Connect with us

ព័ត៌មានជាតិ

ក្រសួងការងារ នាំយកឱកាសការងារជាង ៥ ពាន់កន្លែង និង ការបណ្តុះបណ្តាលជំនាញបច្ចេកទេស ជូនដល់អតីតពលករ យុវជន ក្នុងស្រុកគូលែន ខេត្តព្រះវិហារ

បានផុស

នៅ

កាលពីព្រឹកថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២៦ វេទិកាការងារ សន្តិសុខសង្គម និង បណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមប្រធានបទ «ខ្មែរជួយរកការងារ និង ផ្ដល់ការងារឲ្យខ្មែរ» ត្រូវបានរៀបចំឡើងនៅបរិវេណសាលាស្រុកគូលែន ខេត្តព្រះវិហារ ក្នុងគោលបំណងផ្តល់ «ឱកាសពិសេស» ដល់ប្រជាពលរដ្ឋ ជាពិសេសអតីតពលករវិលត្រឡប់ពីប្រទេសថៃ និង យុវជនក្នុងមូលដ្ឋាន ឲ្យទទួលបាននូវការងារសមរម្យ ការបណ្តុះបណ្តាលវិជ្ជាជីវៈ និង ការស្នាក់នៅដោយឥតគិតថ្លៃ ព្រមទាំងឱកាសការងារនៅក្រៅប្រទេសប្រកបដោយសុវត្ថិភាព និង ប្រាក់ចំណូលខ្ពស់។ ពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់អ្នកពាក់ព័ន្ធ និង ប្រជាពលរដ្ឋ ព្រមទាំងយុវជនប្រមាណជិត ៧០០ នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក យឹម ស៊ីណន រដ្ឋលេខាធិការ ​តំណាងដ៏ខ្ពង់ខ្ពស់របស់ ​លោក ហេង សួរ​ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា នៅក្នុងវេទិកាការងារ នាស្រុកគូលែន នេះ មានតំណាងរោងចក្រ និង សហគ្រាសធំៗ ចំនួន ៣ បានចុះមកជ្រើសរើសបុគ្គលិកដោយផ្ទាល់នូវកម្លាំងពលកម្មសរុបជាង ៥ ០០០ កន្លែង ក្នុងចំណោមឱកាសការងារសរុបទូទាំងប្រទេសដែលមានរហូតដល់ជាង ៩ ម៉ឺនកន្លែង។

ជាមួយគ្នានេះ លោកបានលើកយកនូវចំណុចប្រៀបធៀបយ៉ាងក្បោះក្បាយរវាងការងារក្នុងស្រុក និង ការងារនៅប្រទេសថៃ ដោយបានពន្យល់ថា ការចេញទៅធ្វើការនៅប្រទេសថៃអាចប្រឈមនឹងហានិភ័យខ្ពស់ផ្នែកសុវត្ថិភាព ការកេងប្រវ័ញ្ចកម្លាំងពលកម្ម ការរើសអើង អំពើហិង្សា ការរស់នៅឆ្ងាយពីក្រុមគ្រួសារ និង កង្វះការគាំពារសុខភាពទាំងបច្ចុប្បន្ន និង អនាគត។ ដោយឡែក សម្រាប់ការងារក្នុងស្រុកវិញ ក្រៅពីជាគ្រឹះដ៏រឹងមាំសម្រាប់សេដ្ឋកិច្ចគ្រួសារ និង ការរស់នៅជួបជុំគ្នាយ៉ាងកក់ក្តៅ កម្មករ-និយោជិត នឹងទទួលបាននូវរបបសន្តិសុខសង្គម (ប.ស.ស) ដែលផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ ចាប់តាំងពីថ្ងៃចូលធ្វើការ រួមមាន ៖ ការគាំពារផ្នែកហានិភ័យការងារ សេវាថែទាំសុខភាពដោយឥតគិតថ្លៃ និង របបប្រាក់សោធន (ប្រាក់ចូលនិវត្តន៍) ដូចមន្ត្រីរាជការដែរ ដែលជួយសម្រាលបន្ទុកគ្រួសារ និង ធានាបាននូវជីវភាពសមរម្យនៅវ័យជរា។ លោកបានរំលេចថា ការមានបណ្ណ ប.ស.ស នឹងលើកទឹកចិត្តឲ្យកម្មករ-និយោជិត ទៅពិនិត្យសុខភាពបានទៀងទាត់ ដែលជាកត្តាជួយឲ្យសុខភាពកាន់តែប្រសើរ និង បង្ការជំងឺធ្ងន់ធ្ងរបានទាន់ពេលវេលា។

បន្ថែមពីលើនេះ លោករដ្ឋលេខាធិការ ក៏បានលើកទឹកចិត្តដល់អតីតពលករ​ត្រឡប់មកពីប្រទេសថៃ ឲ្យងាកមកសាកល្បងចាប់យកឱកាសការងារក្នុងស្រុកដែលកំពុងផ្តល់ជូននេះ ដើម្បីមានប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារជាបណ្តោះអាសន្ន ឬ អាចសម្រេចចិត្តដាក់ពាក្យទៅធ្វើការនៅប្រទេសផ្សេងៗ ដែលមានប្រាក់ខែខ្ពស់ និង មានសុវត្ថិភាពជាង ដូចជា នៅប្រទេសជប៉ុន កូរ៉េ សិង្ហបុរី ឬ អ៊ីស្រាអែល ជាដើម។ លោកបានរំឭកថា ចំណុចនេះមានសារៈសំខាន់ណាស់ ជាពិសេសសម្រាប់ពលរដ្ឋក្នុងខេត្តព្រះវិហារ ដែលធ្លាប់ទទួលរងការខូចខាតយ៉ាងធ្ងន់ធ្ងរពីសង្រ្គាមឈ្លានពានរបស់ភាគីថៃនាពេលកន្លងមក។

ក្នុងករណីដែលយុវជន ឬ អតីតពលករមិនមានបំណងធ្វើការតាមរោងចក្រ ឬ ចេញទៅក្រៅប្រទេស លោកបានណែនាំឲ្យជ្រើសរើសយកការបណ្តុះបណ្តាលជំនាញបច្ចេកទេស និង វិជ្ជាជីវៈ (TVET ១,៥ លាននាក់) ដែលជាកម្មវិធីសិក្សាដោយឥតបង់ថ្លៃ និង ទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែទៀតផង។ ជំនាញទាំងនោះរួមមាន ៖ ផ្នែកសំណង់ ជួសជុលគ្រឿងម៉ាស៊ីន គ្រឿងអគ្គិសនី ម៉ាស៊ីនត្រជាក់ ការដុតនំ និង ឆុងកាហ្វេជាដើម ដើម្បីយកទៅបង្កើតមុខរបរផ្ទាល់ខ្លួន។ លោកបានសង្កត់ធ្ងន់ថា «ការមានជំនាញពិតប្រាកដ គឺជាគ្រឹះដ៏រឹងមាំក្នុងការបង្កើនប្រាក់ចំណូល និង លើកកម្ពស់សេដ្ឋកិច្ចគ្រួសារឲ្យកាន់តែប្រសើរឡើង»។

ទន្ទឹមនឹងនេះ លោករដ្ឋលេខាធិការ បានជំរុញឲ្យប្រជាពលរដ្ឋកត់ត្រា និង ចងចាំលេខទូរស័ព្ទ Hotline ១២៩៧ របស់ក្រសួងការងារ សម្រាប់ប្រើប្រាស់ក្នុងការចុះឈ្មោះរកការងារ ឬ សាកសួរព័ត៌មានផ្សេងៗ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម