ព័ត៌មានជាតិ
កម្ពុជា និងក្រុមហ៊ុនដាណឺម៉ាក រួមគ្នាលើកកម្ពស់ជំនាញ TVET តាមស្តង់ដាអន្តរជាតិ
ភ្នំពេញ ៖ លោក ជា កុសល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក ថមមី គ្រីសស្ទៀនសិន (Tommy Christensen) ប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិក្រុមហ៊ុន SCAN Industrial Services (Cambodia) Co., Ltd. ព្រមទាំងអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចព្រមព្រៀង (MoA)ស្តីពីភាពជាដៃគូក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការអភិវឌ្ឍកម្លាំងពលកម្ម រវាងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រុមហ៊ុន Scan Industrial Services (Cambodia) Co., Ltd (SIS) នារសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ នាទីស្តីការក្រសួង។ ជំនួបដ៏មានសារៈសំខាន់នេះក៏រៀបចំឡើង ដើម្បីឯកភាពគ្នាលើផែនការ និងជំហានបន្ទាប់សម្រាប់ការអនុវត្តអនុស្សរណៈនៃកិច្ចព្រមព្រៀង ក្នុងទិសដៅពង្រឹងកិច្ចសហប្រតិបត្តិការលើការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ការអភិវឌ្ឍជំនាញ និងការអភិវឌ្ឍកម្លាំងពលកម្ម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

នាឱកាសនោះ ក្នុងនាមលោករដ្ឋមន្រ្តី លោករដ្ឋលេខាធិការបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក ថមមី គ្រីសស្ទៀនសិន និងសហការី ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះការសម្រេចបាននូវសមិទ្ធផលគួរជាទីមោទនៈនេះ ដែលកើតចេញពីទំនាក់ទំនងល្អ កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារបច្ចេកទេស និងការជឿទុកចិត្តគ្នាទៅវិញទៅមក។ ពិធីចុះហត្ថលេខានេះ មានអត្ថន័យលើសពីការបង្កើតកិច្ចព្រមព្រៀងជាផ្លូវការរវាងភាគីទាំងពីរទៅទៀត ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យ TVET ការអភិវឌ្ឍជំនាញ និងការត្រៀមកម្លាំងពលកម្មកម្ពុជាតាមស្តង់ដាអន្តរជាតិ។

លោកបានលើកឡើងពីសារៈសំខាន់នៃគ្រឹះស្ថាន TVET ដែលជាមូលដ្ឋានយុទ្ធសាស្ត្ររបស់កម្ពុជាក្នុងការបំប្លែងកម្លាំងពលកម្ម ដោយអនុញ្ញាតឱ្យមានការបណ្ដុះជំនាញឡើងវិញ ការលើកកម្ពស់ជំនាញ ដើម្បីបំពាក់ជំនាញសមស្របនឹងតម្រូវការឧស្សាហកម្មដល់យុវជន ជាពិសេសក្នុងការលើកកម្ពស់ស្តង់ដាវិជ្ជាជីវៈ និងការអភិវឌ្ឍសមត្ថភាពកម្លាំងពលកម្មទំនើប។ ទន្ទឹមនេះ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងការងារជាសេនាធិការ តែងតែផ្តោតការយកចិត្តទុកដាក់ខ្ពស់ក្នុងការអភិវឌ្ឍវិស័យ TVET ហើយគម្រោងត្រូវបានចុះហត្ថលេខានាឱកាសនេះនឹងរួមចំណែកលើកកម្ពស់ឧត្តមភាពរបស់វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ឱ្យឈានដល់កម្រិតថ្មីមួយទៀត។ សមិទ្ធផលនេះគឺជាអ្វីដែលឯកឧត្តមរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួងចង់ទទួលបានជាយូរមកហើយ។

ក្នុងនាមលោក ហេង សួរ លោករដ្ឋលេខាធិការបានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងនេះ និងទន្ទឹងរង់ចាំប្រកបដោយភាពជឿជាក់យ៉ាងមុតមាំនូវវឌ្ឍនភាពនៃការអនុវត្តគម្រោងប្រកបដោយភាពជោគជ័យ ក្នុងការរួមចំណែកមិនត្រឹមតែអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងរួមចំណែកលើកកម្ពស់កិត្យានុភាពរបស់វិស័យ TVET ជារួម ស្របតាមស្មារតីនិងយោងតាមផែនការអនុវត្តនៃអនុស្សរណៈនៃកិច្ចព្រមព្រៀងនេះ សម្រាប់ជាឧត្តមប្រយោជន៍សង្គមជាតិនិងយវុជនកម្ពុជាផងដែរ។
ជាការឆ្លើយតប លោក ថមមី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសម្តែងនូវក្តីរំភើបរីករាយយ៉ាងខ្លាំងក្រសួង និងក្រុមហ៊ុនដែលឈានមកដល់ការចុះហត្ថលេខានេះ ដែលនឹងក្លាយជាក្របខ័ណ្ឌ និងវេទិកាសម្រាប់កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។ លោកសង្ឃឹមយ៉ាងមុតមាំថា តាមរយៈកិច្ចសហការនេះ ភាគីទាំងពីរ នឹងអាចសម្រេចបានលទ្ធផលជាក់ស្តែងប្រកបដោយជោគជ័យក្នុងការសម្រេចគោលដៅដែលគ្រោងទុក ដែលនឹងរួមចំណែកអភិវឌ្ឍវិស័យ TVET នៅកម្ពុជា។

សូមបញ្ជាក់ថា គោលបំណងនៃអនុស្សរណៈនៃកិច្ចព្រមព្រៀងនេះ មានទិសដៅបង្កើតក្របខ័ណ្ឌស្របច្បាប់សម្រាប់លើកកម្ពស់កម្មវិធី TVET និងការអភិវឌ្ឍកម្លាំងពលកម្មនៅកម្ពុជា។ កិច្ចសហការនេះនឹងប្រើប្រាស់ជំនាញរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងកម្មវិធីផ្សារដែក និងគ្រឿងចក្រ ដើម្បីលើកកម្ពស់នាយកដ្ឋានវិស្វកម្មលោហៈ និងផ្សារដែកសន្លឹកនៃវិទ្យាស្ថាន ITI ឱ្យស្របតាមស្តង់ដាអន្តរជាតិ និងគាំទ្រការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ផែនទីបង្ហាញផ្លូវអភិវឌ្ឍជំនាញកម្ពុជា ឆ្នាំ២០២៣-២០៣៥ ក៏ដូចជាគោលនយោបាយ TVET របស់រាជរដ្ឋាភិបាលកម្ពុជា៕






-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


