ព័ត៌មានជាតិ
ក្រសួងការងារ បន្តពង្រីកឱកាសការងារដល់ប្រជាពលរដ្ឋ តាមរយៈវេទិកាការងារ នៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តរៀបចំ «វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ» ក្រោមប្រធានបទ «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ» នៅបរិវេណសាលាស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការចូលរួមពីប្រជាពលរដ្ឋ អតីតពលករមកពីប្រទេសថៃ និងយុវជនជិត ៦០០នាក់ ដើម្បីពង្រីកឱកាសការងារ និងលើកកម្ពស់ការយល់ដឹងអំពីសន្តិសុខសង្គម និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ។

ថ្លែងក្នុងឱកាសនេះ លោក សាន គីមហុង អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍លើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋឱ្យចាប់យកឱកាសការងារក្នុងស្រុក ដែលបច្ចុប្បន្នមានជាង ៩ម៉ឺនកន្លែង ពីបណ្តាក្រុមហ៊ុន រោងចក្រ សហគ្រាសធំៗ និងតំបន់សេដ្ឋកិច្ចពិសេស។ ឯកឧត្តមបានបញ្ជាក់ថា ការចូលបម្រើការងារស្របច្បាប់ក្នុងស្រុក នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនតាមរយៈបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ដែលរួមមាន របបហានិភ័យការងារ របបថែទាំសុខភាព និងរបបសោធននិវត្តន៍ ជាមួយនឹងការគាំពារប្រហាក់ប្រហែលនឹងមន្ត្រីរាជការផងដែរ។

ជាមួយគ្នានេះ លោកអនុរដ្ឋលេខាធិការ បានក្រើនរំលឹកដល់ប្រជាពលរដ្ឋអំពីហានិភ័យនៃការធ្វើចំណាកស្រុកខុសច្បាប់ ដែលអាចប្រឈមនឹងការកេងប្រវ័ញ្ច និងខ្វះការការពារតាមផ្លូវច្បាប់។

លោកបានគូសបញ្ជាក់ថា ការបម្រើការងារក្នុងស្រុក មិនត្រឹមតែធានាបាននូវប្រាក់ចំណូលមានស្ថិរភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចរស់នៅជួបជុំ និងថែទាំក្រុមគ្រួសារបានផងដែរ។ ដោយឡែក ក្នុងករណីដែលមានបំណងទៅបម្រើការងារនៅក្រៅប្រទេស ប្រជាពលរដ្ឋត្រូវជ្រើសរើសក្រុមហ៊ុនដែលទទួលបានអាជ្ញាបណ្ណស្របច្បាប់ និងត្រូវផ្ទៀងផ្ទាត់ព័ត៌មានជាមួយអាជ្ញាធរពាក់ព័ន្ធ ឬទាក់ទងលេខទូរស័ព្ទជំនួយរហ័ស Hotline ១២៩៧ សម្រាប់សេវាផ្គូផ្គងការងារ និងលេខ ១២៨៦ សម្រាប់សេវាបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)។

ទន្ទឹមនេះ លោកក៏បានលើកទឹកចិត្តដល់យុវជនឱ្យចូលសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ តាមរយៈកម្មវិធី «TVET ១,៥ លាន» ដែលជាកម្មវិធីបណ្តុះបណ្តាលជាតិដោយឥតគិតថ្លៃ និងផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែ។ កម្មវិធីនេះផ្តល់ជូននូវជំនាញជាច្រើន រួមមាន កសិកម្ម ចិញ្ចឹមសត្វ ចិញ្ចឹមត្រី ជួសជុលម៉ាស៊ីនត្រជាក់ អគ្គិសនី សំណង់ សេវាកម្មកាហ្វេ សាឡន សម្អាងការ និងជំនាញផ្សេងៗទៀត ព្រមទាំងការធ្វើតេស្តទទួលស្គាល់ជំនាញពីមុន (RPL) ដើម្បីបង្កើនឱកាសទទួលបានការងារនិងប្រាក់ឈ្នួលសមរម្យ។

សូមបញ្ជាក់ថា វេទិកាការងារនេះ មានការចូលរួមសហការពីក្រុមហ៊ុន សហគ្រាសធំៗ ដែលបាននាំយកឱកាសការងារចំនួន ៣ ៥០០កន្លែង មកផ្តល់ជូនប្រជាពលរដ្ឋ រួមមាន ក្រុមហ៊ុន វេនធូរ៉ា លេឌើវែរ និងក្រុមហ៊ុន ថាកូ អាហ្រ្គី ៕



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


