Connect with us

ព័ត៌មានជាតិ

កម្ពុជា នឹងរងឥទ្ធិពលពីព្យុះទី៥ ឈ្មោះ ហាហ្គូពិត (Hagupit) ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៥ឧសភា

បានផុស

នៅ

យោងតាមការប្រកាសរបស់់ក្រសួងធនធានទឹក និងឧតុនិយម នៅរសៀលថ្ងៃទី៧ឧសភានេះ នៅតាមតំបន់មួយចំនួនរបស់ព្រះរាជណាចក្រកម្ពុជា នឹងរងឥទ្ធិពលពីព្យុះទី៥ ឈ្មោះ ហាហ្គូពិត (Hagupit T2605) ដែលនឹងធ្វើឲ្យមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៥ ខែឧសភា។ ព្យុះទី៥ ហាហ្គូពិត (Hagupit) ដែលនឹងជះឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជានេះ បានកើតឡើងដោយសារការវិវត្ដពីសម្ពាធទាបដែលកើតនៅលើមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច មានឥទ្ធិពលលើរបបខ្យល់មូសុងនិរតី ដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ជាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។ តែទោះយ៉ាងណា ក្រសួងបញ្ជាក់ថា កម្ពុជាពុំស្ថិតនៅលើគន្លងផ្លូវដើររបស់ព្យុះនេះទេ។

តាមការប្រកាសដដែល ស្ថានភាពបែបនេះចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ នឹងធ្វើឱ្យធាតុអាកាសនៅតំបន់វាលទំនាប មានខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្រប ដណ្តប់លើផ្ទៃដី ៣០%។

តំបន់ខ្ពង់រាប មានខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ២៥%។

តំបន់មាត់សមុទ្រ មានខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ២៥%។ រលកសមុទ្របោកបក់ខ្លាំង ដែលមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៧៥ម៉ែត្រ។

យោងលើការព្យាករ ក្រសួងធនធានទឹក និងឧតុនិយម សូមសាធារណជនមេត្តាប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូត ភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់ដែលអាចកើតមានឡើងច្រើននៅពេលភ្លៀងដើមរដូវវស្សា ជាពិសេសអ្នកដែលធ្វើដំណើរតាមផ្លូវគោគ និងផ្លូវទឹក៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម