Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីការងារ ជំរុញការពង្រឹងប្រសិទ្ធភាព ប ស ស តាមរយៈផែនការយុទ្ធសាស្ត្រ និងថវិកាឆ្នាំ២០២៧

បានផុស

នៅ

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃ ប.ស.ស. លើកទី៥ អាណត្តិទី២ នារសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្តាល ប.ស.ស. ដើម្បីពិនិត្យ ពិភាក្សា និងឯកភាពលើគម្រោងថវិកាប្រចាំឆ្នាំ២០២៧, ផែនការយុទ្ធសាស្រ្តថវិកា(៣ឆ្នាំរំកិល) ឆ្នាំ២០២៧-២០២៩, របាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាសទី១ របស់ ប.ស.ស. និងរបាយការណ៍លទ្ធផលសម្រេចបានប្រចាំត្រីមាសទី១ ក្នុងទិសដៅពង្រឹងប្រសិទ្ធភាពការងារឱ្យដំណើរការប្រកបដោយតម្លាភាពក្នុងការបម្រើផលប្រយោជន៍សមាជិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាឱកាសនោះ លោករដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិកទាំងអស់នៃ ប.ស.ស. ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញតួនាទីប្រកបដោយសាមគ្គីភាពក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដែលជួយធានាបានយ៉ាងរឹងមាំនូវនិរន្តរភាព និងគុណភាពលើការផ្តល់សេវាជូនសមាជិក ប.ស.ស. ឱ្យទទួលបានអត្ថប្រយោជន៍ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព ជាពិសេសកំណើននៃសមាជិកដែលបានចុះបញ្ជី។ លោកបានបញ្ជាក់ថា នៅពេលដែលប្រជាពលរដ្ឋទទួលបានសេវាកាន់តែប្រសើរពី ប.ស.ស. និងមានសុខភាពល្អ នោះគឺជាភាពជោគជ័យរបស់ ប.ស.ស. ក៏ដូចជារាជរដ្ឋាភិបាលក្នុងវិស័យគាំពារសង្គម។

លោករដ្ឋមន្រ្តីបានរំលេចពីចក្ខុវិស័យដ៏វែងឆ្ងាយរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាសេនាធិការរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍ និងពង្រីកវិសាលភាពរបបសន្តិសុខសង្គមតាមការវិវត្តនៃស្ថានភាពសង្គមសេដ្ឋកិច្ចដោយឈរលើគោលការណ៍សមភាព និងសមធម៌ ដើម្បីធានាឱ្យបាននូវនិរន្តរភាព ដែលស្របតាមគោលការណ៍សកល។ លោកមានប្រសាសន៍ថា ការផ្តល់សេវារបស់ ប.ស.ស. ផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធន គឺកាន់តែមានភាពទាក់ទាញ ដែលធ្វើឱ្យសាធារណជនស្រមៃចង់ទទួលបាន។ កិច្ចប្រជុំបានដំណើរការយ៉ាងរលូនជាមួយនឹងកិច្ចពិភាក្សាយ៉ាងផុសផុល ហើយបានឯកភាពគ្នាលើគម្រោងថវិកា, ផែនការយុទ្ធសាស្រ្តថវិកា និងរបាយការណ៍ហិរញ្ញវត្ថុខាងលើ។

លោក ហេង សួរ បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ ប.ស.ស. ក្នុងការរៀបចំឯកសារដ៏មានសារៈសំខាន់ទាំងនេះ ដែលជាជំហានមួយដ៏ប្រសើរស្របតាមនីតិវិធីដែលមានចែង និងបានលើកទឹកចិត្តអង្គប្រជុំសូមឱ្យបន្តបេសកកម្មដ៏ចាំបាច់ក្នុងនាមជាសមាជិក និងសមាជិកាក្រុមប្រឹក្សាភិបាល ដើម្បីសម្រេចគោលដៅដែលបានរំពឹងទុក។

ទន្ទឹមនឹងនេះ តំណាងនិយោជក និងកម្មករនិយោជិត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ប.ស.ស. ដែលបានរៀបចំផែនការយុទ្ធសាស្រ្តថវិកា និងរបាយការណ៍ដ៏មានសារៈសំខាន់ទាំងនេះឡើង ព្រមទាំងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចំពោះការសម្របសម្រួល និងការជំរុញកិច្ចគាំពារសង្គមឱ្យកាន់តែមានប្រសិទ្ធភាព៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម