ព័ត៌មានជាតិ
ត្រឹមព្រឹកថ្ងៃទី៤ ខែមិថុនា “យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់” ទទួលបានថវិកាបរិច្ចាគប្រមាណ៣,៥ លានដុល្លារ
គិតត្រឹមព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ “យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៦ ទទួលបានថវិកាបរិច្ចាគប្រមាណ ៣,៥ លានដុល្លារពីអ្នកចូលរួមបរិច្ចាគចំនួនជាង ៧ម៉ឺននាក់។ នេះបើតាមរបាយការណ៍របស់នាយកប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា លោក ចន ណារិទ្ធ នៅក្នុងពិធី “ដើរ ២ ៧០០ ជំហាន ដើម្បីទារក និងកុមារកម្ពុជា”។

លោក ចន ណារិទ្ធ រាយការណ៍ដូច្នេះ៖«លទ្ធផលនៃ “យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៦ ដោយគិតត្រឹមព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ នេះ មានអ្នកចូលរួមបរិច្ចាគចំនួនជាង ៧ម៉ឺននាក់ ដោយទទួលបានថវិកាបរិច្ចាគសរុបសមមូលជាដុល្លារអាម៉េរិកចំនួនប្រមាណ ៣,៥ លានដុល្លារ ដោយមិនទាត់គិតបញ្ចូលនូវថវិកាបរិច្ចាគក្នុង “ដើរ ២ ៧០០ ជំហាន ដើម្បីទារក និងកុមារកម្ពុជា” ចំនួនប្រមាណជាង ២ ១០០ លានរៀល ពីសប្បុរសជនចំនួនជាង ១០ ០០០ នាក់ នៅឡើយ។»។

គូរគូសបញ្ជាក់ថា ក្នុងមួយឆ្នាំៗ មន្ទីរពេទ្យគន្ធបុប្ផា ទាំងនៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប ត្រូវការថវិកាចំនួនប្រមាណ ៤៥ លានដុល្លារអាម៉េរិក ឬ ជាង ១២ ម៉ឺនដុល្លារអារម៉េរិក ក្នុងមួយថ្ងៃៗ ដើម្បីបំពេញបេសកកម្មសង្រ្គោះជីវិតទារក និងកុមារ ក៏ដូចជាការផ្ដល់សេវាសម្ភពនេះ។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រធានកិត្តិយសមូលនិធិគន្ធបុប្ផាកម្ពុជា ធ្លាប់បានថ្លែងថា ១ម៉ឺនរៀល អាចមើលទៅជាចំនួនតូចមួយ ប៉ុន្តែសម្រាប់កុមារ ដែលកំពុងស្រែកហៅរកការសង្គ្រោះ ១ម៉ឺនរៀលនេះ អាចក្លាយជាក្តីសង្ឃឹមមួយ អាចក្លាយជាឱសថ ជាឈាម ជាឧបករណ៍ពេទ្យ ឬជាកម្លាំងមួយ ដែលជួយឱ្យក្រុមគ្រូពេទ្យបន្តសង្គ្រោះជីវិតកុមារបានទាន់ពេលវេលា។ លោកជំទាវបន្ថែមថា នៅពេលការចូលរួមរបស់ពលរដ្ឋខ្មែរម្នាក់ៗរួបរួមគ្នា ១ម៉ឺនរៀល នឹងក្លាយជាកម្លាំងដ៏ធំមួយ សម្រាប់បន្តនាំស្នាមញញឹម ក្តីសង្ឃឹម និងជីវិតថ្មីដល់កុមារកម្ពុជា។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អំពាវនាវដល់សប្បុរសជនទាំងអស់ បន្តចូលរួមគាំទ្រយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៦ ទៅតាមលទ្ធភាពរៀងៗខ្លួន ដើម្បីកុមារម្នាក់អាចមានឱកាសរស់រានមានជីវិត ដើម្បីម្តាយឪពុកមួយគ្រួសារអាចមានស្នាមញញឹមវិញ និងដើម្បីបន្តនិរន្តរភាពនៃមន្ទីរពេទ្យគន្ធបុប្ផា ដែលជាដង្ហើមនៃក្តីសង្ឃឹមរបស់កុមារកម្ពុជា។

លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត គូសបញ្ជាក់ថា ការបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា មិនមែនគ្រាន់តែជាការបរិច្ចាគថវិកាប៉ុណ្ណោះទេ ប៉ុន្តែគឺជាការចូលរួមសង្គ្រោះជីវិតកុមារ, ជាការចូលរួមជួយដល់ម្តាយឪពុកមួយគ្រួសារ ហើយក៏ជាការចូលរួមវិនិយោគលើអនាគតរបស់ប្រទេសជាតិផងដែរ។
ជាង៣០ឆ្នាំមកហើយ មន្ទីរពេទ្យគន្ធបុប្ផា បានក្លាយជាទីកន្លែងនៃក្តីសង្ឃឹម សម្រាប់ទារក កុមារ និងស្ត្រីមានផ្ទៃពោះជាច្រើនលាននាក់នៅកម្ពុជា។ ចាប់តាំងពីឆ្នាំ១៩៩២ មក មន្ទីរពេទ្យគន្ធបុប្ផា បានពិនិត្យ និងព្យាបាលទារក កុមារ និងស្ត្រីមានផ្ទៃពោះ ជាង ២៧,៥ លាននាក់ ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង៕
ដោយ៖ ង៉ិល ណារ៉ាត់

-
កីឡា១៧ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


