Connect with us

អត្ថាធិប្បាយ

វិចារណកថា៖ ក្តីសង្ឃឹមរបស់កម្ពុជា មិនមែនស្ថិតតែនៅព្រំដែនទេ តែស្ថិតនៅក្នុងថ្នាក់រៀន

បានផុស

នៅ

នៅពេលដែលព័ត៌មានអំពីជម្លោះតាមព្រំដែនកម្ពុជា-ថៃ បន្តទាក់ទាញការចាប់អារម្មណ៍ពីសាធារណជនជារៀងរាល់ថ្ងៃ មនុស្សភាគច្រើនកំពុងផ្តោតលើស្ថានភាពនៅព្រំដែនទាំងថ្ងៃទាំងយប់ ការដាក់ពង្រាយកម្លាំង និងការវិវត្តនៃស្ថានការណ៍នៅតំបន់ព្រំដែន។

ប៉ុន្តែនៅពីក្រោយជម្លោះព្រំដែនដែលយោធាថៃឈ្លានពានកម្ពុជានោះក៏មានរឿងមួយទៀតដែលមិនគួរឱ្យមើលរំលងដែរ នោះគឺការសិក្សារបស់កុមារ និងយុវជនក្នុងថ្នាក់រៀន។ កុមារ យុវជន ជាទំពាងស្នងឬស្សី និងជាសសរទ្រូងជាតិ ដូច្នេះពួកគេត្រូវការអប់រំដែលប្រកបដោយគុណភាព។ ការការពារព្រំដែនជាកាតព្វកិច្ចរបស់យោធា ប៉ុន្តែការកសាងអនាគតជាតិ គឺជាកាតព្វកិច្ចរួមរបស់សង្គមទាំងមូល។ ដូច្នេះ មាតាបិតា អាណព្យាបាល និងសង្គម គួរតែវិនិយោគលើការសិក្សារបស់កូនៗ ក្មួយៗ ទៅតាមលទ្ធភាព ដើម្បីឱ្យពួកគេក្លាយជាធនធានមនុស្សពោរពេញដោយសមត្ថភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមក្រសួងអប់រំ យុវជន និងកីឡា ដោយសារតែស្ថានភាពតានតឹងនៅតាមព្រំដែនកម្ពុជា-ថៃ បានធ្វើឱ្យប៉ះពាល់ សាលារៀនចំនួន ៨៨៣ ក្នុងខេត្តចំនួន ៦ នៅខ្សែបន្ទាត់ព្រំដែន ក្នុងនោះប៉ះពាល់ដល់គ្រូបង្រៀន ៧ ២៧៨ នាក់ និងសិស្ស ២០៨ ៩៥៩ នាក់។ ខណៈមានកុមារ យុវជន ជាច្រើន ជាច្រើនត្រូវបង្ខំចិត្តឃ្លាតឆ្ងាយពីថ្នាក់រៀនដែលពួកគេធ្លាប់សិក្សាជារៀងរាល់ថ្ងៃ ប៉ុន្តែការសិក្សាមិនត្រូវបានបញ្ឈប់ឡើយ។ គិតមកដល់ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២៦ សាលាជាច្រើនបើកដំណើរការវិញ ប៉ុន្តែនៅមានសាលាចំនួន ២០ បន្តបិទទ្វា ក្នុងខេត្តចំនួន ៣ រួមមាន ខេត្តព្រះវិហារ ឧត្តរមានជ័យ និងបន្ទាយមានជ័យ។

បច្ចុប្បន្ននេះ សិស្សនុសិស្សដែលធ្លាប់រៀនក្នុងថ្នាក់រៀនទាំងនោះ ត្រូវបានបង្វែរមកសិក្សានៅតំបន់សុវត្ថិភាព ក្រោមតង់ ឬរៀនតាមអនឡាញ ក្រោមការសម្របសម្រួលពីក្រសួងអប់រំ យុវជន និងកីឡា។ រូបភាពកុមារអង្គុយរៀនក្រោមតង់បណ្តោះអាសន្ន ឬសិក្សាតាមទូរស័ព្ទ និងកុំព្យូទ័រ អាចមើលទៅជារឿងធម្មតាមួយសម្រាប់អ្នកខ្លះ ប៉ុន្តែសម្រាប់កម្ពុជា វាជាសញ្ញាបង្ហាញពីភាពរឹងមាំនៃប្រព័ន្ធអប់រំ និងឆន្ទៈមិនបោះបង់របស់កុមារ។ ពួកគេអាចបាត់បង់បន្ទប់រៀនជាបណ្តោះអាសន្ន ប៉ុន្តែមិនបានបាត់បង់ក្តីស្រមៃនៃការរៀនសូត្រនោះទេ។

