Connect with us

ព័ត៌មានជាតិ

រាជរដ្ឋាភិបាល បន្តពង្រីកឱកាសការងារ និងសន្តិសុខសង្គមសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ

បានផុស

នៅ

ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រី​ក្រសួងការងារ​និង​បណ្តុះ​បណ្តាលវិជ្ជាជីវៈ​បាន​អញ្ជើញ​ជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ក្រោម​ប្រធាន​បទ «រួមគ្នា​លើក​កម្ពស់​ការងារ​សមរម្យ​ក្នុង​បរិបទ​ឌីជីថល​សម្រាប់​អ្នក​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ» នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ នៅសណ្ឋាគារកាំបូឌីយ៉ាណា ដោយ​លោក​បានផ្តល់នូវជម្រើសឱ្យបងប្អូនកំពុងធ្វើការក្នុប្រកបមុខរបរនិងការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធទៅចុះឈ្មោះធ្វើការនៅរោងចក្រ សហគ្រាសក្នុងប្រព័ន្ធឱ្យបានជាអតិបរមា ដែលបច្ចុប្បន្នកំពុងត្រូវការកម្លាំងពលកម្មជាង ៩ម៉ឺនកន្លែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត



ថ្លែង​ក្នុង​ពិធីដែលមានអ្នកចូលរួមជាង ២៥០នាក់ ជាអាជីវករលក់ដូរតាមដងផ្លូវ កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ សង្គមស៊ីវិល សហជីព ដៃគូអភិវឌ្ឍន៍ និងក្រសួង ស្ថាប័នពាក់ព័ន្ធលោក​រដ្ឋមន្ត្រីមានប្រសាសន៍ថា ការប្រារព្ធទិវាសម្រាប់បងប្អូនកម្មករនិយោជិតក្នុងនិងក្រៅប្រព័ន្ធ គឺជាការរំលឹកនិងដាស់តឿនដល់បុគ្គល ក្រសួង-ស្ថាប័នពាក់ព័ន្ធ អ្នកធ្វើគោលនយោបាយ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិលឱ្យដឹងពីសិទ្ធិមូលដ្ឋាន ក្នុងវិស័យការងារ និងមុខរបរ ព្រមទាំងលក្ខខណ្ឌចាំបាច់ ដើម្បីធានាថាប្រជាពលរដ្ឋ ឬអ្នកធ្វើការងារទទួលបានអត្ថប្រយោជន៍សមរម្យមួយក្នុងសង្គម។ បន្ថែមពីនេះ វេទិកានេះក៏ជាការពង្រឹងកិច្ចសន្ទនាសង្គមរវាង រាជរដ្ឋាភិបាល សមាគម សហជីព និងសង្គមស៊ីវិល សំដៅផ្លាស់ប្ដូរយោបល់និងជំរុញគោលនយោបាយ ដោះស្រាយបញ្ហាប្រឈមសំខាន់ៗរបស់កម្មករនិយោជិតនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

នាឱកាសនេះ លោក​រដ្ឋមន្រ្តីបានរំលឹកប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាក្នុងពិធីអបអរខួបលើកទី១៤០ នៃទិវាពលកម្មអន្ដរជាតិនាពេលថ្មីៗនេះដែលគូសបញ្ជាក់យ៉ាងច្បាស់ថា រាជរដ្ឋាភិបាលមិនត្រឹមតែចង់ឱ្យពលរដ្ឋមានត្រឹមតែការងារនោះទេ តែផ្ទុយទៅវិញត្រូវជាការងារ ដែលអាចបង្កើនបំណិន បង្កើនសមត្ថភាពខ្លួនឯង និងជាការងារ ដែលមានផលិតភាពកាន់តែកើនប្រាក់ខែក៏កាន់តែខ្ពស់ ជីវភាពក៏កាន់តែល្អប្រសើរ និងមានប្រព័ន្ធគាំពារសង្គមរឹងមាំសម្រាប់បងប្អូនកម្មករនិយោជិតទាំងក្នុងនិងក្រៅប្រព័ន្ធ។



រាជរដ្ឋាភិបាលបានដាក់ឱ្យដំណើរការដោយជោគជ័យនូវរបបសន្តិសុខសង្គម (ប.ស.ស.) ផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធន ដែលបានក្លាយជា «សំណាញ់សុវត្ថិភាពសង្គមដ៏រឹងមាំ»សម្រាប់ជួយគាំពារកម្មករនិយោជិត។ ក្នុងខណៈពេលដែល ប.ស.ស. កំពុងអនុវត្តយ៉ាងសកម្មប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការពង្រឹងនិងពង្រីកវិសាលភាពដោយសម្រេចបានលទ្ធផលការងារគួរឱ្យកត់សម្គាល់ លោកក៏បានគូសបញ្ជាក់ថា គោលដៅរួមនាពេលនេះ គឺចង់ជួយបងប្អូនប្រកបមុខរបរនិងការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលធ្លាប់លំបាកឱ្យក្លាយទៅក្នុងប្រព័ន្ធវិញ ដើម្បីមានលទ្ធភាពទទួលបាននូវអត្ថប្រយោជន៍ដែលរាជរដ្ឋាភិបាលបានផ្តល់ជូន។

ចំពោះបងប្អូនកម្មករនិយោជិតនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅតាមសហគ្រាស សិប្បកម្មតូចៗដែលមិនទាន់បានចុះបញ្ជីនៅក្រសួង លោករដ្ឋមន្រ្តីបានលើកទឹកចិត្តឱ្យទៅចុះឈ្មោះ តាមថ្នាលឌីជីថលដែលក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា និងនវានុវត្តន៍ បាននិងកំពុងសម្រួលជូន ហើយប្រសិនបើចង់ចូលធ្វើការនៅតាមរោងចក្រ សហគ្រាស ឬចង់រៀនជំនាញបច្ចេកទេស សូមទាក់ទងទៅលេខទូរស័ព្ទ Hotline របស់ក្រសួង ១២៩៧។



បន្ថែមពីនេះ បងប្អូនដែលជាអ្នករត់ម៉ូតូកង់បីដែលចង់បានមុខរបរបន្ថែម អាចទាក់ទងទៅ វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មនៃក្រសួងការងារ ដើម្បីធ្វើការកែច្នៃដាក់ឧបករណ៍លាង និងថែទាំម៉ាស៊ីនត្រជាក់ក្នុងទិសដៅរកចំណូលបន្ថែម។ រីឯសិស្សដែលបោះបង់ការសិក្សាក៏អាចចូលរៀនកម្មវិធី TVET ១,៥លាននាក់ដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភផងដែរ។



លោករដ្ឋមន្រ្តីសង្ឃឹមយ៉ាងមុតមាំថា បងប្អូនជាសមាជិកសមាគម IDEA កម្មករនិយោជិតក្រៅប្រព័ន្ធ និងភាគីពាក់ព័ន្ធនឹងបន្តខិតខំចូលរួមចំណែកកាន់តែសកម្មបន្ថែមទៀតដល់ការរីកចម្រើននៃសេដ្ឋកិច្ចជាតិ និងអំពាវនាវឱ្យបន្តសហការគ្នាក្នុងសា្មរតីយោគយល់ខ្ពស់ជាមួយរាជរដ្ឋាភិបាលក្នុងការបំពេញការងារ ចូលរួមផ្សព្វផ្សាយគោលការណ៍ និងគោលនយោបាយនានាផងដែរ។



លោក វន់ ពៅ ប្រធានសមាគម IDEA និងលោក តាន់ វិសាល តំណាងអង្គការអុកស្វាម (Oxfam) បានកោតសរសើរចំពោះគោលនយោបាយនិងយុទ្ធសាស្រ្តជាតិរបស់រាជរដ្ឋាភិបាលសម្រាប់គាំទ្រដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងបានលើកឡើងពីតួនាទីដ៏សំខាន់របស់ពួកគាត់ដែលជា«ឆ្អឹងខ្នងនៃសេដ្ឋកិច្ច» និងពីបញ្ហាប្រឈមដូចជាហានិភ័យសុវត្ថិភាព និងសុខភាពការងារ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម