Connect with us

ព័ត៌មានជាតិ

កុមារីម្នាក់ មានជំងឺរលាកស្រោមពោះគុំខ្ទុះធ្ងន់ធ្ងរ ត្រូវបានមន្ទីរពេទ្យគន្ធបុប្ផា សង្គ្រោះជីវិតដោយជោគជ័យ

បានផុស

នៅ

កុមារីម្នាក់ មានជំងឺរលាកស្រោមពោះគុំខ្ទុះធ្ងន់ធ្ងរ និងស្ថិតក្នុងស្ថានភាពឆ្លងមេរោគក្នុងឈាម ត្រូវបានក្រុមគ្រូពេទ្យឯកទេសវះកាត់ និងសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យគន្ធបុប្ផា ជួយសង្គ្រោះជីវិត និងបានត្រឡាប់ទៅផ្ទះវិញហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈទំព័រហ្វេសប៊ុក Dr. Beat Richner នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ បានឱ្យដឹងថា កុមារីអាយុ ១៣ឆ្នាំ មកពីខេត្តស្វាយរៀង មានជំងឺរលាកស្រោមពោះគុំខ្ទុះធ្ងន់ធ្ងរ និងស្ថិតក្នុងស្ថានភាពឆ្លងមេរោគក្នុងឈាម ត្រូវធ្វើការវះកាត់បន្ទាន់ និងថែទាំព្យាបាលអស់រយៈពេល ១៤ថ្ងៃ នៅមន្ទីរពេទ្យគន្ធបុប្ផា។ បន្ទាប់ពីទទួលបានការវះកាត់ និងថែទាំពីក្រុមគ្រូពេទ្យ នៅមន្ទីរពេទ្យគន្ធបុប្ផា ថ្ងៃនេះកុមារី បានចេញពីមន្ទីរពេទ្យត្រឡប់ទៅផ្ទះវិញដោយស្នាមញញឹម។

មន្ទីរពេទ្យគន្ធបុប្ផា ត្រូវបានទទួលស្គាល់ជាមន្ទីរពេទ្យគំរូមួយ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការកាត់បន្ថយអត្រាមរណភាពមាតា កុមារ និងទារកនៅកម្ពុជា។ រាល់ការពិនិត្យ និងព្យាបាលកុមារ គឺប្រកបដោយគុណភាព វិជ្ជាជីវៈ ឥតគិតថ្លៃ និងមិនរើសអើង។

ដោយមើលឃើញពីតម្រូវការ និងដើម្បីទ្រទ្រង់ដល់ដំណើរការមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានបើក “យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់” ពេញមួយខែមិថុនា ឆ្នាំ២០២៦។

សូមបញ្ជាក់ថា “យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់” ជាយុទ្ធនាការប្រចាំឆ្នាំដ៏ធំ និងសំខាន់មួយរបស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលត្រូវបានរៀបចំឡើង ដើម្បីចូលរួមអបអរសាទរ ទិវាកុមារអន្តរជាតិ ១ មិថុនា និងបំផុសចលនាសប្បុរសធម៌ ក៏ដូចជាដើម្បីរម្លឹកឱ្យមានការចូលរួមបរិច្ចាគ ក្នុងស្មារតី “ខ្មែរជួយខ្មែរ” ក្នុងគោលបំណងរួមគ្នានាំក្ដីសង្ឃឹម និងភាពញញឹមដល់ទារក និងកុមារ ព្រមទាំងស្ត្រីមានផ្ទៃពោះ ដែលត្រូវការសេវាពិនិត្យ ព្យាបាល និងសម្ភព ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង នៅមន្ទីរពេទ្យគនុ្ធបុប្ផា ទាំងនៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប។

ការបរិច្ចាករបស់សប្បុរសជន គ្រប់ៗរូបដល់មន្ទីរពេទ្យគន្ធបុប្ផា ជាការរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយដល់ទារក និងកុមារ ព្រមទាំងស្ត្រីមានផ្ទៃពោះ ដែលត្រូវការសេវាពិនិត្យ ព្យាបាល ដោយឥតគិតថ្លៃ។ ដើម្បីចូលរួមក្នុងយុទ្ធនាការ «យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់», សូមបរិច្ចាគតាមរយៈលេខគណនីរបស់មូលនិធិគន្ធបុប្ផាកម្ពុជា នៅតាមបណ្ដាគ្រឹះស្ថានហិរញ្ញវត្ថុជាដៃគូរបស់មូលនិធិ ឬធ្វើការទំនាក់ទំនង តាមរយៈលេខទូរសព្ទ៖ ០១២ ២៣៥ ៥៨២, ០៩៩ ៣៣៣ ១៣៣, ០១២ ៩២៩ ៧២៧, ០១៦ ៨០៨ ៩០៥, ឬ ០៧០ ២០៦ ៧៤៦៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម