ព័ត៌មានជាតិ
កម្ពុជា កំពុងស្ថិតលើផ្លូវត្រឹមត្រូវក្នុងការឈានឆ្ពោះទៅរកការលុបបំបាត់ការឆ្លងថ្មី នៃមេរោគអេដស៍ នៅឆ្នាំ ២០៣០
ប្រទេសកម្ពុជា កំពុងស្ថិតនៅលើផ្លូវត្រឹមត្រូវក្នុងការឈានឆ្ពោះទៅរកការលុបបំបាត់ការឆ្លងថ្មី នៃមេរោគអេដស៍ នៅឆ្នាំ ២០៣០ ខាងមុខនេះ ខណៈអត្រាឆ្លងថ្មី នៃមេរោគអេដស៍ បានបន្តធ្លាក់ចុះជាបន្តបន្ទាប់។

យោងតាមសេចក្ដីប្រកាសរួមរវាងរាជរដ្ឋាភិបាលកម្ពុជា និង កម្មវិធីសហប្រជាជាតិរួមគ្នាស្តីពីមេរោគអេដស៍/ជំងឺអេដស៍ (UNAIDS) កាលពីថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៦ បានឲ្យដឹងថា តាមការប៉ាន់ប្រមាណ មានករណីឆ្លងថ្មីចំនួន ៩៥៨ នៅឆ្នាំ ២០២៥ ក្នុងនោះ ៨៤% ស្ថិតនៅក្នុងចំណោមក្រុមប្រជាជនប្រឈមមុខខ្ពស់ និង ដៃគូរបស់ពួកគេ។ ការលុបបំបាត់ការឆ្លង មេរោគអេដស៍ថ្មី ដោយកម្រិតគោលដៅតិចជាង ២៥០ ករណី ក្នុង ១ ឆ្នាំ នៅឆ្នាំ ២០៣០ គឺជាគោលដៅជាតិចម្បង ប៉ុន្តែដើម្បីសម្រេចបាននូវគោលដៅនេះ ទាមទារឲ្យមានការខិតខំប្រកបដោយយុទ្ធសាស្ត្រ និង មានចីរភាព។

លោកវេជ្ជបណ្ឌិត អ៊ុក វិជ្ជា ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍សើរស្បែក និង កាមរោគ នៃក្រសួងសុខាភិបាល បានឲ្យដឹងថា តួលេខនេះ បើធៀបទៅនឹងឆ្នាំ ២០២៤ ករណីឆ្លងថ្មី មានរហូតដល់ទៅចំនួន ១ ២០០ នាក់។ ក្នុងចំណោមករណីឆ្លងថ្មី ១ ២០០ នេះ គឺ ៨៨% ត្រូវបានប្រមូលផ្តុំនៅក្នុងក្រុមប្រឈមមុខខ្ពស់ និង ដៃគូរបស់ពួកគាត់ ដែលមាន ៤៤% ស្ថិតក្នុងចន្លោះអាយុ ១៤ ដល់ ២៤ ឆ្នាំ។

លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា អត្រា ៤៤% នៃក្រុមយុវវ័យ ក្នុងចំណោមករណីឆ្លងថ្មី ១ ២០០ នាក់ និង ក្រុមយុវវ័យដែលជាក្រុមប្រឈមមុខខ្ពស់តែប៉ុណ្ណោះ មិនមែនក្រុមយុវវ័យទូទៅនៅទូទាំងប្រទេស ដូចដែលបណ្តាញសង្គមមួយចំនួនបានផ្សព្វផ្សាយនោះទេ។
លោកវេជ្ជបណ្ឌិត បានបន្ថែមថា ការមាក់ងាយ ការរើសអើង និង ឧបសគ្គផ្សេងៗ នៅតែជារបាំងរារាំងមនុស្សមួយចំនួនពីការប្រើប្រាស់ សេវាដែលពួកគេត្រូវការ។ ការយល់ដឹងទាបអំពីមេរោគអេដស៍ និង វិធីបង្ការការឆ្លងមេរោគអេដស៍ បង្កើនភាពងាយរងគ្រោះនឹងការឆ្លងមេរោគអេដស៍ និង ជំងឺកាមរោគ ជាពិសេសក្នុងចំណោមយុវវ័យ។ ការវិនិយោគបន្តលើការឆ្លើយតបមេរោគអេដស៍ រួមទាំងលើសេវាដឹកនាំដោយសហគមន៍ មានសារៈសំខាន់ ដើម្បីការពារសមិទ្ធផលដែលយើងបានទទួល និង ធានាថា គ្មាននរណាម្នាក់ត្រូវបានទុកចោលឡើយ។ ដើម្បីឆ្លើយតបទៅនឹងបញ្ហាទាំងនេះ កម្ពុជា កំពុងផ្លាស់ប្តូរពីគម្រោងបណ្តោះអាសន្តគាំទ្រដោយម្ចាស់ជំនួយ ទៅរកប្រព័ន្ធមួយប្រកបដោយចីរភាពដែលដឹកនាំ និង គ្រប់គ្រងដោយរាជរដ្ឋាភិបាលកម្ពុជា។ យ៉ាងណាក៏ដោយ ប្រទេសកម្ពុជា សម្រេចបានគោលដៅសកល មេរោគអេដស៍ ៩៥-៩៥-៩៥ ក្លាយជាប្រទេសដំបូងគេនៅតំបន់អាស៊ី និង ប៉ាស៊ីហ្វិក ដែលនឹងឈានឆ្ពោះទៅរកការបញ្ចប់ជំងឺអេដស៍ដែលជាបញ្ហាគំរាមគំហែងចំពោះសុខភាពសាធារណៈនៅឆ្នាំ ២០៣០។ គោលដៅ ៩៥-៩៥-៩៥ មានន័យថា ៩៥% នៃអ្នករស់នៅជាមួយមេរោគអេដស៍បានដឹងពីស្ថានភាព មេរោគអេដស៍របស់ខ្លួន ៩៥% នៃអ្នកដែលដឹងថាខ្លួនមានផ្ទុកមេរោគអេដស៍បានទទួលបានការ ព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ និង ៩៥% នៃអ្នកកំពុងទទួលការព្យាបាលដោយឱសថ ប្រឆាំងមេរោគអេដស៍ សម្រេចបានការបង្ក្រាបមេរោគអេដស៍ឲ្យនៅកម្រិតទាបបំផុត។
គួរបញ្ជាក់ថា គិតត្រឹមត្រីមាសទី ១ ឆ្នាំ ២០២៦ ក្រសួងសុខាភិបាល បាននិងកំពុងផ្តល់សេវាបង្ការ ថែទាំ និង ព្យាបាល នៅទូទាំងប្រទេស ដោយមានអ្នកផ្ទុករស់ជាមួយមេរោគអេដស៍ ចំនួន ៧២ ៤៤០ នាក់ កំពុងទទួលសេវាព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ នៅតាមសេវាចំនួន ៧៤ កន្លែង ក្នុងរាជធានី ខេត្ត ទាំង ២៥ ក្នុងនោះមាន ៧២ កន្លែង ស្ថិតក្នុងមូលដ្ឋានសុខាភិបាលសាធារណៈ និង ២ កន្លែងទៀត ដំណើរការដោយអង្គការមិនមែនរដ្ឋាភិបាល។ ក្នុងនោះ ៧៦,១៨% ស្មើនឹង ៥៥ ១៩៨ នាក់ ក្នុងចំណោម ៧២ ៤៤០ នាក់ នៃអ្នកផ្ទុកមេរោគអេដស៍ ដែលកំពុងទទួលឱសថប្រឆាំងមេរោគអេដស៍ បានទទួលប័ណ្ណមូលនិធិសមធម៌សុខាភិបាល ហើយនឹងបន្តចុះបញ្ជីជាបន្តបន្ទាប់៕
អត្ថបទ ៖ សំអឿន
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


