Connect with us

ព័ត៌មានជាតិ

UNAIDSលើកទឹកចិត្តឱ្យកម្ពុជាចែករំលែកពីភាពជោគជ័យ នៃការសម្រេចបាននូវគោលដៅសកលមេរោគអេដស៍ ៩៥-៩៥-៩៥

បានផុស

នៅ


ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃទី១២ ខែមិថុនា នាយកប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក, អឺរ៉ុបខាងកើត, និងអាស៊ីកណ្តាល​ នៃកម្មវិធី​សហប្រជាជាតិ​រួម​គ្នាស្តីពីមេរោគ​អេដស៍​/ជំងឺ​អេដស៍ (UNAIDS) លោក  Eamonn Murphy    បានសម្ដែងនូវការអបអរសាទរដល់កម្ពុជាចំពោះភាពជោគជ័យ នៃការសម្រេចបាននូវគោលដៅសកលមេរោគអេដស៍ ៩៥-៩៥-៩៥​ ដែលឆ្ពោះទៅរក​ការ​បញ្ចប់ជំងឺ​អេដស៍​ ដែលជាបញ្ហាគំរាម​កំហែងចំពោះសុខភាព​សាធារណៈ​នៅឆ្នាំ២០៣០​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​គោលដៅសកលមេរោគអេដស៍ ៩៥-៩៥-៩៥ គឺមានន័យថា ៩៥% នៃ​អ្នក​ផ្ទុកមេរោគ​អេដស៍បានដឹងពីស្ថានភាពផ្ទុកមេរោគអេដស៍របស់ខ្លួន, ៩៥% នៃអ្នក​ដែលដឹងស្ថានភាព​ផ្ទុកមេរោគអេដស៍បានទទួល​ការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ និង​៩៥% ​នៃអ្នកដែល​បាន​​​ទទួលការព្យា​បាល​ដោយឱសថប្រឆាំងមេរោគអេដស៍ មានបន្ទុកមេរោគអេដស៍កម្រិតទាប។

នាយកប្រចាំតំបន់នៃ UNAIDS  ​គូសបញ្ជាក់បន្ថែមថា​ កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេស៧ ក្នុង​ពិភពលោក​ និងជាប្រទេសទីមួយនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលអាចសម្រេចបានគោលដៅសកលនេះយ៉ាងត្រចះត្រចង់​ និងបានលើកទឹកចិត្តឱ្យកម្ពុជាចែករំលែកបទពិសោធន៍ជោគជ័យ​​ ទៅកាន់បណ្ដាប្រទេសក្នុង​ពិភពលោក​។

នាយកប្រចាំតំបន់នៃ UNAIDS  ក៏បានសម្ដែងនូវការវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់ និង ភាពជាអ្នកដឹកនាំ​ របស់រាជរដ្ឋាភិបាលកម្ពុជា​ ក្នុងការលើកកម្ពស់សុខភាពសាធារណៈ ពិសេសការដាក់ចេញ​​ និងការអនុវត្តនូវក្របខណ្ឌគោលនយោបាយជាតិស្តីពីគាំពារសង្គម និងគូសបញ្ជាក់ថា UNAIDS នៅតែបន្តផ្ដល់នូវការគាំទ្រ ក៏ដូចជាសហការជាមួយកម្ពុជា នៅក្នុងវិស័យសុខាភិបាល ជាពិសេស​ គឺការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍នេះ។

សម្ដេចធិបតីបានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់អង្គការសហប្រជាជាតិនៅក្នុងការរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ជាពិសេសក្នុងវិស័យសុខាភិបាលកម្ពុជា ក៏ដូចជាការគាំទ្រដល់កម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍នៅកម្ពុជា។

សម្ដេចធិបតីក៏បានគូសបញ្ជាក់ជូនលោកនាយកប្រចាំតំបន់ថា ទាំង​រាជរដ្ឋាភិបាល​អាណត្តិមុនៗរហូតមកដល់​រាជរដ្ឋាភិបាលអាណត្តិទី៧នេះ, រាជរដ្ឋាភិបាលនៅតែផ្តល់អាទិភាពខ្ពស់​ និងចាត់ទុកប្រជាជនជាស្នូល តាមរយៈ​ការលេីកកម្ពស់សុខភាព,​ ការអប់រំ និងការបង្កើតការងារ ដែលជាគ្រឹះដ៏រឹងមាំសម្រាប់ទ្រទ្រង់ការរីកចម្រើនរបស់ប្រទេសជាតិ។ បន្ថែមពីនេះ, រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ខ្ពស់ និងកិច្ចខិតខំលើកកម្ពស់វិស័យសុខាភិបាល តាមរយៈការធ្វេីឱ្យកាន់តែប្រសេីរឡេីងមូលដ្ឋានសុខាភិបាលទាំងថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន​។

ព្រមជាមួយគ្នានេះ, សម្ដេចធិបតីបានបន្ថែមថា ទោះបីជាកម្ពុជាសម្រេចបានសមិទ្ធផលជាច្រេីនក្នុងវិស័យសុខាភិបាលក្តី, កម្ពុជានៅតែចាត់ទុកជំងឺអេដស៍ និងជំងឺឆ្លងនានា ជាហានិភ័យចម្បងចំពោះសុខភាពសាធារណៈ ដែលរាជរដ្ឋាភិបាលត្រូវបន្តដោះស្រាយ និងយកចិត្តទុកដាក់ខ្ពស់​​ជានិច្ច។
 
មុននឹងបញ្ចប់, សម្ដេចធិបតីបានលើកទឹក​ឱ្យUNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង​ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុង​ការ​អភិវឌ្ឍវិស័យសុខាភិបាល​ ព្រមទាំង​បាន​គូសបញ្ជាក់ថា​ រាជរដ្ឋាភិបាល​កម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការគាំទ្រ និងសហការជាមួយអង្គការសហប្រជាជាតិ ព្រមទាំងដៃគូអភិវឌ្ឍន៍នានា ដើម្បីឈានទៅសម្រេចបាននូវសមិទ្ធផលថ្មីៗជាបន្តបន្ទាប់​ បន្ថែមទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម