Connect with us

ព័ត៌មានជាតិ

រោងចក្រ និងសហគ្រាសនៅមណ្ឌលគិរី ប្រកាសជ្រើសរើសកម្មករ ១៦៥នាក់ ប្រាក់ខែគោលចាប់ពី ៩២ម៉ឺនរៀលឡើងទៅ

បានផុស

នៅ

ស្របពេលវិស័យកសិកម្ម និងការវិនិយោគនៅខេត្តមណ្ឌលគិរីបន្តរីកចម្រើន ក្រុមហ៊ុន រោងចក្រ និងសហគ្រាសចំនួន៤ ក្នុងខេត្តនេះ កំពុងប្រកាសជ្រើសរើសកម្លាំងពលកម្មសរុបចំនួន ១៦៥នាក់ ដើម្បីបំពេញការងារក្នុងវិស័យកសិកម្ម សន្តិសុខ សេវាកម្ម និងបច្ចេកទេស ដោយផ្តល់ប្រាក់ខែគោលចាប់ពី ៩២០,០០០រៀលឡើងទៅ ព្រមទាំងអត្ថប្រយោជន៍ជាច្រើនផ្សេងទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ណយ ច័ន្ទតារា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី បានប្រាប់ «កម្ពុជាថ្មី» នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ ថា បច្ចុប្បន្នក្រុមហ៊ុន និងសហគ្រាសចំនួន៤ កំពុងត្រូវការជ្រើសរើសបុគ្គលិកជាបន្ទាន់ ដើម្បីបំពេញតម្រូវការផលិតកម្ម និងសេវាកម្មដែលកំពុងកើនឡើង។

លោកបញ្ជាក់ថា ក្រុមហ៊ុនកសិកម្ម ប៊ិញហ្វឿក-ក្រចេះ ត្រូវការកម្មករផ្នែកជៀជ័រកៅស៊ូចំនួន ១០០នាក់ ក្នុងនោះស្ត្រី ៥០នាក់។ ក្រុមហ៊ុនចម្ការកៅស៊ូ សុកហ្វីន ខេស៊ីដេ (មណ្ឌលគិរី) ត្រូវការកម្មករ ៦០នាក់ ក្នុងនោះស្ត្រី ៣០នាក់ សម្រាប់ការងារជៀជ័រកៅស៊ូ។ រីសត ភូមិរតនៈ ត្រូវការបុគ្គលិក ៣នាក់ សម្រាប់ផ្នែកទទួលភ្ញៀវ និងសន្តិសុខ ខណៈក្រុមហ៊ុន ហុងដា គង់ វង់ពេជ្រ ត្រូវការបុគ្គលិក ២នាក់ សម្រាប់ផ្នែកលក់ និងជួសជុលម៉ូតូ។

ប្រធានមន្ទីរការងារបានឱ្យដឹងថា បេក្ខជនដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ និងមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ អាចដាក់ពាក្យចូលបម្រើការងារបាន។ ក្រៅពីប្រាក់ខែគោលចាប់ពី ៩២០,០០០រៀលឡើងទៅ បុគ្គលិកក៏នឹងទទួលបានអាហារ ៣ពេល កន្លែងស្នាក់នៅ ការផ្គត់ផ្គង់ទឹក និងអគ្គិសនី ព្រមទាំងប័ណ្ណ ប.ស.ស. និងអត្ថប្រយោជន៍ផ្សេងៗទៀត ស្របតាមច្បាប់ស្តីពីការងារ។

ការប្រកាសជ្រើសរើសកម្លាំងពលកម្មក្នុងទ្រង់ទ្រាយនេះ ត្រូវបានមើលឃើញថា ជាសញ្ញាវិជ្ជមាននៃការរីកចម្រើនរបស់វិស័យកសិកម្ម និងការវិនិយោគនៅខេត្តមណ្ឌលគិរី ខណៈក្រុមហ៊ុន និងសហគ្រាសកំពុងបង្កើតឱកាសការងារកាន់តែច្រើនសម្រាប់ប្រជាពលរដ្ឋក្នុងខេត្ត បណ្តាខេត្តជិតខាង និងពលករដែលវិលត្រឡប់មកពីក្រៅប្រទេស៕

ដោយ៖ រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម