ព័ត៌មានជាតិ
រដ្ឋមន្រ្តីសុខាភិបាល អះអាងថា ការប្រែប្រួលអាកាសធាតុបណ្តាលមកពីបាតុភូត អ៊ី នីណូ នាំឱ្យមានការកើនឡើងជំងឺគ្រុនឈាម
លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអះអាងថា ការប្រែប្រួលអាកាសធាតុដែលបណ្តាលមកពីបាតុភូតអ៊ី នីណូ( El Niño)ដែលនាំឱ្យមានការកើនឡើងករណីជំងឺគ្រុនឈាម នៅក្នុងរដូវវស្សានេះ។

ក្នុងឱកាសដឹកនាំវគ្គភាពអ្នកដឹកនាំ និងនវានុវត្តន៍លើកទី១២២ ដែលមានការចូលរួមពីមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រម តាមប្រព័ន្ធវីដេអូ សន្និសីទសរុបចំនួន ៣១០០នាក់ កាលពីរសៀលថ្ងៃទី៧កក្កដា លោករដ្ឋមន្ត្រីបានពន្យល់ថា បាតុភូតអ៊ី នីណូ( El Niño)នេះបានធ្វើឱ្យមានការកើនឡើងកំដៅដែលនឹងផ្តល់ឱកាសល្អដល់ការកកើតមូស ជាពិសេសមូលខ្លាញី ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម។

លោករដ្ឋមន្ត្រីបានណែនាំដល់មូលដ្ឋានសុខាភិបាល ត្រូវយកចិត្តទុកដាក់ ក្នុងការអប់រំសុខភាព ត្រៀមខ្លួនក្នុងការបម្រើសេវាការពារ និងព្យាបាលឱ្យមានប្រសិទ្ធិភាព និងទាន់ពេលវេលា។ បន្ថែមពីនេះ មូលដ្ឋានសុខាភិបាលត្រូវចូលរួមពីសហគមន៍ និងអជ្ញាធរមូលដ្ឋានឱ្យចូលរួមក្នុងការបំបាត់ជម្រកមូសក្នុងសហគមន៍ និងបញ្ជូនអ្នកជំងឺសង្ស័យថាមានជំងឺគ្រុនឈាម ទៅកាន់មូលដ្ឋានសុខាភិបាលសាធារណៈ នៅជិតបំផុតឱ្យបានទាន់ពេលវេលា។
បើតាមលោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ បានមានប្រសាសន៍ថា គិតត្រឹមពេលនេះ មានអ្នកឆ្លងជំងឺគ្រុនឈាមប្រមាណ ១២,០០០ករណី ដែលតួលេខនេះមានប្រហាក់ប្រហែលគ្នាបើធៀបទៅនឹងរយៈពេល៦ខែដូចគ្នាកាលពីឆ្នាំ២០២៥កន្លងទៅ។ ទោះជាយ៉ាងណា លោកវេជ្ជបណ្ឌិតបានបន្តថា ក្រសួងសុខាភិបាលបាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ និងគ្រប់គ្រងស្ថានភាពជំងឺគ្រុនឈាមឱ្យបានម៉ត់ចត់ដើម្បីទប់ស្កាត់ការរីករាលដាលឱ្យបានទាន់ពេល។

លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល បានមានប្រសាសន៍ថា បច្ចុប្បន្ននេះជំងឺគ្រុនឈាមបានកើតឡើងនៅទូទាំងប្រទេសពិសេសនៅតាមបណ្តារាជធានីខេត្ត ទីប្រជុំជនដែលមានប្រជាពលរដ្ឋរស់នៅកកកុញដែលមានទឹកដក់ទឹកច្រើនបង្កឱ្យមូសពងទៅជាមូសខ្លាដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម។ ម្យ៉ាងទៀតដោយសារនៅឆ្នាំនេះជាឆ្នាំដល់វដ្តនៃការផ្ទុះជំងឺគ្រុនឈាមដែលតែងតែកើតឡើងរៀងរាល់៤ ទៅ៥ឆ្នាំម្តង។
លោកវេជ្ជបណ្ឌិតបានណែនាំដល់អាណាព្យាបាល មាតាបិតា កុមារា កុមារី គ្រប់រូប រួមទាំងអាជ្ញាធរមូលដ្ឋាន សូមសកម្មចូលរួមកម្ចាត់ដង្កូវទឹក នៅតាមទីកន្លែងដែលមានទឹកដក់ ដូចជា ពាង អាងទឹក ថូផ្កា ចានទ្រជើងតុទូ ក្រឡ ធុង ខាប់ ជាដើម ដោយការផ្លាស់ប្ដូរទឹក និងលាងសម្អាតជាប្រចាំឱ្យបានយ៉ាងតិចមួយដងក្នុងមួយអាទិត្យ ឬត្រូវគ្របគម្រប ឱ្យបានជិតល្អ និងត្រូវសហការជាមួយបណ្តាញសុខាភិបាលនៅតាមមូលដ្ឋាន ដើម្បីដាក់ថ្នាំបាណកឃាដសម្លាប់ដង្កូវទឹក នៅក្នុងអាងទឹក ពាងទឹក កន្លែងដែលស្តុកទឹក ឬចិញ្ចឹមកូនត្រីប្រាំពីរពណ៌ នៅកន្លែងដែលអាចចិញ្ចឹមបាន។ ចំពោះសម្ភារដក់ទឹកផ្សេងទៀត ដែលទុកចោលមិនប្រើប្រាស់ ដូចជាសំបក កង់ឡាន ម៉ូតូ សំបកដប កំប៉ុង ត្រឡោក ដូង ចានបាយសម្លរជ័រ កំប៉ុងជ័រ ត្រូវកប់ ដុត កំទេចចោល ឬទុកដាក់ឱ្យមានរបៀប ដើម្បីកុំឱ្យមានទឹកដក់។

ជាមួយគ្នានេះដែរប្រសិនមានសមាជិកគ្រួសារ មានរោគសញ្ញាគ្រុនក្ដៅខ្លួនខ្លាំងភ្លាមៗ ចាប់ពី ៣៩ ទៅ ៤០អង្សាសេ សូមស្វែងរកការពិគ្រោះយោបល់ និងពិនិត្យព្យាបាល ជាបន្ទាន់នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុតឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីឱ្យគ្រូពេទ្យព្យាបាលឱ្យបានទាន់ពេលវេលា និងត្រឹមត្រូវនិងសូម ទូរសព្ទមកលេខ ១១៥ បើមានករណីគ្រុនក្តៅលើកុមារឬករណីជំងឺគ្រុនឈាមកើតឡើងច្រើនក្នុងភូមិឬសហគមន៍របស់ខ្លួន ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


