ព័ត៌មានជាតិ
ក្រសួងការងារ បង្ហាញ «កញ្ចប់ស្តង់ដារជាតិមុខរបរ» ចំនួន ១៦ ដែលទទួលបានពីប្រទេសចិន ដើម្បីពង្រឹងគុណភាពបណ្តុះបណ្តាលវិជ្ជាជីវៈ
ក្រោយពីប្រទេសចិន តាមរយៈស្ថានទូតប្រចាំនៅកម្ពុជា បានផ្តល់សៀវភៅ «កញ្ចប់ស្តង់ដារជាតិមុខរបររបស់ប្រទេសចិន» ក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបង្ហាញសាធារណជនឲ្យស្គាល់ពីសៀវភៅចំនួន ១៦ មុខរបរ ដើម្បីគាំទ្រដល់ការពង្រឹងស្តង់ដារជំនាញវិជ្ជាជីវៈ និង ការអភិវឌ្ឍប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និង វិជ្ជាជីវៈ (TVET) ឲ្យកាន់តែមានគុណភាព និង ស្របតាមតម្រូវការទីផ្សារការងារ និង មានលក្ខណៈស្តង់ដារអន្តរជាតិ។

លោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានប្រគល់សៀវភៅ «កញ្ចប់ស្តង់ដារជាតិមុខរបររបស់ប្រទេសចិន» ជូន លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីបង្ហាញពីចំណងមិត្តភាពយ៉ាងស្អិតល្មួតរវាងកម្ពុជា-ចិន កាលពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២៦។

សៀវភៅទាំង ១៦ មុខជំនាញ រួមមាន ៖ ទី១.សៀភៅកត់ត្រាពីជំនាញការងាររៀបឥដ្ឋ , ទី២.ការកែច្នៃ និង ដំឡើងដែកសរសៃសម្រាប់សំណង់ , ទី៣.ការសាងសង់ផ្លូវថ្នល់ , ទី៤.ការសាងសង់ស្ពាន និង ផ្លូវទូនែល (ឬផ្លូវក្រោមដី), ទី៥.ការកែច្នៃគ្រឿងបន្លាស់ដោយម៉ាស៊ីនហ្វ្រែស , ទី៦.ការកែច្នៃគ្រឿងបន្លាស់ដោយម៉ាស៊ីនក្រឡឹង , ទី៧.ការដំឡើងប្រព័ន្ធអ៊ីនធឺណិត , ទី៨.ការដំឡើង និង ថែទាំបណ្តាញខ្សែកាបទូរគមនាគមន៍ , ទី៩.ការដំឡើង និង ថែទាំជណ្តើរយន្តប្រភេទបន្ទប់យោង និង កាំជណ្តើរ , ទី១០.ការដំឡើង និង ថែទាំប្រព័ន្ធទូរទឹកកក និង ម៉ាស៊ីនត្រដាក់ , ទី១១.ការថែទាំគ្រឿង និង បរិក្ខារអេឡិចត្រូនិកក្នុងគេហដ្ឋាន , ទី១២.ការដំឡើង និង ថែទាំអគ្គិសនី និង ប្រព័ន្ធអេឡិចត្រូនិក , ទី១៣.ការថែទាំ និង ជួសជុលទោចក្រយានយន្ត(ម៉ូតូ) , ទី១៤.ការថែទាំរថយន្ត , ទី១៥.ការដំឡើង និង ថែទាំប្រព័ន្ធទាញយកថាមពលពន្លឺព្រះអាទិត្យ និង ទី១៦.សេវាកម្មការងារក្នុងគេហដ្ឋាន(សេវាកម្មមេផ្ទះ)។

សៀវភៅនេះ បានកត់ត្រាយ៉ាងលម្អិតពីជំនាញ និង ការវាយតម្លៃមុខរបរជាច្រើន ដោយត្រូវបានបែងចែកជាប្រភេទ និង កម្រិតជំនាញផ្សេងៗ គ្នា ហើយវាពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការចូលរួមពង្រឹងស្តង់ដារជាតិសម្រាប់ទីផ្សារការងារនៅកម្ពុជា។ សៀវភៅនេះ ក៏ជាផែនទីថ្មីសម្រាប់ធ្វើកំណែទម្រង់ស៊ីជម្រៅក្នុងការអប់រំបណ្ដុះបណ្ដាលវិជ្ជាជីវៈ និង បច្ចេកទេស នៅកម្ពុជា។

បើតាមអ្នកនាំពាក្យក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ស៊ុន មេសា បានថ្លែងថា សៀវភៅដែលទទួលបានពីប្រទេសចិននេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការធ្វើកំណែទម្រង់លើមុខជំនាញដែលយកមកបណ្ដុះបណ្ដាលបច្ចេកទេស និង វិជ្ជាជីវៈ ដល់ប្រជាពលរដ្ឋ និង យុវជនកម្ពុជា។

លោកបន្តថា នាពេលខាងមុខនេះ យុវជនកម្ពុជា នឹងមានជំនាញច្បាស់លាស់ មានស្ដង់ដារ និង គុណភាពប្រហាក់ប្រហែលនឹងប្រទេសចិនដែរ ដើម្បីចូលរួមប្រឡូកក្នុងវិស័យការងារនៅកម្ពុជា និង ក្នុងតំបន់។ ជាពិសេសវាជាការត្រៀមខ្លួនរបស់កម្ពុជាសម្រាប់ទទួលយកក្រុមហ៊ុនបច្ចេកវិទ្យាថ្មីៗ ដែលមានគម្រោងវិនិយោគនៅកម្ពុជា។

លោកបានបញ្ជាក់ថា «ក្នុងនាម ក្រសួងការងារ គឺសូមថ្លែងអំណរគុណចំពោះមិត្តចិនដែលបានបរិច្ចាគសៀវភៅដ៏មានតម្លៃមកដល់ក្រសួង ហើយយើងនឹងយកមកប្រើប្រាស់សម្រាប់បំពេញបន្ថែមនូវចំណុចខ្វះចន្លោះរបស់យើង ក៏ដូចជាធ្វើបច្ចុប្បន្នភាពមុខជំនាញឲ្យស្របទៅតាមទីផ្សារការងារ និង ការប្រែប្រួលបច្ចេកវិទ្យាជាសកលផងដែរ»។

គួររំឭកថា ក្រសួងធនធានមនុស្ស និង សន្តិសុខសង្គម នៃប្រទេសចិន បានបោះពុម្ពផ្សាយសៀវភៅ «ស្តង់ដារជាតិមុខរបររបស់ប្រទេសចិន» ដែលមានការចូលរួមចងក្រងពីអ្នកជំនាញខាងវិស័យការងារមកពីស្ថាប័នរដ្ឋចិនជាង ៥០ ដោយផ្ដោតសំខាន់យ៉ាងលម្អិតពីការរៀបចំមុខជំនាញ និង ការវាយតម្លៃមុខរបរជាច្រើន ដោយត្រូវបានបែងចែកជាប្រភេទទៅតាមលំដាប់លំដោយ និង កម្រិតជំនាញផ្សេងៗ គ្នា យ៉ាងច្បាស់លាស់៕



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