ជាការកត់សម្គាល់ក្រសួងអប់រំ អង្គការជាតិ អន្តរជាតិ សប្បុរជននានា ក៏បានកៀងគរថវិកា និងទិញសម្ភារៈសិក្សាជូនដល់កុមាររងគ្រោះតាមព្រំដែន ដើម្បីផ្តល់ក្តីសង្ឃឹម និងជំរុញការសិក្សារបស់ពួកគេតាមគ្រប់រូបភាព។

ក្នុងពិធីសំណេះសំណាលជាមួយគ្រូបង្រៀន និងសិស្សានុសិស្ស នៅក្នុងខេត្តព្រះវិហារ កាលពីថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២៦ ឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានកោតសរសើរចំពោះគ្រូនៅតាមព្រំដែនដែលបានលះបង់កម្លាំង កាយចិត្តក្នុងការបំពេញភារកិច្ចបណ្តុះបណ្តាលធនធានមនុស្សនៅតាមតំបន់ព្រំដែន ទោះបីជាត្រូវប្រឈមនឹងការលំបាក និងការប្រែប្រួលនៃស្ថានភាពសន្តិសុខព្រំដែននាពេលកន្លងមកក៏ដោយ។

ក្នុងន័យនេះ លោកលើកឡើងថា ទោះស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ ការសិក្សារបស់ក្មួយៗសិស្សានុសិស្សគឺមិនត្រូវខកខានឡើយ ដូចនេះទើបក្រសួងអប់រំ បានរៀបចំថ្នាក់រៀនបណ្តោះអាសន្ន ដើម្បីបន្តឱ្យសិស្សទទួលបានការសិក្សាទោះក្នុងកាលៈទេសៈណាក៏ដោយ សំដៅធានាឱ្យបាននូវសមធម៌ និងបរិយាបន្នអប់រំស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។

ប្រទេសមួយមិនអាចរីកចម្រើនដោយផ្អែកលើកម្លាំងយោធាតែមួយមុខបានឡើយ។ កម្លាំងពិតប្រាកដរបស់ជាតិ ស្ថិតនៅលើធនធានមនុស្ស ចំណេះដឹង និងសមត្ថភាពរបស់ប្រជាពលរដ្ឋជំនាន់ក្រោយ។ ទោះបីកម្ពុជារងការឈ្លានពាន ប៉ុន្តែយើងមិនគួរផ្តេកផ្តួលអស់សង្ឃឹមជាមួយនឹងស្ថានភាពសង្គ្រាមដែរ ដំណើរការសេដ្ឋកិច្ច សង្គម និងការសិក្សា ត្រូវតែដើរទៅមុខទន្ទឹមគ្នា។


ហេតុនេះហើយ ទោះបីមានការព្រួយបារម្ភអំពីស្ថានភាពនៅព្រំដែនក៏ដោយ ក៏នៅក្នុងតង់បណ្តោះអាសន្នមួយ នៅក្នុងថ្នាក់រៀនតូចមួយ ឬនៅពីមុខអេក្រង់កុំព្យូទ័រមួយ គឺជាក្តីសង្ឃឹមរបស់កុមារ យុវជន ក្នុងការទទួលបានការសិក្សា។

ព្រំដែនអាចជាកន្លែងដែលកម្លាំងយោធាកម្ពុជា កំពុងការពារបូរណភាពទឹកដី ប៉ុន្តែថ្នាក់រៀន គឺជាកន្លែងបណ្តុះបណ្តាលធនធានមនុស្ស សម្រាប់កសាងប្រទេសជាតិនៅថ្ងៃខាងមុខ។ ដូច្នេះ ក្តីសង្ឃឹមរបស់កម្ពុជា មិនមែនស្ថិតតែនៅតាមខ្សែបន្ទាត់ព្រំដែននោះទេ ប៉ុន្តែស្ថិតនៅក្នុងថ្នាក់រៀន និងនៅក្នុងក្តីស្រមៃរបស់កុមារគ្រប់រូប ដែលកំពុងបន្តសិក្សា ក្លាយជាធនធានមនុស្សរបស់ជាតិ៕

ដោយ៖ ឡាយ សាមាន ការីនិពន្ធសារព័ត៌មានកម្ពុជាថ្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម