Connect with us

ព័ត៌មានជាតិ

ក្រសួងការងារ និង ILO បើកសិក្ខាសាលាពិគ្រោះយោបល់ត្រីភាគីលើកទី ២ លើសេចក្តីព្រាងច្បាប់ស្តីពី «សុវត្ថិភាព និង សុខភាពការងារ»

បានផុស

នៅ

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាព និង សុខភាពការងារ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងសិក្ខាសាលាពិគ្រោះយោបល់ត្រីភាគី លើកទី ២ លើសេចក្តីព្រាងច្បាប់ស្តីពី «សុវត្ថិភាព និង សុខភាពការងារ» (OSH) កាលពីព្រឹកថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២៦ នៅសណ្ឋាគារ Sokha Phnom Penh ដើម្បីពិគ្រោះយោបល់ និង ប្រមូលធាតុចូលបន្ថែមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការដៃគូជាតិ-អន្តរជាតិ និយោជក និង កម្មករ-និយោជិត សំដៅធានាឱ្យច្បាប់នេះកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយស្របតាមបរិបទកម្ពុជា និង បទដ្ឋានស្តង់ដារអង្គការ ILO គាំទ្រការលើកកម្ពស់សុវត្ថិភាព និង សុខភាពការងារ និង ការអភិវឌ្ឍទីផ្សារការងារប្រកបដោយចីរភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងទៅកាន់អ្នកចូលរួមប្រមាណ ២០០ រូប លោករដ្ឋមន្រ្តី មានប្រសាសន៍ថា តាមរយៈការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់សុវត្ថិភាព និង សុខភាពការងារ ក្រសួង បានរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ ឆ្នាំ ២០២៤-២០២៨ ព្រមទាំងអនុវត្តផែនការមេលើកទី ៣ ស្តីពីសុវត្ថិភាព និង សុខភាពការងារ ឆ្នាំ ២០២៣-២០២៧ ដើម្បីកសាងវប្បធម៌សុវត្ថិភាពនៅកន្លែងធ្វើការ ឈានឆ្ពោះទៅសម្រេចឱ្យបានចក្ខុវិស័យ «គ្រប់កន្លែងធ្វើការមានប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និង សុខភាពការងារត្រឹមត្រូវ ដើម្បីលុបបំបាត់គ្រោះថ្នាក់ការងារ និង ជំងឺវិជ្ជាជីវៈ»។

លោកគូសបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះកើតចេញពីការចងក្រងសេចក្តីប្រកាស និង លិខិតបទដ្ឋានគតិយុត្តផ្សេងៗ ជាង ២០ ដែលមានស្រាប់ ហើយការបង្កើតច្បាប់នេះគឺជាការឆ្លើយតបដោយផ្ទាល់ និង ទាន់ពេលវេលាទៅនឹងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការសម្រេចបាននូវផលិតភាពការងារខ្ពស់ ការប្រកួតប្រជែងសេដ្ឋកិច្ចនៅលើឆាកអន្តរជាតិ និង ចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ទន្ទឹមនេះ ច្បាប់នេះ ក៏បង្ហាញយ៉ាងច្បាស់ថា កម្ពុជា មិនខុសពីបណ្តាប្រទេសក្នុងតំបន់អាស៊ានផងដែរ ដែលបានអនុម័តដាក់ឱ្យប្រើច្បាប់នេះរួចហើយ។ សម្រាប់កម្ពុជា ការអនុម័តដាក់ឱ្យប្រើច្បាប់នេះនាពេលខាងមុខ គឺជាការបង្ហាញឆន្ទៈក្នុងការធានាអនុលោមភាពផ្នែកសុវត្ថិភាព និង សុខភាពការងារ ស្របតាមនិន្នាការសកល និង បទដ្ឋានអន្តរជាតិខាងការងារ ជាពិសេសក្នុងការជំរុញការត្រួតពិនិត្យការអនុវត្តច្បាប់ពាក់ព័ន្ធនឹងសិទ្ធិមនុស្សនិងបរិស្ថាន (HREDD)។

នាឱកាសនោះ លោកលើកឡើងថា ក្រសួង តែងតែប្រកាន់ភ្ជាប់នូវយន្តការត្រីភាគី ហើយច្បាប់ដែលល្អ និង គ្រប់ជ្រុងជ្រោយ គឺកើតចេញពីកិច្ចសន្ទនាត្រីភាគី ដែលមានការចូលរួមស្មើភាព បើកចំហ និង ស្មោះត្រង់។ ការពិគ្រោះយោបល់ថ្នាក់ជាតិលើកទី ២ នេះ ជាការបោះជំហានទៅមុខដ៏ធំមួយទៀតក្នុងការផ្ទៀងផ្ទាត់ឡើងវិញនូវចំណុចសំខាន់ៗ ដែលបានកែសម្រួល និង ឯកភាពរួមគ្នា ថា តើបទប្បញ្ញត្តិដែលបានកែប្រែមានភាពស៊ីចង្វាក់គ្នានឹងការប្រែប្រួលសេដ្ឋកិច្ច មានតុល្យភាពរវាងការការពារកម្មករ-និយោជិត និង ការសម្រួលដល់បន្ទុកធុរកិច្ច នៃនិយោជកដែរឬទេ និងថា តើចំណុចដែលបានកែប្រែ និង ដាក់បញ្ចូលក្នុងច្បាប់នេះស្របតាមស្តង់ដារអន្តរជាតិដែលកំណត់ដោយ ILO ដែរឬទេ ជាពិសេសអនុសញ្ញាអន្តរជាតិខាងការងារលេខ ១៥៥ និង លេខ ១៨៧។

លោករដ្ឋមន្រ្តី បានអំពាវនាវដល់អង្គសិក្ខាសាលា សូមបើកចិត្តឱ្យទូលាយទទួលយកការរិះគន់ក្នុងន័យស្ថាបនា និង ជជែកគ្នាដោយផ្អែកលើទិន្នន័យ ភស្តុតាង និង បច្ចេកទេស ដើម្បីស្វែងរកចំណុចរួមដែលគ្រប់ភាគីអាចទទួលយកបាន។ ដើម្បីឱ្យការពិភាក្សានេះសម្រេចបានតាមគោលបំណងយុទ្ធសាស្ត្រដែលបានគ្រោងទុក លោកបានផ្តល់អនុសាសន៍ឱ្យអង្គសិក្ខាសាលាពិនិត្យខ្លឹមសារមាត្រាជាក់លាក់ និង ភាសាច្បាប់ , បែងចែកសមត្ថកិច្ចអន្តរក្រសួង និង ផ្ទេរបទប្បញ្ញត្តិលម្អិតទៅក្នុងលិខិតបទដ្ឋានក្រោមច្បាប់ ដោយគួរតែកំណត់ត្រឹមតែគោលការណ៍គ្រឹះ កាតព្វកិច្ចចម្បង និង ក្របខ័ណ្ឌទូទៅនៅក្នុងច្បាប់នេះ។ លោកជឿជាក់យ៉ាងមុតមាំថា ស្មារតីសហការ និង បទពិសោធដ៏សម្បូរបែបពីអង្គសិក្ខាសាលា នឹងសម្រេចបាននូវលទ្ធផលជាប្រវត្តិសាស្ត្រ ហើយច្បាប់នេះ នឹងក្លាយជាគ្រឹះដ៏រឹងមាំក្នុងការធានាថា រាល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាមិនត្រូវដើរទន្ទឹមគ្នានឹងការលះបង់សុខភាពរបស់កម្មករ-និយោជិត នោះឡើយ។

ទន្ទឹមនេះ លោក ទុន សុភ័ណ មន្រ្តីសម្របសម្រួលថ្នាក់ជាតិ នៃអង្គការ ILO ប្រចាំកម្ពុជា លោកឧកញ៉ា ស គីណាល់ អនុប្រធានសហព័ន្ធនិយោជក និង សមាគមពាណិជ្ជកម្មកម្ពុជា ព្រមទាំងលោក លី វិចិត្រ ប្រធានសហភាពសហជីពសុភមង្គលកម្មករ និងជាអនុប្រធានអនុគណៈកម្មាធិការជាតិ OSH បានគាំទ្រ និង អរគុណចំពោះរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការងារ ដែលបានរៀបចំឱ្យមានសេចក្តីព្រាងច្បាប់ដ៏សំខាន់នេះឡើង និង បើកឱកាសឱ្យមានកិច្ចពិភាក្សាពីគ្រប់ភាគីពាក់ព័ន្ធ ដែលបង្ហាញពីការយកចិត្តទុកដាក់បន្ថែមទៀតលើសុវត្ថិភាព និង សុខភាពការងារដល់កម្មករ-និយោជិត ឆ្លុះបញ្ចាំងពីគុណតម្លៃ នៃអង្គការ ILO ជួយជំរុញការប្រកួតប្រជែងលើឆាកអន្តរជាតិ ព្រមទាំងចូលរួមជំរុញចលនា «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម