ព័ត៌មានជាតិ
ចិនសន្យាបន្តជួយធ្វើទំនើបកម្មសមត្ថភាពយោធាកម្ពុជា ដើម្បីពង្រឹងខឿនការពារជាតិទាំងដែនទឹក ដែនគោក ដែនអាកាស
មហាអំណាចចិនបានសន្យាបន្តគាំទ្រលើការធ្វើទំនើបកម្មសមត្ថភាពវិស័យយោធាកម្ពុជា ដើម្បីពង្រឹងខឿនការពារជាតិទាំងដែនទឹក ដែនគោក ដែនអាកាស។ ប្រមុខការពារជាតិកម្ពុជានាយឧត្ដមសេនីយ៍ ទៀ សីហា លើកឡើងដូច្នេះតាមរយៈបណ្ដាញសង្គម បន្ទាប់ពីកិច្ចសន្ទនាយុទ្ធសាស្ត្រ “២+២” ជាប្រវត្តិសាស្ត្រដែលមិនធ្លាប់មានពីមុនមក បានបញ្ចប់ទៅកាលពីល្ងាចថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦។

នាយឧត្ដមសេនីយ៍ ទៀ សីហា សរសេរលើទំព័រហ្វេសប៊ុកផ្លូវការនាព្រឹកថ្ងៃទី២៣ ខែមេសា ដូច្នេះថា៖«ក្នុងកិច្ចប្រជុំស្ដីពីកិច្ចសន្ទនាយុទ្ធសាស្ត្រ “២+២”ភាគីមិត្តចិនបានបង្ហាញពីការគាំទ្រលើវិស័យយោធាកម្ពុជា ក្នុងការចូលរួមលើកកម្ពស់កិច្ចសហប្រតិបត្តិការយោធា និងធ្វើទំនើបកម្មយោធា ដែលនឹងពង្រឹងខឿនការពារជាតិ ដែនទឹក ដែនគោក និងដែនអាកាស។»។

តាមរយៈកិច្ចសន្ទនាយុទ្ធសាស្ត្រ “២+២” នេះ ប្រមុខការពារជាតិកម្ពុជា បង្ហាញជំនឿយ៉ាងមុតមាំថាវត្តមានរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិប្រជាមានិតចិន នឹងជំរុញទំនាក់ទំនងយុទ្ធសាស្ត្រកម្រិតខ្ពស់ ធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនុកចិត្តផ្នែកនយោបាយ ការរីកចម្រើននៃទំនាក់ទំនងទ្វេភាគី ដែលជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប ព្រមទាំងបាននិងកំពុងខិតខំកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។

ប្រមុខការពារជាតិកម្ពុជា អះអាងថា៖«កម្ពុជាប្តេជ្ញាចិត្ត ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើគ្រប់វិស័យ ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ដោយប្រកាន់ខ្ជាប់ឥតងាករេនូវគោលការណ៍ចិនមួយ។ »។
កម្ពុជា និងចិនបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨ ប៉ុន្តែទំនាក់ទំនងរវាងប្រទេសទាំងពីរមានតាំងពីសតវត្សរ៍ទី១៣មកម្ល៉េះ។ តាមរយៈទំនាក់ទំនងដ៏ស្អិតរមួត ចិនបានជួយអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ សង្គមសេដ្ឋកិច្ចជាតិ កសាងសមត្ថភាពយុវជនបន្តវេន និងការធ្វើទំនើបកម្មវិស័យការពារជាតិកម្ពុជា។

សម្រាប់ការធ្វើទំនើបកម្មវិស័យការពារជាតិកម្ពុជា កន្លងទៅចិនបានជួយកសាងសមត្ថភាពការពារជាតិទាំងដែនទឹក ដែនគោក និងដែនអាកាស តាមរយៈការធ្វើសមយុទ្ធយោធារួមគ្នា«សមយុទ្ធនាគមាស» ការផ្ដល់យុទ្ធោករណ៍ និងការបណ្ដុះបណ្ដាល។ ចំពោះការកសាងសមត្ថភាពការពារជាតិលើដែនទឹក ចិនបានជួយធ្វើទំនើបកម្មមូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹកកម្ពុជា ដែលជាទីបញ្ជាការកងទ័ពជើងទឹកការពារជាតិកម្ពុជាត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីដើមខែមេសាឆ្នាំ២០២៥ ការបណ្ដុះបណ្ដាលនាវិក ជាពិសេសចិនបានជួយផលិតនាវាចម្បាំងប្រភេទ០៥៦ ចំនួន ២គ្រឿងឱ្យកម្ពុជា ហើយថ្មីៗនេះ មានសេចក្ដីរាយការណ៍ថា ចិនបានប្រគល់នាវាគ្រឿងទី១ មកឱ្យកម្ពុជាកាលពីដើមខែមេសា ឆ្នាំ២០២៥។

ចំពោះការកសាងសមត្ថភាពការពារជាតិលើដែនគោក ចិនបានធ្វើសមយុទ្ធ«នាគមាស»ជាមួយកម្ពុជា ផ្ដល់ជំនួយជាយុទ្ធោបករណ៍ ពិសេសប្រព័ន្ធបាញ់គ្រាប់រ៉ុកែតរយៈចម្ងាយឆ្ងាយ PHL-03 មានសមត្ថភាពបាញ់រយៈចម្ងាយចន្លោះពី៧០គីឡូម៉ែត្រដល់ទៅ១៣០គីឡូម៉ែត្រ និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាដើម។ រីឯ ការកសាងសមត្ថភាពការពារជាតិលើដែនអាកាស ចិនបានផ្ដល់ប្រព័ន្ធការពារដែនអាកាស KS-1C ឧទ្ធម្ភាគចក្រជាច្រើនគ្រឿង និងការបណ្ដុះបណ្ដាលយុវជនកម្ពុជាលើការបើកយន្តហោះចម្បាំងជាដើម៕
ដោយ៖ ង៉ិល ណារ៉ាត់

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


