Connect with us

ព័ត៌មានជាតិ

ខេត្តមណ្ឌលគិរី ប្រារព្ធទិវាបរិស្ថាន ដើម្បីបំផុសពលរដ្ឋចូលរួមថែរក្សាបរិស្ថាន និងដាំដើមឈើ

បានផុស

នៅ

រដ្ឋបាលខេត្តមណ្ឌលគិរី បានប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ឆ្នាំ២០២៦ ក្រោមប្រធានបទ «សំណល់សូន្យ (Zero Waste)» ដើម្បីបំផុសស្មារតីប្រជាពលរដ្ឋ សិស្សានុសិស្ស និងគ្រប់ភាគីពាក់ព័ន្ធ ឱ្យរួមគ្នាថែរក្សាបរិស្ថាន កាត់បន្ថយសំណល់ និងកសាងភូមិឋានឱ្យកាន់តែស្អាត និងបៃតង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីនេះបានប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ នៅបរិវេណវិមានឯករាជ្យ ក្រុងសែនមនោរម្យ ក្រោមអធិបតីភាព លោក ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ងិន សុវិមាន អភិបាលរងខេត្ត លោក ហាស់ វិបុល ប្រធានមន្ទីរបរិស្ថានខេត្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

លោក ងិន សុវិមាន បានថ្លែងថា ការថែរក្សាអនាម័យបរិស្ថាន និងការគ្រប់គ្រងសំណល់ឱ្យបានត្រឹមត្រូវ គឺជាកត្តាសំខាន់ក្នុងការលើកកម្ពស់សុខភាពសាធារណៈ និងការពារប្រព័ន្ធអេកូឡូស៊ី។ លោកបានកោតសរសើរចំពោះការចូលរួមរបស់ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ដែលបានរួមគ្នាសម្អាតបរិស្ថានជាប្រចាំ ធ្វើឱ្យលំនៅឋាន សាលារៀន និងទីសាធារណៈកាន់តែមានភាពស្អាត។

អភិបាលរងខេត្តបានអំពាវនាវឱ្យស្ថាប័នរដ្ឋ វិស័យឯកជន និងប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមអនុវត្ត «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន» ឆ្នាំ២០២៣-២០២៨ ដែលផ្តោតលើ «ភាពស្អាត ភាពបៃតង និងចីរភាព» ព្រមទាំងអនុវត្តគោលការណ៍ «៤ក» រួមមាន ការបដិសេធការប្រើប្រាស់ប្លាស្ទិកប្រើម្តងហើយបោះចោល ការកាត់បន្ថយការប្រើប្រាស់សម្ភារៈមិនចាំបាច់ ការប្រើប្រាស់ឡើងវិញ និងការញែកសំណល់ដើម្បីកែច្នៃ ក្នុងគោលដៅឈានទៅសម្រេចបាន «សំណល់សូន្យ» នៅក្នុងខេត្តមណ្ឌលគិរី។

ជាមួយគ្នានេះ លោក ហាស់ វិបុល ប្រធានមន្ទីរបរិស្ថានខេត្ត បានឱ្យដឹងថា ប្រធានបទ «សំណល់សូន្យ» ឆ្នាំ២០២៦ ផ្តោតលើការប្រើប្រាស់ធនធានឱ្យមានប្រសិទ្ធភាព និងកាត់បន្ថយសំណល់ឱ្យនៅអប្បបរមា ដើម្បីរួមចំណែកការពារបរិស្ថាន និងអភិវឌ្ឍសហគមន៍ប្រកបដោយចីរភាព។

ការប្រារព្ធទិវានេះ មិនត្រឹមតែជាការរំលឹកពីសារៈសំខាន់នៃការការពារបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបំផុសឱ្យប្រជាពលរដ្ឋគ្រប់រូប ចាប់ផ្តើមពីសកម្មភាពតូចៗក្នុងជីវភាពប្រចាំថ្ងៃ ដើម្បីរួមគ្នាកសាងខេត្តមណ្ឌលគិរីឱ្យក្លាយជាខេត្តដែលមានបរិស្ថានស្អាត បៃតង និងរស់នៅប្រកបដោយចីរភាព៕

ដោយ៖ រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម