Connect with us

ព័ត៌មានជាតិ

ក្រសួងការងារ បើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ និង លើកទិសដៅអនុវត្តបន្តរបស់គណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ

បានផុស

នៅ

លោកស្រី សួស រដ្ឋាវី រដ្ឋលេខាធិការ និងជាអនុប្រធានគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ តំណាងដ៏ខ្ពង់ខ្ពស់ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាប្រធានគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ និង លើកទិសដៅអនុវត្តបន្តរបស់គណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ កាលពីព្រឹកថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២៦ នៅទីស្ដីការក្រសួង ដើម្បីពិនិត្យពិភាក្សា និង អនុម័តលើសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាព នៃការអនុវត្តផែនការសកម្មភាពជាតិស្តីពីការកាត់បន្ថយពលកម្មកុមារ និង ការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុត នៃពលកម្មកុមារ ឆ្នាំ ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាឱកាសនោះ លោកស្រី បានកោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ ក្រសួង ស្ថាប័នពាក់ព័ន្ធ គណៈកម្មការប្រឆាំងពលកម្មកុមារ រាជធានី-ខេត្ត ដៃគូអភិវឌ្ឍន៍ជាតិ-អន្តរជាតិ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានសហការគ្នាយ៉ាងជិតស្និទ្ធ ក្នុងការកាត់បន្ថយពលកម្មកុមារ ប្រឆាំងរាល់ទម្រង់ នៃការកេងប្រវ័ញ្ចពលកម្មកុមារ និង កិច្ចខិតខំប្រឹងប្រែងឈានទៅការបញ្ចប់ពលកម្មកុមារ ស្របតាមគោលដៅអភិវឌ្ឍន៍សកល និង ផែនទីបង្ហាញផ្លូវអាស៊ានផងដែរ។

លោកស្រី គូសបញ្ជាក់ថា សមិទ្ធផល និង វឌ្ឍនភាពគួរឲ្យកត់សម្គាល់ទាំងអស់ គឺជាសក្ខីភាពបង្ហាញពីឆន្ទៈនយោបាយ និង ការប្តេជ្ញាចិត្តដ៏មុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដឹកនាំ និង ជំរុញការបញ្ចប់ទម្រង់ធ្ងន់ធ្ងរ នៃពលកម្មកុមារ។ ជោគជ័យទាំងនេះ ក៏ឆ្លុះបញ្ចាំងពីកិច្ចសហការយ៉ាងជិតស្និទ្ធ និង ការចូលរួមប្រកបដោយការទទួលខុសត្រូវពីក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ អង្គការជាតិ និង អន្តរជាតិ ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ ក្នុងការរួមគ្នាសម្រេចបាននូវគោលដៅរួម គឺការបញ្ចប់ទម្រង់ធ្ងន់ធ្ងរ នៃពលកម្មកុមារនៅកម្ពុជា។ របាយការណ៍វឌ្ឍនភាពនេះ ក៏នឹងក្លាយជាមូលដ្ឋាន នៃការពិចារណាក្នុងការសម្រេចចិត្ត រៀបចំយុទ្ធសាស្ត្រ ផែនការសកម្មភាព និង ការបែងចែកធនធានសម្រាប់អនុវត្តបានចំគោលដៅ និង ការផ្លាស់ប្តូរជាវិជ្ជមានក្នុងការដោះស្រាយនូវរាល់បញ្ហាប្រឈមនានាផងដែរ។

ទន្ទឹមនឹងនេះ លោកស្រី បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានកំពុងអនុវត្តយ៉ាងយកចិត្តទុកដាក់ខ្ពស់ ប្រកបដោយចក្ខុវិស័យច្បាស់លាស់ក្នុងការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរ នៃពលកម្មកុមារ ស្របតាមអនុសញ្ញាស្តីពីសិទ្ធិកុមារ អនុសញ្ញាស្នូលរបស់អង្គការអន្តរជាតិខាងការងារ (ILO) ក៏ដូចជាធានាធ្វើយ៉ាងណាឲ្យកុមារ ក្រុមគ្រួសារ និង សហគមន៍ទទួលបានគុណភាព និង គុណតម្លៃ នៃការរស់នៅក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ សមភាព និង សុវត្ថិភាព ស្របតាមរដ្ឋធម្មនុញ្ញ និង គោលការណ៍នីតិរដ្ឋ។ រាជរដ្ឋាភិបាល នៅតែបន្តប្តេជ្ញាចិត្តក្នុងការពង្រឹងការអនុវត្តច្បាប់ការងារ គោលនយោបាយ «មិនអត់ឱនចំពោះពលកម្មកុមារ និង ពលកម្មដោយបង្ខំ» លើកកម្ពស់ជំនាញ និង ការងារសមរម្យសម្រាប់យុវជន សំដៅឈានទៅលុបបំបាត់ពលកម្មកុមារ ឲ្យធ្លាក់មកកម្រិតអប្បបរមា និង ឆ្ពោះទៅរកអត្រាសូន្យ ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និង ការគោរពសិទ្ធិកុមារជាសកល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម