Connect with us

ព័ត៌មានជាតិ

ស្ត្រីទីមួយ៖ ១ម៉ឺនរៀលមើលទៅតិច ប៉ុន្តែវាអាចជាថ្នាំ ឈាម បរិក្ខាពេទ្យជួយឱ្យសង្គ្រោះជីវិតកុមារទាន់ពេល,សូមបន្តគាំទ្រយុទ្ធនាការ«១ម៉ឺនរៀល ១ម៉ឺននាក់»

បានផុស

នៅ

«១ម៉ឺនរៀល អាចមើលទៅជាចំនួនតូចមួយ ប៉ុន្តែសម្រាប់កុមារ ដែលកំពុងស្រែកហៅរកការសង្គ្រោះ ១ម៉ឺនរៀលនេះ អាចក្លាយជាក្តីសង្ឃឹមមួយ។ ១ម៉ឺនរៀលនេះ អាចក្លាយជាឱសថជាឈាម ជាឧបករណ៍ពេទ្យ ឬជាកម្លាំងមួយ ដែលជួយឱ្យក្រុមគ្រូពេទ្យបន្តសង្គ្រោះជីវិតកុមារបានទាន់ពេលវេលា។  ហើយនៅពេលការចូលរួមរបស់យើងម្នាក់ៗរួបរួមគ្នា ១ម៉ឺនរៀលនេះ នឹងក្លាយជាកម្លាំងដ៏ធំមួយ សម្រាប់បន្តនាំស្នាមញញឹម ក្តីសង្ឃឹម និងជីវិតថ្មីដល់កុមារកម្ពុជា។ »។ នេះគឺជាការថ្លែងរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រធានកិត្តិយសមូលនិធិគន្ធបុប្ផាកម្ពុជា  ស្របពេល «យុទ្ធនាការ១ម៉ឺនរៀល១ម៉ឺននាក់» កំពុងចេញដំណើរទទួលការបរិច្ចាគពីសប្បុរសជន ដើម្បីជួយទ្រទ្រង់បេសកកម្មរបស់មន្ទីរពេទ្យគន្ធបុប្ផាក្នុងការសង្គ្រោះជីវិតទារក កុមារ និងស្ត្រីនៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសារវីដេអូលោកជំទាវប្រធានកិត្តិយសមូលនិធិគន្ធបុប្ផាកម្ពុជា រម្លឹកថា រយៈពេលជាង ៣០ឆ្នាំមកហើយ មន្ទីរពេទ្យគន្ធបុប្ផា បានក្លាយជាទីកន្លែងនៃក្តីសង្ឃឹម សម្រាប់ទារក កុមារ និងស្ត្រីមានផ្ទៃពោះជាច្រើនលាននាក់នៅកម្ពុជា។ ចាប់តាំងពីឆ្នាំ១៩៩២ មក មន្ទីរពេទ្យគន្ធបុប្ផា បានពិនិត្យ និងព្យាបាលទារក កុមារ និងស្ត្រីមានផ្ទៃពោះ ជាង ២៧,៥ លាននាក់ ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង។

លោកជំទាវបណ្ឌិត សង្កត់ធ្ងន់ថា៖«សម្រាប់ម្តាយឪពុកជាច្រើន គន្ធបុប្ផា មិនមែនគ្រាន់តែជាមន្ទីរពេទ្យទេ។ គន្ធបុប្ផា គឺជា “កន្លែងដែលទឹកភ្នែកនៃការព្រួយបារម្ភ អាចប្រែក្លាយជាស្នាមញញឹម”។ គឺជាកន្លែងដែលកូនតូចម្នាក់ អាចទទួលបានឱកាសរស់រានមានជីវិត និងត្រឡប់ទៅកាន់រង្វង់ដៃម្តាយឪពុកវិញដោយសុវត្ថិភាព។ ប៉ុន្តែ ដើម្បីឱ្យបេសកកម្មដ៏ថ្លៃថ្លានេះ អាចបន្តទៅមុខបាន មន្ទីរពេទ្យគន្ធបុប្ផា ត្រូវការថវិកាប្រមាណ ៤៥ លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ សម្រាប់បន្តផ្តល់សេវាពិនិត្យ ព្យាបាល និងសង្គ្រោះជីវិតកុមារកម្ពុជា។ ហេតុនេះហើយ ទើបមូលនិធិគន្ធបុប្ផាកម្ពុជា បានបន្តរៀបចំយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់”ដើម្បីអំពាវនាវដល់សប្បុរសជន ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ចូលរួមបរិច្ចាគតាមលទ្ធភាពរៀងៗខ្លួន ក្នុងស្មារតី “ខ្មែរជួយខ្មែរ”។ »។

លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត គូសបញ្ជាក់ថា ការបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា មិនមែនគ្រាន់តែជាការបរិច្ចាគថវិកាប៉ុណ្ណោះទេ ប៉ុន្តែគឺជាការចូលរួមសង្គ្រោះជីវិតកុមារ, ជាការចូលរួមជួយដល់ម្តាយឪពុកមួយគ្រួសារ ហើយក៏ជាការចូលរួមវិនិយោគលើអនាគតរបស់ប្រទេសជាតិផងដែរ។

ក្នុងនាម សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី និងក្នុងនាមជាសហប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អំពាវនាវដល់សប្បុរសជនទាំងអស់ បន្តចូលរួមគាំទ្រយុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់ ឆ្នាំ២០២៦ ទៅតាមលទ្ធភាពរៀងៗខ្លួន។

« សូមចូលរួមបរិច្ចាគថ្ងៃនេះ ដើម្បីកុមារម្នាក់អាចមានឱកាសរស់រានមានជីវិត! សូមចូលរួមបរិច្ចាគថ្ងៃនេះ ដើម្បីម្តាយឪពុកមួយគ្រួសារអាចមានស្នាមញញឹមវិញ! សូមចូលរួមបរិច្ចាគថ្ងៃនេះ ដើម្បីបន្តនិរន្តរភាពនៃមន្ទីរពេទ្យគន្ធបុប្ផា ដែលជាដង្ហើមនៃក្តីសង្ឃឹមរបស់កុមារកម្ពុជា! »។ ទាំងនេះ គឺជាសាររបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អំពាវនាវឱ្យមានការចូលរួមបរិច្ចាគចូលមូលនិធិគន្ធបុប្ផា ដើម្បីបន្តសង្គ្រោះជីវិតកុមារ និងស្ត្រីកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម