Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តស្វាយរៀង ស្នើ ទូតកូរ៉េ ជំរុញអ្នកវិនិយោគមកបណ្តាក់ទុនបន្ថែម ដើម្បីបង្កើតការងារ និង លើកកម្ពស់ជីវភាពពលរដ្ឋកម្ពុជា

បានផុស

នៅ

អភិបាលខេត្តស្វាយរៀង ស្នើ ឯកអគ្គរដ្ឋទូតកូរ៉េ លើការពង្រឹងពង្រីកភាពជាដៃគូវិនិយោគពីប្រទេសកូរ៉េបន្ថែមទៀត មកបណ្តាក់ទុនវិនិយោគនៅលើទឹកដីខេត្តស្វាយរៀង ដើម្បីចូលរួមលើកកម្ពស់ជីវភាព និង ផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការស្នើនេះក្នុងឱកាស លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានអនុញ្ញាតឲ្យ លោក គីម ឆាងយ៉ូង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និង ពិភាក្សាការងារ នៅសាលប្រជុំសាលាខេត្ត នាថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៦ នេះ។

ជំនួបនេះ មានការអញ្ជើញចូលរួមពីប្រតិភូអមដំណើរ លោកឯកអគ្គរដ្ឋទូតស្ថានទូតកូរ៉េប្រចាំកម្ពុជា លោកអភិបាលរងខេត្ត លោកស្រីនាយករងរដ្ឋបាលសាលាខេត្ត លោកស្នងការ ស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកអនុប្រធានមន្ទីរការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត លោកអភិបាលក្រុងបាវិត លោកប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វាព្រំដែនអន្តរជាតិបាវិត ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

 

មានប្រសាសន៍ទៅកាន់ លោក គីម ឆាងយ៉ូង , លោកអភិបាលខេត្ត បានជម្រាបជូនអំពីទីតាំងភូមិសាស្ត្រ និង សក្តានុពលសំខាន់ៗ ដែលរដ្ឋបាលខេត្តសម្រេចបាន ព្រមទាំងបានសម្តែងនូវការស្វាគមន៍ និង ថ្លែងអំណរគុណចំពោះដំណើរបំពេញទស្សនកិច្ចនៅខេត្តស្វាយរៀង នាឱកាសនេះ ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការការងាររវាងខេត្តស្វាយរៀង និង ប្រទេសកូរ៉េ។ ក្នុងនោះ លោកអភិបាលខេត្ត បានជម្រាបជូនអំពីកិច្ចការងារក្នុងការអនុវត្តនូវបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្នុងការចូលរួមសហការបង្ក្រាបបទល្មើស Online Scams នៅតាមទីតាំង និង មូលដ្ឋាននានា ឲ្យដល់ឫសគល់ នៅក្នុងខេត្តផងដែរ។

លោកអភិបាលខេត្តស្វាយរៀង ក៏បានស្នើដល់ លោកឯកអគ្គរដ្ឋទូតកូរ៉េ លើការពង្រឹងពង្រីកភាពជាដៃគូវិនិយោគមកពីប្រទេសកូរ៉េបន្ថែមទៀត មកបណ្តាក់ទុនវិនិយោគនៅលើទឹកដីខេត្តស្វាយរៀង ដើម្បីចូលរួមលើកកម្ពស់ជីវភាព ក៏ដូចជាផ្តល់ឱកាសការងារជូនដល់ប្រជាពលរដ្ឋកម្ពុជា។ ក្នុងនោះ កន្លងមក អង្គការដៃគូនានា មកពីកូរ៉េ ក៏បាននាំមកនូវជំនួយផ្សេងៗ ជួយដល់ខេត្តស្វាយរៀង ជាបន្តបន្ទាប់ថែមទៀតផង។

ក្នុងនាមរដ្ឋបាលខេត្ត លោកតែងតែយកចិត្តទុកដាក់ក្នុងការការពារថែរក្សាសន្តិសុខ សុវត្ថិភាព ជូនដល់ដៃគូវិនិយោគទាំងអស់ដែលមានវត្តមាននៅខេត្តស្វាយរៀងផងដែរ៕
អត្ថបទ ៖ ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម