ព័ត៌មានជាតិ
៧៧%ភាគរយនៃបុគ្គលិកដំឡើងរថយន្តតូយ៉ូតាយកចេញពីសិស្សដែលទទួលបានការបណ្ដុះបណ្ដាល TVET
ក្រុមហ៊ុនតូយ៉ូតាឱ្យដឹងថាបុគ្គលិកដំឡើងរថយន្តរបស់ខ្លួននៅកម្ពុជាចំនួន៧៧%ត្រូវបានជ្រើសរើសចេញពីសិស្សដែលបានបញ្ចប់ការសិក្សាជំនាញបណ្ដុះបណ្ដាលវិជ្ជាជីវៈ TVET ដែលមានអាយុពី១៨ ដល់២៣ឆ្នាំ ដែលជាការបង្ហាញថាយុវជនកម្ពុជាកំពុងរួមចំណែកកសាងអនាគតនៃឧស្សាហកម្មទំនើបនៅកម្ពុជា។ អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបង្ហាញនូវមោទនភាពថា ពិតជាមានសមត្ថភាពចាប់យកជំនាញកម្រិតខ្ពស់បើមានការបណ្ដុះបណ្ដាលត្រឹមត្រូវ។

លើកឡើងក្នុងពិធីដំណើរការផ្គុំ និងដំឡើងរថយន្ត តូយ៉ូតា ម៉ូដែលថ្មី នៅរោងចក្រតូយូតា ក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ កាលពីថ្ងៃទី២ ខែកក្កដា អគ្គនាយកក្រុមហ៊ុនតូយ៉ូតា ស៊ុយសូ លោក Harda Shigeru បានលើកឡើងថា យុវជនជំនាញរបស់កម្ពុជាទាំងនេះកំពុងក្លាយជាកម្លាំងចលករដ៏សំខាន់របស់រោងចក្រតូយ៉ូតានៅកម្ពុជា ដែលចាប់ផ្ដើមពីផលិតត្រឹម៤០គ្រឿងក្នុងមួយខែ ទៅជាង៤០០គ្រឿងក្នុងខែត្រឹមរយៈពេល២ឆ្នាំចុងក្រោយ។
ក្រៅពីបានបណ្ដាក់ទុននៅកម្ពុជាក្រុមហ៊ុនតូយ៉ូតាក៏បានសហការក្នុងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសនេះដល់យុវជនកម្ពុជាផងដែរដោយមានកិច្ចសហការជាមួយវិទ្យាស្ថានបច្ចេកទេស JVC ក្នុងគោលបំណងលើកកម្ពស់គុណភាពបណ្តុះបណ្តាលផ្នែកមេកានិចរថយន្តឱ្យឆ្លើយតបទៅនឹងស្តង់ដាឧស្សាហកម្មទំនើប។

ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជាលោក អ៊ូអិណុ អាត់ស៊ូស៊ី មានប្រសាសន៍ថា កាលពីខែមីនា ក្រុមហ៊ុនតូយ៉ូតាបានចុះអនុស្សារណៈយោគយល់ជាមួយ JVC ដើម្បីបង្កើតមជ្ឈមណ្ឌលបណ្ដុះបណ្ដាលតូយ៉ូតា ដែលនឹងបណ្ដុះបណ្ដាលវិស្វករផ្នែកយានយន្តដល់យុវជនកម្ពុជា។ តាមការសង្កេតរបស់លោកយុវជនកម្ពុជាដែលបានបណ្ដុះបណ្ដាលនិងធ្វើការនៅរោងចក្រតូយ៉ូតាបានបង្កើនផលិតភាពរបស់ខ្លួនដល់ទៅ៣ដងឯណោះ។
លោកសង្ឃឹមថា៖ «វិស្វករដែលទទួលបានការបណ្តុះបណ្តាលចេញពីមជ្ឈមណ្ឌល និងរោងចក្រនេះ នឹងក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការរួមចំណែកអភិវឌ្ឍន៍វិស័យឧស្សាហកម្មយានយន្តទាំងមូលនៅក្នុងប្រទេសកម្ពុជា»។

អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល មានប្រសាសន៍ថា រដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់ដល់ការវិនិយោគដែលបង្កើតតម្លៃបន្ថែមខ្ពស់ និងការផ្ទេរបច្ចេកវិទ្យាជំនាញដល់ប្រជាជនកម្ពុជា។ លោកថាពេលនេះយុវជនកម្ពុជាបានបង្ហាញថាខ្លួនពិតជាអាចបំពេញការងារបច្ចេកទេសជំនាញជាន់ខ្ពស់បានយ៉ាងល្អ ប្រសិនជាទទួលបានការបណ្ដុះបណ្ដាលត្រឹមត្រូវ។
លោកឧបនាយករដ្ឋមន្ត្រីបន្ថែមថា៖ «នេះហើយជាគំរោងវិនិយោគយុទ្ធសាស្ត្រដែលរាជរដ្ឋាភិបាលកម្ពុជាតែងតែផ្ដល់អទិភាពនិងស្វាគមន៍យ៉ាងកក់ក្ដៅបំផុតដែលមិនត្រឹមតែជាការមកបណ្ដាក់ទុនបង្កើតរោងចក្រប៉ុណ្ណោះទេតែបានចូលរួមយ៉ាងសកម្មក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីឧស្សាហកម្មបណ្ដុះបណ្ដាលធនធានមនុស្សនិងកសាងអនាគតរួមជាមួយកម្ពុជាក្នុងរយៈពេលវែង»។
លោកជឿជាក់ថា ការដាក់ដំណើរការមជ្ឈមណ្ដលបណ្ដុះបណ្ដាលតូយ៉ូតានឹងជំរុញដល់ការអភិវឌ្ឍន៍ជំនាញមេកានិក និងយានយន្តកម្ពុជាឱ្យដើរទាន់និន្នាការពិភពលោក។

គួរឱ្យដឹងផងដែរថា គិតរហូតមកដល់ពេលនេះនៅកម្ពុជាមានរោងចក្រផលិត ផ្គុំ និងតម្លើង រថយន្តចំនួន១១ ដែលយុវជនកម្ពុជាបាន ផលិតបានប្រមាណ ៣៧ ៩០០គ្រឿងក្នុងមួយឆ្នាំ ហើយបើគិតមកដល់បច្ចុប្បន្នមានរថយន្តប្រមាណ ១៧៣ ៤៧៣គ្រឿងហើយត្រូវបានផលិតដាក់លក់ និងចរាចរណ៍នៅកម្ពុជា៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម


