Connect with us

អត្ថាធិប្បាយ

បទវិចារណកថា៖ សិល្បៈនៃការរស់នៅដើម្បីយកឈ្នះបញ្ហាផ្លូវចិត្ត

បានផុស

នៅ

នៅចំពោះមុខ​រលកនៃ​ការប្រកួតប្រជែងក្នុងយុគសម័យឌីជីថលនិងប្រណីតភាពនិយម មនុស្សម្នាក់ៗប្រៀបបាននឹងទូកតូចមួយ ដែលកំពុងអណ្តែតក្នុងមហាសមុទ្រនៃសម្ពាធជាច្រើន។ ជារឿយៗ យើងចំណាយពេលច្រើនលើការថែរក្សារូបរាងកាយ លម្អសម្ភារៈខាងក្រៅ និងការស្វែងរកទ្រព្យសម្បត្តិ ប៉ុន្តែបែរជាភ្លេចសម្លឹងមើល«ចិត្ត»ដែលជាអ្នកបញ្ជានិងទ្រទ្រង់រាល់សកម្មភាពទាំងពួងរបស់យើងទៅវិញ។ នៅពេលចិត្តទន់ជ្រាយឬរងរបួស វានឹងបង្កើតជា«បញ្ហាផ្លូវចិត្ត» ដែលជាសត្រូវស្ងប់ស្ងាត់បំផ្លាញសេចក្តីសុខរបស់មនុស្សជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើម្បីបញ្ចៀសនិងដោះស្រាយបញ្ហានេះ យើងត្រូវសិក្សាឈ្វេងយល់ឱ្យបានស៊ីជម្រៅ ដោយរួមផ្សំគ្នារវាងច្បាប់ធម្មជាតិ ចិត្តវិទ្យា ទស្សនវិជ្ជា និងក្រឹត្យក្រមសង្គម ដូចខាងក្រោម៖

១.ការយល់ដឹងពីសត្រូវស្ងប់ស្ងាត់៖ និយមន័យ សញ្ញាសម្គាល់ និងផលប៉ះពាល់

ក.និយមន័យនៃបញ្ហាផ្លូវចិត្ត

បញ្ហាផ្លូវចិត្តឬជំងឺផ្លូវចិត្ត មិនមែនជាការទន់ជ្រាយឬជាភាពឆ្កួតវង្វេងដូចដែលមតិខ្លះយល់ច្រឡំនោះទេ។ និយាយឱ្យងាយយល់ វាគឺជា «ស្ថានភាពអតុល្យភាពនៃគំនិត អារម្មណ៍ និងឥរិយាបថ» ដែលធ្វើឱ្យបុគ្គលម្នាក់ៗបាត់បង់សមត្ថភាពក្នុងការទប់ទល់នឹងសម្ពាធប្រចាំថ្ងៃ បាត់បង់ភាពម្ចាស់ការលើខ្លួនឯង និងមិនអាចបំពេញមុខងារជាប្រក្រតីក្នុងសង្គមបាន។

ខ.សញ្ញាសម្គាល់

យើងអាចសង្កេតដឹងថាខ្លួនឯងឬមនុស្សជុំវិញខ្លួនចាប់ផ្តើមមានបញ្ហាផ្លូវចិត្តតាមរយៈសញ្ញាព្រមានសំខាន់ៗ៣ គឺ៖

  • ទី១. ខាងអារម្មណ៍៖ មួម៉ៅខុសប្រក្រតី ព្រួយបារម្ភហួសហេតុ ធុញថប់ អស់សង្ឃឹម ឬមានអារម្មណ៍ឯកោខ្លាំង ទោះស្ថិតក្នុងចំណោមមនុស្សច្រើនក៏ដោយ។
  • ទី២. ខាងរាងកាយ៖ គេងមិនលក់ឬគេងច្រើនហួសប្រមាណ អស់កម្លាំងល្ហិតល្ហៃដោយគ្មានមូលហេតុច្បាស់លាស់ ឈឺក្បាល ឬតឹងណែនក្នុងទ្រូង។
  • ទី៣. ខាងឥរិយាបថ៖ ដកខ្លួនចេញពីសង្គម មិនចង់ជួបអ្នកណា ងាយខឹងឆេវឆាវ ឬបាត់បង់ចំណាប់អារម្មណ៍លើអ្វីដែលខ្លួនធ្លាប់ចូលចិត្តពីមុន។

វិបាកនិងការរាលដាលទៅរកសភាពធ្ងន់ធ្ងរ

ប្រសិនបើបញ្ហាតូចតាចមិនត្រូវបានដោះស្រាយ វាប្រៀបដូចជាភ្លើងកន្ទុយបារីដែលគេបោះចោលលើគំនរចំ​បើង។
វានឹងវិវត្តទៅជាជំងឺបាក់ទឹកចិត្ត (Depression) ជំងឺភ័យព្រួយហួសហេតុ (Anxiety Disorder) ឬការវង្វេងវង្វាន់ ដែលឈានទៅដល់ការបំផ្លាញកោសិកាខួរក្បាល និងការបាត់បង់ម្ចាស់ការលើការពិចារណាទាំងស្រុង។

គ.ផលប៉ះពាល់ជាខ្សែចង្វាក់

  • ទី១.ចំពោះខ្លួនឯង៖ បាត់បង់តម្លៃខ្លួនឯង បាត់បង់ឱកាសក្នុងជីវិត និងឈានទៅរកការធ្វើបាបខ្លួនឯង។
  • ទី២.ចំពោះគ្រួសារ៖ បង្កើតបរិយាកាសតានតឹង បាត់បង់ភាពកក់ក្តៅ និងអាចបង្កជាជម្លោះឥតឈប់ឈរដោយសារការមិនយល់ចិត្តគ្នា។
  • ទី៣.ចំពោះសង្គម៖ បាត់បង់ធនធានមនុស្សដ៏មានសក្តានុពល បង្កើនបន្ទុកសេដ្ឋកិច្ច និងប៉ះពាល់ដល់ស្ថិរភាព និងសណ្តាប់ធ្នាប់ធនធានសង្គមទាំងមូល។

២.យុទ្ធសាស្ត្រនិងដំណោះស្រាយ៖ ពីកម្រិតសាមញ្ញ ដល់កម្រិតខ្ពស់

ដើម្បីការពារនិងព្យាបាលរបួសផ្លូវចិត្ត យើងត្រូវកសាងខែលការពារខ្លួនជាជំហានៗ ដូចតទៅ៖

ក.កម្រិតសាមញ្ញ (ពឹងលើការដាក់កម្រិតរាងកាយនិងទម្លាប់ប្រចាំថ្ងៃ)

  • ទី១.គ្រប់គ្រងការរស់នៅ៖ គេងឱ្យបានគ្រប់គ្រាន់ ញ៉ាំអាហារមានជីវជាតិ និងហាត់ប្រាណឱ្យបានទៀងទាត់។ ការហាត់ប្រាណជួយបញ្ចេញអកម៉ូនសេចក្តីសុខ (Endorphins) ដែលជាថ្នាំបំបាត់ស្រ្តេសធម្មជាតិ។
  • ទី២.ការដកដង្ហើមនិងការសម្រាក៖ នៅពេលមានសម្ពាធឬស្ត្រេសខ្លាំង ត្រូវឈប់សម្រាក ដើរចេញពីកន្លែងតានតឹង ហើយដកដង្ហើមចូលជ្រៅៗ ចេញយឺតៗ ដើម្បីឱ្យប្រព័ន្ធប្រសាទស្ងប់ចុះ។

ខ.កម្រិតមធ្យម (ពឹងលើជំនួយញពីចិត្តវិទ្យា ការគិតបែបវិជ្ជមាន និងក្រឹត្យក្រមសង្គម)

  • ទី១.ការគិតហ្មត់ចត់និងការគិតបែបវិជ្ជមាន៖  ការប្រកាន់ជំហរវិជ្ជមានមិនមែនជាការបោកប្រាស់ខ្លួនឯងថាពិភពលោកពោរពេញដោយពណ៌ស៊ីជម្ពូរនោះទេ ប៉ុន្តែជាសមត្ថភាពក្នុងការ​«មើលឃើញឱកាសនិងមេរៀននៅក្នុងវិបត្តិ»។ មុននឹងជឿ​ឬខឹងលើរឿងអ្វីមួយត្រូវប្រើការគិតហ្មត់ចត់ដើម្បីវិភាគថា តើរឿងនោះជាការណ៍ពិត ឬគ្រាន់តែជាការគិតស្មានរបស់យើង?
  • ទី២.ការជ្រើសរើសបរិយាកាសសង្គម៖ មនុស្សជុំវិញខ្លួនមានឥទ្ធិពលខ្លាំងណាស់។ ចូរនៅក្បែរមនុស្សដែលមានថាមពលវិជ្ជមាននិងចេះលើកទឹកចិត្ត។ ជាមួយគ្នានេះ ត្រូវកំណត់ព្រំដែនក្នុងការប្រើប្រាស់បណ្តាញសង្គម ដែលជាប្រភពនៃរលកព័ត៌មានអវិជ្ជមាន និងការប្រៀបធៀបជោគវាសនា។

គ.កម្រិតខ្ពស់ (ពឹងលើជំនួយពីទស្សនវិជ្ជានិងច្បាប់ធម្មជាតិ)

នៅពេលដែលយើងត្រូវប្រឈមមុខនឹង «បាតុភូតធម្មជាតិ បាតុភូតសង្គម និងសម្ពាធនានា» ដែលយើងមិនអាចផ្លាស់ប្តូរឬទប់ទល់បាន (ដូចជា ព្រឹត្តិការណ៍អាក្រក់ក្នុងអតីតកាល សេចក្តីស្លាប់ ការប្រែប្រួលសេដ្ឋកិច្ចពិភពលោក ទឹកជំនន់ ឬចរិតលក្ខណៈរបស់អ្នកដទៃ) ទស្សនវិជ្ជានិងច្បាប់ធម្មជាតិ គឺជាឱសថដ៏ស័ក្តិសិទ្ធិបំផុត៖

«យើងមិនអាចហាមឃាត់រលកសមុទ្រមិនឱ្យបោកបក់បានទេ ប៉ុន្តែយើងអាចរៀនជិះលើរលកនោះបាន។»

  • ទី១. រៀនស្វែងយល់ពីពួកវា៖ យល់ដឹងពី «ច្បាប់ត្រៃលក្ខណ៍» ឬច្បាប់ធម្មជាតិ គឺ អនិច្ចំ ទុក្ខំ អនត្តា។ រាល់សម្ពាធ ទុក្ខលំបាក ឬការរិះគន់ ដែលវាកើតឡើងហើយ គង់តែរលត់ទៅវិញ។ គ្មានទុក្ខណានៅស្ថិតស្ថេររហូតនោះទេ។
  • ទី២. រៀនគេចចេញពីពួកវា៖ បើដឹងថាទីនោះជាចំណុចក្ដៅ ជាជម្លោះដែលរកខុសត្រូវមិនឃើញ ឬជាទំនាក់ទំនងដែលមានជាតិពុល ការដើរចេញដោយស្នាមញញឹម មិនមែនជាភាពកំសាកទេ ប៉ុន្តែជាភាពឆ្លាតវៃក្នុងការរក្សាសន្តិភាពផ្លូវចិត្ត។
  • ទី៣. រៀនរស់ជាមួយពួកវា៖ ទស្សនវិជ្ជាអត់ធ្មត់និយម បង្រៀនថា ជីវិតចែកជាពីរផ្នែក៖ អ្វីដែលយើងគ្រប់គ្រងបាន (គំនិត អារម្មណ៍ សកម្មភាពខ្លួនឯង) និងអ្វីដែលយើងគ្រប់គ្រងមិនបាន (អាកាសធាតុ បាតុភូតិធម្មជាតិ គំនិតអ្នកដទៃ ព្រឹត្តិការណ៍ខាងក្រៅ)។ ចូរព្រមទទួលការណ៍ពិតចំពោះអ្វីដែលយើងគ្រប់គ្រងមិនបាន ហើយផ្តោតថាមពលលើអ្វីដែលយើងអាចគ្រប់គ្រង​បាន។
  • ទី៤. ការបន្ថយឥទ្ធិពលរបស់ពួកវា៖ នៅពេលរឿងអាក្រក់កើតឡើង ចូរកុំពង្រីកវាដោយការត្អូញត្អែរ ការបន្ទោសខ្លួនឯងខ្លាំងពេគ ឬការបន្ទោសព្រហ្មលិខិត។ ចូរប្រើ «អំណាចនៃកតញ្ញុតា» មកធ្វើជាខែលការពារចិត្ត។ នៅពេលរឿងអាក្រក់ឬវិបត្តិកើតឡើង ជំនួសឱ្យការអង្គុយត្អូញត្អែរ និងសម្លឹងមើលតែអ្វីដែលបានបាត់បង់ ចូរងាកមកស្វែងរកនិងដឹងគុណចំពោះ «អ្វីដែលយើងមាននៅសេសសល់»វិញ។ ចូររំលឹកខ្លួនឯងថា យ៉ាងហោចណាស់ ក៏យើងនៅមានដង្ហើមដកដើម្បីតស៊ូ មានសុខភាពដើម្បីដើរទៅមុខ និងមានសមាជិកគ្រួសារដែលនៅចាំផ្តល់ក្តីស្រឡាញ់ និងទះដៃគាំទ្រយើងពីក្រោយដែរ។ នៅពេលចិត្តរបស់យើងពោរពេញដោយការដឹងគុណលើរឿងល្អៗទាំងនេះ ថាមពលវិជ្ជមាននឹងរីករាលដាល រុញច្រានឱ្យឥទ្ធិពលនៃរឿងអាក្រក់នោះរួមតូចទៅៗ រហូតក្លាយជាធូលីដីដ៏តូចមួយ ដែលមិនអាចមកបំផ្លាញសេចក្តីសុខក្នុងជីវិតរបស់យើងបានឡើយ។

សន្និដ្ឋាន

បញ្ហាផ្លូវចិត្ត មិនមែនជាទោសកំហុស ហើយក៏មិនមែនជាផ្លូវទ័លដែរ។ វាកើតចេញពី​«ចិត្ត» ដូច្នេះវាក៏ត្រូវព្យាបាលនិងការពារដោយ«ចិត្ត»វិញដូចគ្នាដែរ។ ការយល់ដឹងពីច្បាប់ធម្មជាតិថាគ្រប់យ៉ាងតែងតែ​មានការប្រែប្រួល ការអនុវត្តចិត្តវិទ្យាវិជ្ជមានក្នុងការរស់នៅ និងការគោរពក្រឹត្យក្រមសង្គមដោយការយោគយល់គ្នាគឺជាគន្លឹះដ៏ចម្បងបំផុត។

ចូរចងចាំថា៖ «អ្នកមិនអាចគ្រប់គ្រងអ្វីៗគ្រប់យ៉ាងដែលកើតឡើងចំពោះអ្នកឡើយ ប៉ុន្តែ​អ្នកអាចគ្រប់គ្រងវិធីដែលអ្នកឆ្លើយតបទៅនឹងអ្វីដែលកើតឡើងចំពោះអ្នកនោះបាន។» ចូរថែរក្សាចិត្តរបស់អ្នកជារៀងរាល់ថ្ងៃ ពីព្រោះចិត្តដែលស្ងប់និងរឹងមាំ គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតសម្រាប់ជីវិតរស់នៅរបស់អ្នក៕

ដោយ ៖ បណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សន​វិជ្ជា និងសមាជិកបម្រុងនៃ​រាជបណ្ឌិត្យសភាកម្ពុជា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម