ព័ត៌មានជាតិ
សហគមន៍ជនជាតិដើមភាគតិចប្រមាណ៣០០គ្រួសារនៅរតនគិរី ស្នើអាជ្ញាធរពន្លឿនដោះស្រាយវិវាទដីព្រៃសហគមន៍
តំណាងសហគមន៍ជនជាតិដើមភាគតិចនៅភូមិកាណាត ឃុំតាឡាវ ស្រុកអណ្តូងមាស ខេត្តរតនគិរី អះអាងថា ប្រជាពលរដ្ឋប្រមាណ ៣០០ គ្រួសារ បានផ្តិតមេដៃស្នើសុំឱ្យអាជ្ញាធរខេត្ត និងរាជរដ្ឋាភិបាល ជួយពន្លឿនការដោះស្រាយវិវាទដីធ្លីដែលពួកគេចាត់ទុកថាបានប៉ះពាល់ដល់ដីព្រៃអារក្ស និងជីវភាពរស់នៅរបស់សហគមន៍។ ការស្នើនេះ បន្ទាប់ពីដីសហគមន៍សម្រាប់បម្រើឱ្យផលប្រយោជន៍រួម ត្រូវបានក្រុមហ៊ុនឯកជនឈូសឆាយយកធ្វើជាកម្មសិទ្ធិ។

លោក សល់ ជាង តំណាងសហគមន៍ជនជាតិដើមភាគតិចទំពួន បានអះអាងថា ជម្លោះដីធ្លីរវាងសហគមន៍ និងភាគីក្រុមហ៊ុនឯកជន បានអូសបន្លាយជាយូរមកហើយ ដោយការដោះស្រាយតាមរយៈអាជ្ញាធរមូលដ្ឋានមិនទាន់ទទួលបានលទ្ធផលឡើយ។ លោកថា ប្រជាពលរដ្ឋបានធ្វើការតវ៉ាចំនួនពីរលើក បន្ទាប់ពីពួកគេអះអាងថា មានការទន្ទ្រានលើដីដែលសហគមន៍ប្រើប្រាស់ និងអាស្រ័យផលជាប្រពៃណី។
តាមការអះអាងរបស់តំណាងសហគមន៍ ព្រៃអារក្សមានសារៈសំខាន់សម្រាប់ជីវភាព និងវប្បធម៌របស់ជនជាតិដើមភាគតិច ដោយជាប្រភពប្រមូលអនុផលព្រៃឈើ កន្លែងចិញ្ចឹមសត្វ និងជាទីធ្វើពិធីសែនព្រេនតាមទំនៀមទម្លាប់។ សហគមន៍បារម្ភថា ប្រសិនបើព្រៃនេះបាត់បង់ នឹងប៉ះពាល់ដល់ការរស់នៅ និងអត្តសញ្ញាណវប្បធម៌របស់ពួកគេ។

ជាមួយគ្នានេះ តំណាងសហគមន៍ក៏បានអះអាងថា ក្នុងអំឡុងពេលកើតមានវិវាទ មានការគំរាមកំហែង និងភាពតានតឹងរវាងភាគីទាំងពីរ ហើយបានអំពាវនាវឱ្យអាជ្ញាធរពាក់ព័ន្ធជួយពន្លឿនការដោះស្រាយ ដើម្បីបញ្ចៀសការកើនឡើងនៃជម្លោះ និងការពារសិទ្ធិរបស់ជនជាតិដើមភាគតិច។
ដោយឡែក លោក ពុំ តួ ជាជនជាតិដើមភាគតិចកាចក់ បានអះអាងថា សហគមន៍ធ្លាប់បានដាក់ពាក្យស្នើសុំអន្តរាគមន៍ទៅអាជ្ញាធរ និងតុលាការតាំងពីឆ្នាំ២០២៤ ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់មានដំណោះស្រាយច្បាស់លាស់នៅឡើយ។

គួររំឮកថា ឆ្លើយតបសំណើររបស់លោក សល់ ហ្មើយ ប្រធានសហគមន៍ជនជាតិដើមភាគតិចកាចក់ ភូមិកាណាត, ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ ២០១២ បានចេញលិខិតយល់ព្រម ព្រមចុះបញ្ជី សហគមន៍ជនជាតិដើមភាគតិចកាចក់ ភូមិកាណាតដែលមានអាស័យដ្ឋាននៃទីស្នាក់ការកណ្តាល នៅភូមិកាណាត ឃុំតាឡាវ ស្រុកអណ្តូងមាស ខេត្តរតនគិរី។ ក្នុងលិខិតបញ្ជាក់ថា សហគមន៍ជនជាតិដើមភាគតិចកាចក់ ភូមិកាណាត ត្រូវអនុវត្តតាមលក្ខន្តិកៈដូចបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ និងធ្វើសកម្មភាពការងារក្នុងក្របខ័ណ្ឌជាសមាគមអព្យាក្រឹត មិនប្រកាន់ពូជសាសន៍ មិនប្រកាន់សាសនា មិនប្រកាន់ និន្នាការនយោបាយ មិនធ្វើសកម្មភាពបម្រើឱ្យគណបក្សនយោបាយ និងមិនធ្វើជាឧបករណ៍គណបក្ស នយោបាយ ។
ពាក់ព័ន្ធនឹងករណីនេះ កម្ពុជាថ្មីបានព្យាយាមទាក់ទងលោក មាស សារ៉េត អភិបាលស្រុកអណ្តូងមាស និងលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ដើម្បីសុំការបំភ្លឺ ប៉ុន្តែគិតត្រឹមពេលចេញផ្សាយ មិនទាន់ទទួលបានការឆ្លើយតបនៅឡើយ៕
ដោយ៖ ខៀវ ចាប ភ្នាក់ងារប្រចាំខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា៣ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


