាលាដៃយកលុយក្រោមតុ បើកដៃឱ្យទំនិញគេចពន្ធចូលស្រុក ត្រូវតែរងទណ្ឌកម្មព្រហ្មទណ្ឌតាម ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។ រដ្ឋត្រូវដកតំណែង ដកស័ក្តិ ដើម្បីកុំឱ្យកើតមានវប្បធម៌ «វាយបង្គួយបង្អើលកង្កែប»។
  • ​៣. អាជ្ញាធរដែនដីនិងមូលដ្ឋាន៖ អាជ្ញាធរខណ្ឌ សង្កាត់ ឬប៉ុស្តិ៍នគរបាល មិនអាចប្រើពាក្យថា«មិនដឹង» នៅពេលមានឃ្លាំងស្តុកទំនិញខុសច្បាប់ខ្នាតធំបើកក្នុងដែនដីរបស់ខ្លួននោះឡើយ។ បើរកឃើញថាមានការលាក់បាំង អាជ្ញាធរតំបន់នោះត្រូវតែទទួលខុសត្រូវ និងរងវិន័យរដ្ឋបាល ដកតំណែងជាដាច់ខាត។

តម្លាភាពនិងវិជ្ជាជីវៈគឺជាគន្លឹះនៃដំណោះស្រាយជាប្រព័ន្ធ

​ការបង្ក្រាបទំនិញខុសច្បាប់ ជារឿងត្រឹមត្រូវ និងចាំបាច់បំផុត ប៉ុន្តែ «វិធីសាស្ត្រនៃការបង្ក្រាប ត្រូវតែធ្វើឡើងដោយតម្លាភាព វិជ្ជាជីវៈ និងស្របតាមច្បាប់ ទើបទទួលបានការគាំទ្រពេញទំហឹងពីមហាជននិងអាជីវករ»។ ដើម្បីជៀសវាងការឆ្លៀតឱកាសកៀបសង្កត់ ឬការជម្រិតទារប្រាក់ដោយមន្ត្រីខិលខូច រាជរដ្ឋាភិបាលគួរដាក់ចេញនូវយន្តការដូចខាងក្រោម៖

  • ពង្រឹងនីតិវិធីស្តង់ដារនិងបច្ចេកវិទ្យា៖ រាល់ការចុះបង្ក្រាបត្រូវមានដីកា និងលិខិតបេសកកម្មច្បាស់លាស់។ គួរមានការបំពាក់កាមេរ៉ា (Body Camera) លើសមត្ថកិច្ច ឬការផ្សាយផ្ទាល់ (Live) ពេលចុះអនុវត្តការងារ ដើម្បីធានាភាពស្អាតស្អំទាំងសងខាង។
  • បង្កើតគណៈកម្មការចម្រុះចុះអធិការកិច្ចសម្ងាត់ ពោលគឺ បង្កើតក្រុមការងារពិសេសរួមគ្នា (ដូចជា អង្គភាពប្រឆាំងអំពើពុករលួយ និងក្រសួងពាណិជ្ជកម្ម) ចុះត្រួតពិនិត្យស្រាវជ្រាវតាមឃ្លាំងនានាដោយមិនបាច់ប្រាប់មុន។
  • ប្រព័ន្ធរាយការណ៍សម្ងាត់ ពោលគឺ បង្កើតខ្សែទូរស័ព្ទ ហត់ឡាញ (Hotline) ផ្តល់ប្រាក់រង្វាន់លើកទឹ​កចិត្តដល់ពលរដ្ឋដែលរាយការណ៍ពីឃ្លាំងខុសច្បាប់ និងសម្រាប់អាជីវកររាយការណ៍ពីការគំរាមកំហែងទារលុយដោយសមត្ថកិច្ច។

សេចក្ដីសន្និដ្ឋាន

​ការទប់ស្កាត់ទំនិញខុសច្បាប់ មិនមែនគ្រាន់តែជាកិច្ចការជំនួញ ឬការប្រមូលពន្ធនោះទេ តែវាជាការការពារសន្តិសុខជាតិ សុខភាពជាតិ និងកិត្តិយសជាតិ។ ច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជាគឺមានគ្រប់គ្រាន់ហើយ តែអ្វីដែលយើងកំពុងខ្វះខាត និងត្រូវការជាចាំបាច់បំផុតនៅពេលនេះ គឺ «ភាពស្មោះត្រង់របស់មន្ត្រីអនុវត្តច្បាប់» និង«សីលធម៌របស់អ្នករកស៊ី»

បើរាជរដ្ឋាភិបាលមិនប្រើប្រាស់វិធានការក្តៅ និងវះកាត់សាច់ស្អុយទាំងនេះចោលទេ នោះនាំឱ្យអំណាចច្បាប់ឬអំណាចរដ្ឋ មនសិការជាតិ និងការធ្វើពហិការរបស់ប្រជាពលរដ្ឋនឹងក្លាយជាឥតន័យ ហើយសេដ្ឋកិច្ច និងអាយុជីវិតរបស់ប្រជាពលរដ្ឋខ្មែរ នឹងត្រូវរងគ្រោះនៅក្នុងកណ្ដាប់ដៃរបស់ក្រុមឈ្មួញទុច្ចរិតនិងមន្ត្រីខិលខូចទាំងនេះបន្តទៅទៀតមិនចេះចប់។

ចំណែកឯករដ្ឋាភិបាល ប្រព័ន្ធគ្រប់គ្រងរដ្ឋ សេវាសាធារណៈ និងថ្នាក់ដឹកនាំ​ក៏មិនអាចស្ដារទំនុកចិត្តជាមួយប្រជាពលរដ្ឋនិងវិស័យឯកជនបានដែរ។ ទីបំផុត សុវត្ថិភាពម្ហូបអាហារ សុខភាពសាធារណៈ ជីវភាពប្រជាពលរដ្ឋ ការអភិវឌ្ឍសេដ្ឋកិច្ច និងកិត្តិយសជាតិនៅតែបន្តរងគ្រោះឥតឈប់ឈរ៕

ដោយ បណ្ឌិត ឈត ប៊ុនថង / អ្នកជំនាញទស្សនវិជ្ជា និងសមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម