Connect with us

ព័ត៌មានជាតិ

ប្រព័ន្ធប្រឡាយលូមេធម្មជាតិចាស់ៗ ក្នុងក្រុងខេមរភូមិន្ទ កំពុងត្រូវបានយកចិត្តទុកដាក់ជីកស្តារឡើងវិញ

បានផុស

នៅ

រដ្ឋបាលខេត្តកោះកុង និងមន្រ្តីជំនាញពាក់ព័ន្ធ បាននឹងកំពុងបន្តសកម្មភាពជីកកាយស្តារប្រព័ន្ធប្រឡាយលូធម្មជាតិមេធំៗ នៅក្នុងក្រុងខេមរភូមិន្ទឡើងវិញ ដើម្បីសម្រួលដល់ការជន់លិចផ្លូវ និងលំនៅដ្ឋានពលរដ្ឋរដូវវស្សា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អន ដាវុធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង

លោក អន ដាវុធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង និងជាសមាសភាពក្រុមការងារស្តារប្រឡាយលូ បានប្រាប់កម្ពុជាថ្មី នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦នេះថា អាជ្ញាធរខេត្ត កំពុងយកចិត្តទុកដាក់ខ្ពស់លើវិធានការរំដោះទឹកមិនឱ្យជន់លិចផ្លូវ និងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋដែលងាយរងប៉ះពាល់សម្រាប់ឆ្នាំនេះ ស្របពេលប្រឡាយលូធម្មជាតិទាំងនោះមិនធ្លាប់បានស្តារ។ លោកបានមើលឃើញថា មូលហេតុដែលនាំឱ្យមានការកកស្ទះចរន្តទឹកហូរតាមប្រព័ន្ធលូ ដោយសារតែការចាក់ដីបិទរំលោភលើប្រឡាយធម្មជាតិ  សំរាមគ្រប់ប្រភេទ និងការលួចសង់សំណង់ផ្សេងៗ ទើបធ្វើឱ្យលំនៅដ្ឋានពលរដ្ឋ និងដងផ្លូវមួយចំនួនជន់លិចស្ទើរតែជារៀងរាល់ឆ្នាំ។

លោកប្រធានមន្ទីរសាធារណការ បង្ហាញទៀតថា ជំហានដំបូង ក្រុមការងារកំពុងប្រឹងប្រែងស្តារប្រឡាយលូពីក្រោយសសណ្ឋាគារអាស៊ានឆ្ពោះទៅកាន់ប្រឡាយម្តុំផ្ទះពេទ្យ ស្មើនឹងប្រវែងជាង៤០០ម៉ែត្រ។ បន្ទាប់មកទៀត ប្រឡាយធម្មជាតិចាប់ពីអតីតអាហារដ្ឋានកោះប៉ោទៅក្រោយផ្ទះម៉ាហ្គា និងពីក្រោយផ្ទះសំ វីរៈ បន្តទៅប្រឡាយមេធំៗផ្សេងទៀត ខណៈជួបប្រឈមធំជាងគេ។

លោក ប៊ុន នីភារុន និងអ្នកស្រី ស៊ុន ចន្ធូ ជាប្រជាពលរដ្ឋរស់នៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ដែលធ្លាប់រងផលប៉ះពាល់ខ្លាំងរៀងរាល់រដូវវស្សាពីការជន់លិចទឹកភ្លៀង បានបង្ហាញការគាំទ្រពេញទំហឹងចំពោះវិធានការរបស់អាជ្ញាធរ និងមន្រ្តីជំនាញខេត្តកោះកុង ព្រោះថា១ឆ្នាំៗ មូលដ្ឋានពួកគាត់រងការជន់លិចដោយបរិមាណទឹកភ្លៀងពីតិចទៅច្រើនបណ្តាលឱ្យពិបាករស់នៅប្រចាំថ្ងៃ ពិសេសរដូវវស្សាតែម្តង។

លោក ប៊ុន នីភារុន និងអ្នកស្រី ស៊ុន ចន្ធូ ជាប្រជាពលរដ្ឋរស់នៅភូមិ៣

ក្រុមពលរដ្ឋដដែល ទទូចដល់អាជ្ញាធរ និងមន្ទីរជំនាញពាក់ព័ន្ធ មេត្តាបន្តពិនិត្យមើលប្រឡាយលូធម្មជាតិដ៏ទៃទៀតដែលមិនទាន់ស្តារឡើងវិញ ព្រោះប្រសិនជាស្តារតែមួយកន្លែង មិនស្តារកន្លែងមួយទៀត ច្បាស់ជាជន់លិចដដែលលំបាករស់នៅ និងប្រឈមនឹងជំងឺផ្សេងៗផងដែរ។

ចាប់ពីពេលនេះតទៅ រដ្ឋបាលខេត្តកោះកុង និងមន្រ្តីជំនាញ នឹងមានវិធានការក្តៅហើយចំពោះបុគ្គលណាដែលរំលោភបំពានដល់ប្រឡាយរំដោះទឹកធម្មជាតិ ដោយបង្ខំឱ្យរុះរើសំណង់ និងជីកកាយអាចម៍ដីដែលពួកគេបានចាក់បំពាន៕(អត្តបទៈសិរីវឌ្ឍនៈ)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម