Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្តស្វាយរៀង បញ្ជាឲ្យរុះរើស្លាកយីហោខុសច្បាប់ និង ស្លាកបង្កប់វេបសាយហ្គេមអនឡាញ ក្នុងភូមិសាស្ត្រក្រុងបាវិត

បានផុស

នៅ

អនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ លោក ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង លោក ម៉ែន អេង អភិបាលរងខេត្ត បានដឹកនាំក្រុមការងារចម្រុះខេត្ត និង រដ្ឋបាលក្រុងបាវិត ចុះត្រួតពិនិត្យផ្ទាល់លើការដាក់ស្លាកយីហោអាជីវកម្មនានា ដែលមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ច្បាប់អនុញ្ញាត និង ការបង្កប់ស្លាកផ្សព្វផ្សាយខុសច្បាប់ ក្នុងភូមិសាស្ត្រក្រុងបាវិត កាលពីថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ ២០២៦ ថ្មីៗ នេះ។ ក្នុងដំណើរការចុះត្រួតពិនិត្យលើស្លាកយីហោនេះ ក៏មានការចូលរួមពីលោកប្រធានមន្ទីរព័ត៌មានខេត្ត លោកអភិបាលរងក្រុងបាវិត មន្ត្រីសាលាក្រុងបាវិត និង អាជ្ញាធរពាក់ព័ន្ធ ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងយុទ្ធនាការចុះត្រួតពិនិត្យនេះ ក្រុមការងារចម្រុះ បានរកឃើញស្លាកយីហោមួយចំនួនធំមានការសរសេរអក្សរបរទេសខុសទម្រង់ច្បាប់ ដោយទំហំអក្សរបរទេសធំជាងអក្សរខ្មែរ ឬ គ្មានអក្សរខ្មែរទាល់តែសោះ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ មានទីតាំងមួយចំនួនបានលួចលាក់លើកស្លាកយីហោបង្កប់វេបសាយល្បែងស៊ីសង (ហ្គេមអនឡាញ) ខុសច្បាប់ ដែលជាទង្វើល្មើសនឹងបទបញ្ជារបស់រាជរដ្ឋាភិបាល។

លោក ម៉ែន អេង បានសង្កត់ធ្ងន់ និង ដាស់តឿនយ៉ាងម៉ឺងម៉ាត់ ជុំវិញទិដ្ឋភាពច្បាប់ នៃការដាក់ស្លាកយីហោអាជីវកម្ម។ លោកបញ្ជាក់ថា រាល់ការដាក់ស្លាកយីហោទាំងអស់ ត្រូវតែគោរពតាមច្បាប់កំណត់ ដោយអក្សរខ្មែរត្រូវតែនៅខាងលើ និង មានទំហំធំជាងអក្សរបរទេស ហើយការសរសេរអក្ខរាវិរុទ្ធភាសាខ្មែរ ត្រូវតែត្រឹមត្រូវតាមវចនានុក្រមខ្មែរ។ លោកបន្ថែមថា រដ្ឋបាលខេត្ត មិនអនុញ្ញាតដាច់ខាតរាល់ការផ្សព្វផ្សាយល្បែងស៊ីសងអនឡាញខុសច្បាប់គ្រប់ទម្រង់ ដែលប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម។

កិច្ចប្រតិបត្តិការនេះ ក្រុមការងារចម្រុះខេត្ត និង ក្រុង បានដាក់ការណែនាំយ៉ាងតឹងរ៉ឹងដល់ម្ចាស់ទីតាំងកាស៊ីណូ និង តំណាងក្រុមហ៊ុនទាំងអស់នៅក្នុងតំបន់ ដូចខាងក្រោម ៖ ១.ត្រូវតែធ្វើការរុះរើជាបន្ទាន់ រាល់ស្លាកយីហោទាំងឡាយណាដែលមានបង្កប់វេបសាយអនឡាញខុសច្បាប់។ ២.ត្រូវកែសម្រួលឡើងវិញនូវរាល់ស្លាកយីហោដែលពុំមានសរសេរភាសាខ្មែរ ឬ អក្សរបរទេសទំហំធំជាងអក្សរខ្មែរ។ ៣.ទុករយៈពេលកំណត់ ឱសានវាទ តែមួយសប្តាហ៍ប៉ុណ្ណោះ គិតចាប់ពីថ្ងៃជូនដំណឹងនេះ ដើម្បីឲ្យម្ចាស់ទីតាំងទាំងអស់ធ្វើការរុះរើ និង កែប្រែដោយស្ម័គ្រចិត្ត។

រដ្ឋបាលខេត្តស្វាយរៀង បានព្រមានទុកជាមុនថា ក្នុងករណីហួសកាលកំណត់រយៈពេលមួយសប្តាហ៍នេះ ហើយម្ចាស់ទីតាំងកាស៊ីណូ ឬ ក្រុមហ៊ុនណា នៅតែរឹងរូសមិនអនុវត្តតាមការណែនាំ ក្រុមការងារចម្រុះ នឹងចុះអនុវត្តវិធានការរដ្ឋបាលរុះរើដោយបង្ខំ ដោយមិនទទួលខុសត្រូវរាល់ការខូចខាតទ្រព្យសម្បត្តិឡើយ ហើយម្ចាស់ទីតាំងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕
អត្ថបទ ៖ ភក្តី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម