Connect with us

ព័ត៌មានជាតិ

ក្រសួងការងារ ប្រកាសជ្រើសរើសពលករខ្មែរ២០០០នាក់ ទៅធ្វើការនៅរដ្ឋអុីស្រាអែលក្នុងវិស័យកសិកម្ម

បានផុស

នៅ

ក្រសួងការងារ និង បណ្តុះបណ្តាល វិជ្ជាជីវៈ នឹងជ្រើសរើស បណ្តុះបណ្តាល និងបញ្ជូនជនទេសន្តរប្រវេសន៍ ការងារខ្មែរ ទៅធ្វើការនៅរដ្ឋរដ្ឋអុីស្រាអែល ក្នុងវិស័យកសិកម្ម ចំនួន ២ ០០០នាក់ ដោយអាចទទួលបានប្រាក់ឈ្នួលប្រមាណជាង ២០០០ដុល្លារអាមេរិកក្នុងខែ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងសេចក្តីជូនដំណឹងស្តីពីការជ្រើសរើស ជនទេសន្តរប្រវេសន៍ការងារខ្មែរ ទៅធ្វើការនៅរដ្ឋអុីស្រាអែល ក្នុងវិស័យកសិកម្មចុះថ្ងៃទី៩ ខែកក្កដា លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ចំពោះលក្ខខណ្ឌជ្រើសរើសបេក្ខជនត្រូវមានអាយុចន្លោះពី ២៣ ដល់ ៣៩ឆ្នាំ មានចំណេះដឹងភាសាអង់គ្លេសកម្រិតមូលដ្ឋាន។ បេក្ខជនដែលចេះភាសាហេព្រើរ ត្រូវបានផ្តល់អាទិភាព មានបទពិសោធន៍ការងារកសិកម្មនៅកសិដ្ឋាន ដែលមានសកម្មភាពប្រហាក់ប្រហែលនៅរដ្ឋអុីស្រាអែល ដែលបញ្ជាក់ដោយអង្គភាពបញ្ជូននៃក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ(ប្រសិន បើមាន)។ បេក្ខជនដែលមានបទពិសោធន៍ការងារកសិកម្មស្របច្បាប់នៅសាធារណរដ្ឋកូរ៉េ ឬ ជប៉ុន ត្រូវបានផ្តល់អាទិភាព មានកាយសម្បទារឹងមាំ និង ស្មារតីល្អ អាចបំពេញការងារក្រោមបរិយាកាសក្តៅ និងនៅទីវាល

នៅរដ្ឋអុីស្រាអែល មិនមានសាច់ញាតិកម្រិតទី១ (ឪពុកម្តាយ កូន ប្តីប្រពន្ធ) កំពុងរស់នៅ ឬធ្វើការក្នុងរដ្ឋអ៊ីស្រាអែល (លើកលែង បងប្អូនបង្កើត) មិនធ្លាប់ទៅធ្វើការនៅរដ្ឋអុីស្រាអែលពីមុន  មិនមានជំងឺឆ្លង (របេង, រលាកថ្លើម B និង C, មេរោគអេដស៍ ឬកាមរោគ), មិនមានប្រវត្តិជំងឺ បេះដូង, មិនមានជំងឺងងឹតពណ៌ភ្នែក, និងមិនមានពិការភាពផ្នែកអវយវៈ  មានកិរិយាមារយាទជាពលរដ្ឋល្អ មិនធ្លាប់ប្រើប្រាស់គ្រឿងញៀន ឬញៀនគ្រឿងស្រវឹង  មិនមានប្រវត្តិប្រព្រឹត្តបទល្មើស ឬជាប់ពន្ធនាគារ ឬទោសឧក្រិដ្ឋ។ សម្រាប់បេក្ខជនធ្លាប់ស្នាក់នៅ បរទេសលើសពី ៦ខែ អាចតម្រូវឱ្យមានលិខិតបញ្ជាក់ពីប្រទេសនោះ (ប្រសិនបើមាន) បានវិលត្រឡប់មកកម្ពុជាវិញស្របច្បាប់យ៉ាងតិច ២ឆ្នាំ ចំពោះនិស្សិតដែលបានចូលរួមកម្មវិធី ហាត់ការផ្នែកកសិកម្មនៅរដ្ឋអ៊ីស្រាអែល។

លោករដ្ឋមន្ត្រី បានបន្តថាកាលបរិច្ឆេទ និងទីកន្លែងចែកពាក្យនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៨-១៩ ខែកក្កដា ឆ្នាំ២០២៦នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC)ដោយពាក្យ១ច្បាប់តម្លៃមួយម៉ឺនរៀល។ បេក្ខជនត្រូវមកទទួលពាក្យដោយផ្ទាល់ និងត្រូវភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ច្បាប់ដើម។ កាលបរិច្ឆេទ និងទីកន្លែងទទួលពាក្យចាប់ពីថ្ងៃទី២៧ ខែកក្កដា ដល់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC)ដោយ បេក្ខជនត្រូវមកដាក់ពាក្យដោយផ្ទាល់ និងត្រូវភ្ជាប់ឯកសារដូចជា

អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថតចម្លងពណ៌ធម្មជាតិ ចំនួន ៣ច្បាប់ សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅថតចម្លងសខ្មៅ ចំនួន ២ច្បាប់  សេចក្តីចម្លងសំបុត្របញ្ជាក់កំណើត ចំនួន ២ច្បាប់ និងថតចម្លងសខ្មៅ ចំនួន ២ច្បាប់  រូបថតទំហំ ៥x៥ (ផ្ទៃក្រោយពណ៌ស) ចំនួន ៤សន្លឹក  លិខិតឆ្លងដែនថតចម្លងពណ៌ធម្មជាតិ ចំនួន ៤ច្បាប់ (ប្រសិនបើមាន)  លិខិតធានាអះអាងបេក្ខជន ចំនួន ១ច្បាប់  លិខិតធានាអះអាងអាណាព្យាបាល ចំនួន ១ច្បាប់  លិខិតបញ្ជាក់បុគ្គលិកលក្ខណៈនៃបេក្ខជន ចំនួន ១ច្បាប់  លិខិតបញ្ជាក់ការងារផ្នែកកសិកម្មនៅតាមកសិដ្ឋាន ចំនួន ១ច្បាប់  ឯកសារបញ្ជាក់ធ្លាប់ទៅធ្វើការផ្នែកកសិកម្មនៅសាធារណរដ្ឋកូរ៉េ ឬជប៉ុន (ប្រសិនបើមាន) និង វិញ្ញាបនបត្រភាសាអង់គ្លេស ឬហេព្រើរ (ប្រសិនបើមាន)។

លោករដ្ឋមន្ត្រី បានបន្តទៀតថា បញ្ជីឈ្មោះបេក្ខជនដែលត្រូវបានជ្រើសរើសមកសម្ភាស នឹងត្រូវប្រកាសផ្សព្វផ្សាយតាមរយៈបណ្តាញ ផ្សព្វផ្សាយផ្លូវការរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមាន QR Code។ បេក្ខជនជាបុរស នឹងត្រូវបានជ្រើសរើសភាគច្រើន។និយោជកអុីស្រាអែល គឺជាអ្នកជួលបេក្ខជនឱ្យធ្វើការ ហើយទទួលខុសត្រូវចំពោះប្រាក់ឈ្នួល និង លក្ខខណ្ឌការងារផ្សេងៗរបស់បេក្ខជន។រដ្ឋអុីស្រាអែល មិនមែនជាអ្នកជួលបេក្ខជនឱ្យធ្វើការឡើយ។ ប្រាក់ឈ្នួលអប្បបរមាប្រចាំខែនៅរដ្ឋអុីស្រាអែល គឺប្រមាណ ២ ១០០ ដុល្លារអាម៉េរិក (អាចប្រែប្រួលតាមអត្រាប្តូរប្រាក់ជាក់ស្តែង) និងតម្រូវឱ្យមានការកាត់ប្រាក់ឈ្នួលជាកាតព្វកិច្ចតាមច្បាប់ ដូចជា ថ្លៃធានារ៉ាប់រងសុខភាព ទីកន្លែងស្នាក់នៅនិងថ្លៃទឹកភ្លើង ពន្ធលើប្រាក់ចំណូល និងធានា រ៉ាប់រងផ្សេងៗ បេក្ខជនដែលបានដាក់ពាក្យទាំងអស់នឹងមិនប្រាកដថាអាចទៅធ្វើការនៅរដ្ឋអុីស្រាអែលឡើយ។ រដ្ឋអុីស្រាអែលនឹងជ្រើសរើសបេក្ខជនយ៉ាងច្រើនបំផុតចំនួន ៧៥% នៃបេក្ខជនបានសម្ភាសជាប់។

បើតាមលោករដ្ឋមន្ត្រី យោងតាមកិច្ចព្រមព្រៀងជាមួយរដ្ឋអុីស្រាអែល បេក្ខជនត្រូវចំណាយសរុបទាំងអស់ប្រមាណ ៣ ៨០០ដុល្លារអាម៉េរិក (អាចប្រែប្រួលតាមអត្រាប្តូរប្រាក់ជាក់ស្តែង) លើសំណុំឯកសារចាំបាច់ ការបណ្តុះបណ្តាល សំបុត្រយន្តហោះពីកម្ពុជាទៅរដ្ឋអុីស្រាអែល សេវារដ្ឋបាល និងសេវាថែទាំ ដែលត្រូវបង់ឱ្យទីភ្នាក់ងារជ្រើសរើសនៅរដ្ឋអុីស្រាអែល រយៈពេលធ្វើការងារអតិបរមារបស់ជនទេសន្តរប្រវេសន៍ការងារខ្មែរនៅរដ្ឋអុីស្រាអែល មានចំនួន ៦៣ខែ គិតចាប់ពីថ្ងៃដំបូងចូលទៅរដ្ឋអុីស្រាអែល។ រដ្ឋអុីស្រាអែល គឺជាប្រទេសដែលអាចស្ថិតក្នុងភាពមានអាសន្ន និងមានសកម្មភាពយោធាកើត ឡើងនៅភាគខាងជើង និងភាគខាងត្បូងបេក្ខជននឹងត្រូវបានថតរូបដើម្បីផ្ទៀងផ្ទាត់អត្តសញ្ញាណ។

ក្រសួងការងារបញ្ជាក់ថា ការជ្រើសរើស បណ្តុះបណ្តាល បញ្ជូន និងគ្រប់គ្រងជនទេសន្តរប្រវេសន៍ការងារ ខ្មែរទៅធ្វើការនៅរដ្ឋអុីស្រាអែលក្នុងវិស័យកសិកម្ម គឺជាយន្តការបញ្ជូនរដ្ឋនិងរដ្ឋ រវាងរាជរដ្ឋាភិបាលកម្ពុជា ដែលមាន ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈជាប្រតិបត្តិករតែមួយគត់ និងរដ្ឋាភិបាលនៃរដ្ឋអ៊ីស្រាអែល។

ក្រសួងការងារបានណែនាំឱ្យបេក្ខជនទាក់ទងបន្ថែមតាមប្រព័ន្ធ Hotline លេខ ១២៩៧ ឬក្រុមតេឡេក្រាម “សម្រាប់ ពលករ ទេសន្តរប្រវេសន៍” ដែលមាន QR Code ខាងក្រោម ឬតាមរយៈទូរសព្ទលេខ +៨៥៥ ៧០ ៣១៣ ៥០៥/+៨៥៥ ៨៩ ៩៥៧ ៧៨៩ នៅរៀងរាល់ម៉ោងធ្វើការ៕ អត្ថបទ៖សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម