Connect with us

ព័ត៌មានជាតិ

មន្ទីររៀបចំដែនដីរាជធានី ប្រកាសកំណត់តំបន់វិនិច្ឆ័យ ដើម្បីរុញការចុះបញ្ជីដីធ្លីជាប្រព័ន្ធ ជូនពលរដ្ឋក្នុងខណ្ឌ៧មករា

បានផុស

នៅ

អាជ្ញាធរខណ្ឌ៧មករា បាននិងកំពុងបន្តជំរុញការងារ ចុះបញ្ជីដីធ្លីមានលក្ខណៈជា ប្រព័ន្ធជូនដល់ប្រជាពលរដ្ឋ ដើម្បីធានាបាននូវ សិទ្ធិធ្វើជាម្ចាស់កាន់កាប់ដីធ្លីស្របច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ មន្ទីរសូរិយោដី រួមជាមួយរដ្ឋបាលខណ្ឌ ក្រោមអធិបតីភាព លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី តំណាង ឧបនាយករដ្ឋមន្ត្រីក្រសួង និង លោក ថេង សុថុល អភិបាលខណ្ឌ៧មករា តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានរៀបចំ «ពិធីប្រកាសកំណត់តំបន់ធើ្វការវិនិច្ឆ័យ ស្ដីពីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងចុះបញ្ជីចំណែកឯកជននៃអាគារសហកម្មសិទ្ធិ ដែលត្រូវសាងសង់មុនឆ្នាំ១៩៧៩ និងមុនថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៩៧» ស្ថិតក្នុងមូលដ្ឋានខណ្ឌ៧មករា រាជធានីភ្នំពេញ។

លោក ថេង សុថុល អភិបាលខណ្ឌ៧មករា មានប្រសាសន៍ថា ជំនួសមុខឱ្យប្រជាពលរដ្ឋទាំងអស់ទូទាំងខណ្ឌ សូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានបង្កើតឱ្យមានការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះឡើង។ លោកក៏បានកោត សរសើរចំពោះកិច្ចខិតខំប្រឹងប្រែងដល់ក្រុមការងារ ដែលបាននិងកំពុងបន្តប្រឹងប្រែងក្នុងដំណើរការចុះបញ្ជីដីធ្លី ជូនប្រជាពលរដ្ឋ។

លោក សារិន វណ្ណា បានឡើងថ្លែងប្រសាសន៍ពន្យល់យ៉ាងលម្អិតអំពីដំណើរការចុះបញ្ជីប្លង់កម្មសិទ្ធិឯកជន និងសហកម្មសិទ្ធិ ដោយបានគូសបញ្ជាក់ថា ការចុះបញ្ជីនេះមានសារៈសំខាន់ខ្លាំងក្នុងការផ្តល់ភាពច្បាស់លាស់ផ្នែកច្បាប់ជូនម្ចាស់អចលនទ្រព្យ និងជួយការពារសិទ្ធិកម្មសិទ្ធិស្របច្បាប់របស់ប្រជាពលរដ្ឋ។

លោកក៏បានលើកឡើងពីបញ្ហាប្រឈម និងផលប៉ះពាល់មួយចំនួនដែលអាចកើតមានក្នុងអំឡុងពេលអនុវត្តការងារ ព្រមទាំងបានអំពាវនាវដល់ប្រជាពលរដ្ឋ ម្ចាស់អចលនទ្រព្យ និងអ្នកពាក់ព័ន្ធទាំងអស់ មានចំឯកសារពាក់ព័ន្ធអោយបានគ្រប់គ្រាប់ ដើម្បីពន្លឿនការងារ ជាងវៀងដល់ក្រុមការងារចុះទើបរត់ទៅបញ្ជាក់ឯកសារជាមួយអាជ្ញាធរ និងសូម ឱ្យមានការយោគយល់ សហការ និងផ្តល់ព័ត៌មានត្រឹមត្រូវជូនដល់មន្ត្រីជំនាញ ដើម្បីឱ្យដំណើរការចុះបញ្ជីអាចប្រព្រឹត្តទៅដោយរលូន មានតម្លាភាព និងប្រសិទ្ធភាពខ្ពស់។

លោកបានបន្តថា ការប្រកាសកំណត់តំបន់វិនិច្ឆ័យនាពេលនេះ ត្រូវបានចាត់ទុកថាជាជំហានដ៏សំខាន់មួយក្នុងការពន្លឿនការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងការចុះបញ្ជីចំណែកឯកជននៃអគារសហកម្មសិទ្ធិដែលបានសាងសង់មុនឆ្នាំ១៩៧៩ និងមុនថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៩៧ នៅក្នុងខណ្ឌ៧មករា ដើម្បីធានាដល់សុវត្ថិភាពផ្នែកច្បាប់លើកម្មសិទ្ធិ និងរួមចំណែកដល់ការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាព និងសណ្តាប់ធ្នាប់ល្អ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម