ព័ត៌មានជាតិ
សិស្សទី១២ មកពីវិទ្យាល័យ៣ ក្នុងខេត្តស្វាយរៀង ទទួលបានការតម្រង់ទិសអាហារូបករណ៍ និងជំនាញសិក្សា
សាកលវិទ្យាល័យស្វាយរៀង បានរៀបចំពិធីផ្សព្វផ្សាយព័ត៌មាន និងតម្រង់ទិសស្តីពី «អាហារូបករណ៍ និងការជ្រើសរើសមុខជំនាញ» ជូនដល់ប្អូនៗសិស្សានុសិស្សថ្នាក់ទី១២ មកពីវិទ្យាល័យចំនួន៣ ក្នុងខេត្តស្វាយរៀង រួមមាន វិទ្យាល័យស្វាយរៀង, វិទ្យាល័យហ៊ុនសែន ចេក និងវិទ្យាល័យហ៊ុនសែន ស្វាយជ្រំ។

កម្មវិធីនេះ ត្រូវបានប្រារព្ធឡើងកាលពីរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ នៅក្នុងសាលប្រជុំនៃសាកលវិទ្យាល័យស្វាយរៀង ដោយមានការអញ្ជើញចូលរួមពីបណ្ឌិត សោម រតនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា, លោក ញ៉ែម សារី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់អភិបាលខេត្តស្វាយរៀង, សាស្ត្រាចារ្យ ទុំ សារាវុធ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សសរុបជាង ៦០០នាក់។
សាស្ត្រាចារ្យ ទុំ សារាវុធ សាកលវិទ្យាធិការ បានថ្លែងមតិស្វាគមន៍ និងធ្វើបទបង្ហាញសង្ខេបអំពីការអភិវឌ្ឍន៍ រចនាសម្ព័ន្ធ ក៏ដូចជាសក្តានុពលនៃមុខជំនាញនីមួយៗនៅក្នុងសាកលវិទ្យាល័យស្វាយរៀង ដើម្បីជាមូលដ្ឋានគ្រឹះដល់សិស្សានុសិស្សក្នុងការស្វែងយល់។

ជាមួយគ្នានេះ លោក ញ៉ែម សារី អភិបាលរងខេត្ត បានថ្លែងចំណាប់អារម្មណ៍ និងការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់រដ្ឋបាលខេត្ត ចំពោះកម្មវិធីតម្រង់ទិសនេះ ដែលជាស្ពានចម្លងដ៏សំខាន់សម្រាប់យុវជនក្នុងខេត្ត។ លោកបានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការកំណត់គោលដៅជីវិត ការត្រៀមខ្លួនសម្រាប់រៀនបន្តនៅឧត្តមសិក្សា និងការស្វែងយល់ពីឱកាសទទួលបានអាហារូបករណ៍ផ្សេងៗ។
នៅក្នុងឱកាសដ៏មានអត្ថន័យនោះ បណ្ឌិត សោម រតនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានផ្តល់កិត្តិយសឡើងថ្លែងសន្ទរកថា និងសំណេះសំណាលយ៉ាងជិតស្និទ្ធជាមួយប្អូនៗសិស្សានុសិស្ស។ លោក បានណែនាំឱ្យប្អូនៗចេះវិភាគពីសមត្ថភាព ចំណង់ចំណូលចិត្តរបស់ខ្លួនឯង ផ្សារភ្ជាប់ទៅនឹងតម្រូវការទីផ្សារការងារជាក់ស្តែង ទាំងក្នុងតំបន់ និងទូទាំងប្រទេស ដើម្បីធានាថាការជ្រើសរើសមុខជំនាញសិក្សានៅមហាវិទ្យាល័យ ចំទិសដៅត្រឹមត្រូវ និងទទួលបានជោគជ័យក្នុងអាជីពការងារនាពេលអនាគត។
កម្មវិធីក៏បានបើកវេទិកាដេញដោលសួរ-ឆ្លើយ យ៉ាងផុសផុល ដោយអនុញ្ញាតឱ្យសិស្សានុសិស្សលើកឡើងនូវរាល់ចម្ងល់ មន្ទិលសង្ស័យជុំវិញការរៀបចំខ្លួនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) វិធីសាស្ត្រជ្រើសរើសដេប៉ាតឺម៉ង់ និងលក្ខខណ្ឌនៃការដាក់ពាក្យសុំអាហារូបករណ៍ ដែលឆ្លើយតប និងបកស្រាយដោយផ្ទាល់ពីសំណាក់ថ្នាក់ដឹកនាំ និងវាគ្មិនជំនាញៗ។
ពិធីតម្រង់ទិសទាំងមូលបានបញ្ចប់ទៅក្រោមបរិយាកាសស្និទ្ធស្នាល រីករាយ និងទទួលបានផ្លែផ្កាយ៉ាងត្រចះត្រចង់ ដែលបានផ្តល់នូវពន្លឺ ព្រមទាំងយុទ្ធសាស្ត្រថ្មីៗជូនដល់បេក្ខជនខិតខំប្រឹងប្រែងរៀនសូត្រ និងត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការឈានជើងចូលក្នុងរបងសាកលវិទ្យាល័យ ក្នុងនាមជាទំពាំងស្នងឫស្សីដ៏មានសក្តានុពលសម្រាប់ជាតិមាតុភូមិ៕
ដោយ: ភក្ដី






-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៦ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


