ព័ត៌មានជាតិ
សម្តេច ម៉ែន សំអន ស្នើ ក្រុមការងារគ្រប់ជាន់ថ្នាក់ យកចិត្តទុកដាក់ជាអាទិភាពលើការងារចំនួន ៩ បន្ថែមទៀត ដើម្បីបម្រើពលរដ្ឋតាមមូលដ្ឋាន
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តស្វាយរៀង បានស្នើដល់ក្រុមការងារគ្រប់ជាន់ថ្នាក់ យកចិត្តទុកដាក់ជាអាទិភាពលើការងារចំនួន ៩ បន្ថែមទៀត ដើម្បីបម្រើពលរដ្ឋតាមមូលដ្ឋាននីមួយៗ។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី ៦ ឆ្នាំ ២០២៧ និង បូកសរុបលទ្ធផលការងារឆមាសទី ១ និង លើកទិសដៅអនុវត្តបន្តឆមាសទី ២ ឆ្នាំ ២០២៦ របស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង កាលពីថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០២៦។

សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងនូវការកោតសរសើរ និង អរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក លោកស្រី ក្រុមការងារគណបក្ស គណៈកម្មាធិការគណបក្សគ្រប់ថ្នាក់ ដែលជានិច្ចកាលបានយកចិត្តទុកដាក់ទ្វេដងក្នុងការចូលរួមគ្រប់សកម្មភាពនៅតាមមូលដ្ឋាននីមួយៗ ធ្វើឲ្យខេត្តស្វាយរៀងមានការរីកចម្រើនលើគ្រប់វិស័យ និង នៅតែជាខេត្តមួយរឹងមាំជានិច្ច។

ជាមួយគ្នានេះ សម្ដេច ម៉ែន សំអន បានស្នើដល់អង្គប្រជុំយកចិត្តទុកដាក់ជាអាទិភាពលើការងារមួយចំនួនបន្ថែមទៀតដូចខាងក្រោម ៖ ១-មន្ត្រីគណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែក ត្រូវរួមសហការគ្នាខិតខំអនុវត្ត និង សម្រេចបានតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ទាំង ១២ ចំណុច របស់ សម្តេចតេជោ ប្រធានគណបក្ស ក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និង ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានា ជុំវិញខេត្តស្វាយរៀង ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២៦។ ២-បន្តពង្រឹងការអនុវត្ត“គោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព” និង បទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ក្នុងការបង្ក្រាបបណ្តាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (អនឡាញស្គម) ដែលត្រូវដើរទន្ទឹមនឹងការបោសសម្អាត និង បង្ក្រាបមន្ត្រីដែលជាប់ពាក់ព័ន្ធ។ ការងារនេះ អាជ្ញាធរមូលដ្ឋាន ត្រូវបង្ក្រាបឲ្យទាល់តែអស់ជាដាច់ខាត ព្រោះនេះជាមុខមាត់របស់ប្រទេសជាតិ។ ៣-ក្រុមការងារគណបក្ស គណៈកម្មាធិការគណបក្ស អង្គការមហាជនគណបក្ស និង មន្ត្រីគណបក្ស ពាក់ព័ន្ធគ្រប់ថ្នាក់ ត្រូវបង្កើនសកម្មភាពចិញ្ចឹមចលនានៅក្នុងមូលដ្ឋានឃុំ សង្កាត់ ដែលខ្លួនទទួលខុសត្រូវ ដោយមានកម្មវិធីច្បាស់លាស់សម្រាប់ចុះផ្ទាល់ជាមួយសមាជិកគណបក្ស និង ប្រជាពលរដ្ឋ នៅតាមភូមិនីមួយៗ ក្រុម និង តាមខ្នងផ្ទះ ដើម្បីពង្រឹងជំនឿលើគណបក្ស ពង្រឹងការគាំទ្រគណបក្ស និង ទៅបោះឆ្នោតជូនគណបក្ស។ ៤-បន្តជំរុញការកសាងកម្លាំងពិតរបស់គណបក្សទាំងខាងបរិមាណ និង គុណភាព។ ៥-យោងតាមស្មារតី នៃផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី ៦ របស់គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល , ក្រុមការងារ និង គណៈកម្មាធិការគណបក្សគ្រប់ថ្នាក់ ត្រូវពិនិត្យកែសម្រួល ឬ ចាត់តាំងជាថ្មីឡើងវិញ នូវគណៈបញ្ជាការយុទ្ធនាការបោះឆ្នោតគ្រប់ថ្នាក់ ឲ្យបានសមស្របជាមួយនឹងសភាពការណ៍ជាក់ស្តែង និង ឲ្យបានរួចរាល់នៅត្រឹមបំណាច់ឆ្នាំ ២០២៦។ ៦-ក្រុមការងារ និង គណៈកម្មាធិការគណបក្សក្រុង ស្រុក ត្រូវបន្តជួយជ្រោមជ្រែងឧបត្ថម្ភគាំទ្រដល់ គណៈកម្មាធិការគណបក្សឃុំ សង្កាត់នីមួយៗ ក្នុងការរៀបចំសេចក្តីព្រាងឯកសារសំខាន់ ២ ឲ្យបានមុនសន្និបាតគណបក្សឃុំ សង្កាត់ រួមមាន ៖ ១) របាយការណ៍បូកសរុបវាយតម្លៃអំពីសមិទ្ធផល បញ្ហាប្រឈម និង សតិអារម្មណ៍ប្រជាពលរដ្ឋ ក្នុងការអនុវត្តគោលនយោបាយរបស់គណបក្សសម្រាប់អភិវឌ្ឍន៍ឃុំ សង្កាត់ ពីឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៧ និង ២)គោលនយោបាយរបស់គណបក្សសម្រាប់អភិវឌ្ឍន៍ឃុំ សង្កាត់ ពីឆ្នាំ ២០២៧ ដល់ឆ្នាំ ២០៣២។ ៧-អំពីការរៀបចំបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ជាការងារសំខាន់ ទោះបីប្រព័ន្ធបោះឆ្នោតតាមប្រព័ន្ធ សមាមាត្រក៏ពិតមែន ប៉ុន្តែអ្នកបោះឆ្នោតគាត់ពិនិត្យពិចារណា ថាតើបេក្ខជនណាខ្លះដែលគាត់ទុកចិត្តជាងគេ និងជាអ្នកបម្រើប្រជាជននៅមូលដ្ឋាន។ ៨-ក្រុមការងារ និង គណបក្សគ្រប់ថ្នាក់ ត្រូវត្រៀមរៀបចំសន្និបាតគណបក្សឃុំ សង្កាត់ ឲ្យបានរួចរាល់ យ៉ាងយូរត្រឹមសប្តាហ៍ទី ៣ ខែមករា ឆ្នាំ ២០២៧ តាមការណែនាំក្នុងផែនការសកម្មភាពរបស់គណបក្សខេត្ត។ ៩-ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២៦ ជាខួបលើកទី ៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា , យោងតាមការណែនាំរបស់គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល , ឆ្នាំនេះ គ្រប់ថ្នាក់មិនចាំបាច់រៀបចំ ពិធីមិទ្ទិញអបអរសាទរខួបលើកទី ៧៥ នៃថ្ងៃបង្កើតគណបក្សឡើយ៕
អត្ថបទ ៖ វិមាន




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


