Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់លើកទឹកចិត្តគ្រូពេទ្យប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈដើម្បីកសាងទំនុកចិត្តពីសាធារណជន

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់ក្រសួងសិខាភិបាលបានលើកទឹកចិត្តដល់គ្រូពេទ្យត្រូវគោរពនូវក្រមសីលធម៌វិជ្ជាជីវៈជាគ្រូពេទ្យឱ្យបានខ្ជាប់ខ្ជួន ដើម្បីកសាងទំនុកចិត្តពីសាធារណជនមកលើវិស័យសុខាភិបាលកាន់តែរឹងមាំនិងខ្លាំងក្លាបន្ថែមទៀតថ្លែងក្នុងពិធីផ្សព្វផ្សាយច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ក្រមសីលធម៌ វិជ្ជាជីវៈ និងភាពជាអ្នកមានវិជ្ជាជីវៈវេជ្ជសាស្ត្រនៅរសៀលថ្ងៃទី១០ខែកក្កដាឆ្នាំ២០២៦ដែលរៀបចំឡើងដោយ

មន្ទីរពេទ្យកុមារជាតិ លោក សាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានលើកឡើងថា ការប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈគ្រូពេទ្យ គួបផ្សំចំណេះជំនាញប្រកបដោយបច្ចេកទេសខ្ពស់នោះជាត្រីវិស័យនិងជាគន្លឹះដ៏សំខាន់ក្នុងការកសាងទំនុកចិត្តពីសាធារណជនមកលើវិស័យសុខាភិបាលយើងបន្ថែមទៀត។

លោករដ្ឋលេខាធិការបានបន្តថាដូចនេះកម្មវិធីនេះមិនត្រឹមតែជាការផ្សព្វផ្សាយប៉ុណ្ណោះទេតែជាឱកាសមួយមានសារសំខាន់ក្នុងការពង្រឹងការយល់ដឹងនិងការប្តេជ្ញាចិត្តរបស់អ្នកប្រកបវិជ្ជាជីវៈសុខាភិបាលនៅក្នុងការអនុវត្តការងាររបស់ខ្លួនប្រកបដោយសុច្ចរិកភាពមានគណនីយភាពនិងប្រកបដោយក្របសីលធម៌និងជាអ្នកមានវិជ្ជាជីវៈខ្ពស់ស្របតាមច្បាប់និងគតិយុត្តនានា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោករដ្ឋលេខាធិការបានបន្តថាកិច្ចការងាររបស់គណៈវិជ្ជាជីវៈ នៅក្នុងវិស័យសុខាភិបាល មានចំនួន៥ គណៈទៅតាមជំនាញរបស់អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ដែលត្រូវបានគ្រប់គ្រងក្នុងនោះរួមមាន គណៈគ្រូពេទ្យ,  គណៈទន្តពេទ្យ, គណៈឱសថការី, គណៈគិលានុបដ្ឋាក និងគណៈឆ្មប។

លោករដ្ឋលេខាធិការបានបន្ថែមទៀតថា នៅក្នុងអាណត្តិរាជរដ្ឋាភិបាលថ្មីក្រសួងសុខាភិបាល បានបង្កើតផែនការយុទ្ធសាស្ត្ររបស់គណៈគ្រូពេទ្យ ដើម្បីចូលរួមជាមួយគោលនយោបាយរបស់ក្រសួងក្នុងការពង្រឹងគុណភាពសេវា និងសុវត្ថិភាពសម្រាប់អ្នកជំងឺហើយថ្នាក់ដឹកនាំក្រសួង តែងតែលើកឡើងថា «គុណភាពសេវា និងសុវត្ថិភាពអ្នកជំងឺ» គឺត្រូវដើរទន្ទឹមគ្នា ដើម្បីឱ្យប្រជាជនមានសេចក្តីទុកចិត្តលើគ្រូពេទ្យ និងវិស័យសុខាភិបាល។

ជាមួយគ្នានេះដែរ លោករដ្ឋលេខាធិការណែនាំថា ដើម្បីសម្រេចបាននូវគោលដៅនេះ គ្រូពេទ្យត្រូវតែមានសមត្ថភាពបច្ចេកទេស ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលបានត្រឹមត្រូវនិង ជំនាញទន់ រួមមានក្រមសីលធម៌ សីលធម៌រស់នៅ និងការប្រាស្រ័យទាក់ទងល្អ  ទាំងជាមួយសហការី និងរវាងគ្រូពេទ្យជាមួយអ្នកជំងឺ និងក្រុមគ្រួសារផងដែរ។

លោក ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិបានមានប្រសាន៍ថា ការរៀបចំពិធីផ្សព្វផ្សាយនាថ្ងៃនេះ ពិតជាមានសារៈសំខាន់បំផុតសម្រាប់បុគ្គលិកមន្ទីរពេទ្យដែល យើងទាំងអស់គ្នា ត្រូវស្វែងយល់ពីច្បាប់យល់ដឹងពី «ច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល» ដើម្បីស្គាល់ពីសិទ្ធិ កាតព្វកិច្ច និងព្រំដែនគតិយុត្តក្នុងការពិនិត្យព្យាបាល ជៀសវាងរាល់ហានិភ័យផ្លូវច្បាប់ជាយថាហេតុ។

លោក នាយកមន្ទីរពេទ្យបានបន្តថា «ក្នុងនាមជាអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល យើងទាំងអស់គ្នាដឹងយ៉ាងច្បាស់ថា អាជីពជាគ្រូពេទ្យ មិនមែន ត្រឹមតែជាការងាររកចំណូលធម្មតានោះទេ ប៉ុន្តែវាគឺជា បេសកកម្មមនុស្សធម៌ និងការសង្គ្រោះជីវិត។

ក្នុងបរិបទ ដែលសង្គមមានការរីកចម្រើន ហើយប្រជាពលរដ្ឋកាន់តែមានការយល់ដឹងខ្ពស់ ការបំពេញការងារដោយផ្អែកលើ ជំនាញបច្ចេកទេសតែមួយមុខគឺមិនទាន់គ្រប់គ្រាន់ឡើយ។ វាទាមទារដាច់ខាតនូវការយល់ដឹងស៊ីជម្រៅអំពីទិដ្ឋភាពច្បាប់ និងការប្រកាន់ខ្ជាប់នូវខែលការពារខ្លួន គឺ “ក្រមសីលធម៌វិជ្ជាជីវៈ»។

លោកនាយកមន្ទីរពេទ្យជឿជាក់យ៉ាងមុតមាំថា ចំណេះដឹង និងបទពិសោធន៍ដ៏មានតម្លៃដែលនឹងត្រូវចែករំលែកដោយសាស្ត្រាចារ្យវាគ្មិននៅថ្ងៃនេះ នឹងក្លាយជាពុទ្ធិដ៏សំខាន់ ជួយឱ្យបុគ្គលិកយើងបំពេញភារកិច្ចកាន់តែមានទំនុកចិត្ត ត្រឹមត្រូវតាមស្តង់ដារ និងទទួលបាននូវការគោរពស្រឡាញ់កាន់តែខ្លាំងពីសំណាក់អ្នកជំងឺ និងសាធារណជន៕
អត្ថបទ៖សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម