Connect with us

ព័ត៌មានជាតិ

សភា​ប្រើ​​ភាសាបារាំង ​(APF)​​អំពាវ​នាវ​ឱ្យ​គោរពអធិបតេយ្យ​ភាពកម្ពុជា និងដោះស្រាយជម្លោះដោយសន្តិវិធី​

បានផុស

នៅ

​សម័យ​ប្រជុំ​ប្រចាំ​ឆ្នាំ​លើក​ទី​៥១ ​នៃ​សភា​ប្រើ​ភាសាបារាំង ​(APF)​ នៅ​ថ្ងៃ​ទី១១​ ខែ​កក្កដា​ ឆ្នាំ២០២៦ បាន​អនុម័ត​សេចក្តី​សម្រេច​មួយ ​បញ្ជាក់​ជា​ថ្មី​នូវ​ការគាំទ្រយ៉ាង​រឹង​មាំ​ចំ​ពោះ​អធិបតេយ្យភាព​ និង​បូរណភាព​ទឹក​ដី​របស់​ព្រះរាជាណាចក្រកម្ពុជា។​ ក្នុង​ថ្ងៃ​ដដែល ​អង្គ​ប្រជុំ​ក៏​បាន​ជ្រើស​តាំង​លោក​​ អ៊ុច បូររិទ្ធ អ​នុប្រធានទី១ ​ព្រឹទ្ធ​សភាកម្ពុជា ​ជា​ប្រតិភូ​ប្រចាំ​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក​ សម្រាប់​អាណត្តិ​ឆ្នាំ​២០២៦-២០២៨ ផងដែរ។

សេចក្តី​សម្រេច​ដែល​ធ្វើ​ឡើង​តាម​សំណើ​របស់​គណៈកម្មាធិការនយោបាយ ​APF បាន​បញ្ជាក់​ជា​ថ្មី​នូវ​ការ​ប្តេជ្ញាចិត្ត​របស់​សភា​ប្រើ​ភាសាបារាំង ​ក្នុង​ការ​គោរព​សេចក្តី​ប្រកាស​ទី​ក្រុង​បាម៉ាកូ​ និង​ទី​ក្រុង​សាំង-បូនីហ្វាស ​ច្បាប់​អន្តរជាតិ ​ព្រម​ទាំង​សាល​ក្រម​របស់​តុលាការ​យុត្តិធម៌អន្តរជាតិ ​(ICJ​) ចុះ​ថ្ងៃ​ទី​១៥ ​ខែ​មិថុនា ឆ្នាំ១៩៦២ ​និង​ថ្ងៃ​ទី​១១ ​ខែ​វិច្ឆិកា ឆ្នាំ២០១៣។​ សេចក្តី​សម្រេច​ក៏​បាន​លើក​ឡើង​ពី​សារៈសំខាន់​នៃ​របៀបវារៈ​ «ស្ត្រី សន្តិភាព និងសន្តិសុខ»​ និង​តួនាទី​របស់​ស្ត្រី​ ក្នុង​ការ​បង្ការជម្លោះ និង​ការ​កសាង​សន្តិភាព​ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រូបតំណាង​

ជុំវិញស្ថានការណ៍​តាន​តឹង​នៅ​តាមព្រំដែនកម្ពុជា​-ថៃ ​ដែល​បាន​បន្ត​តាំង​ពីខែ​កក្កដា ឆ្នាំ២០២៥ APF បាន​សម្តែង​ការ​ព្រួយបារម្ភ​ ចំពោះ​ការ​បាត់​បង់​ជីវិ​ត​មនុស្ស​ ការ​ផ្លាស់​ទី​លំនៅ​របស់​ប្រជាពលរដ្ឋ​ស៊ីវិល ​ការ​រំលោភ​លើ​បទ​ឈប់បាញ់ ​និង​ការ​ប៉ះពាល់​ដល់​បូរណភាព​ទឹក​ដី​របស់​កម្ពុជា​ ព្រម​ទាំង​ការ​ខូចខាត​ដល់​ទីតាំង​វប្បធម៌ ​និង​សាសនា​មួយ​ចំនួន​ ដែល​ត្រូវ​បាន​ចុះ​បញ្ជី​ជា​បេតិកភណ្ឌពិភព​លោក​របស់​អង្គការយូណេស្កូ។ ​សេចក្តី​សម្រេច​ក៏​បាន​កត់​សម្គាល់​ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល​ និង​យោធា ​ការ​រៀប​ចំពិធីសាសនា ​និង​គំនិ​តផ្តួច​ផ្តើម​បែងចែកដីធ្លី​នៅ​ ក្នុង​តំបន់ទាំងនោះផងដែរ។

ជាមួយគ្នា​នេះ ​APF ​បាន​អំពាវ​នាវ​ឱ្យ​គោរ​ព​យ៉ាង​ម៉ឺងម៉ាត់​នូវ​អធិបតេយ្យភាព​របស់​កម្ពុជា ជៀស​វាង​រាល់​សកម្មភាព​ឯកតោភាគី​​ ដែល​អាច​ធ្វើ​ឱ្យ​ភាព​តាន​តឹង​កាន់​តែ​​ធ្ងន់ធ្ង​រ និង​អនុវត្តឱ្យ​បាន​ពេញ​លេញ​នូវ​សេចក្តី​ថ្លែងការណ៍​រួម ​ដែល​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ​និងថៃ ​បាន​ចុះហត្ថលេខា​នៅ​ទីក្រុងគូឡា​ឡាំពួរ​ កាល​ពី​ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។​​ សេចក្តី​សម្រេច​ក៏​បាន​សម្តែង​ការ​សោកស្តាយ​ចំពោះ​ទុក្ខវេទនា​របស់​ប្រជាពលរដ្ឋស៊ីវិល ​និង​បាន​រំលឹក​ថា ​ការ​បំផ្លិចបំផ្លាញ​បេតិកភណ្ឌវប្បធម៌​ ដែល​ជា​កេរ​ដំណែល​រួម​របស់ម​នុស្សជាតិ ​អាច​ប៉ះពាល់​ដល់កា​រកសាង​សន្តិភាព​ និង​ការផ្សះផ្សា​ប្រកប​ដោយ​ចីរភាព។​​

លើស​ពី​នេះ ​APF ​បាន​ទាម​ទារ​ឱ្យ​មាន​ការ​បន្ធូរ​បន្ថយ​ភាពតាន​តឹង​ជា​បន្ទាន់ ​បន្ត​កិច្ចសន្ទនា​ និង​ដក​កង​កម្លាំង​ប្រដាប់​អាវុធ​ចេញពីតំបន់ជម្លោះ ដោយ​បញ្ជាក់​កា​រ​គាំទ្រចំពោះ​យន្តការទ្វេភាគី​ដែល​មាន​ស្រាប់ ​ជាពិសេស​គណៈកម្មការ​ចម្រុះ​ព្រំដែន ​(JBC)​ និង​ជំរុញ​ឱ្យ​ដោះ​ស្រាយ​វិវាទ​ ដោយ​សន្តិវិធី​ ស្រប​តាម​ច្បាប់​អន្តរជាតិ។

រូបតំណាង

APF ​ក៏​បាន​គាំទ្រ​ការ​ធ្វើឱ្យ​ទំនាក់​ទំនង​រវាងកម្ពុជា ​និង​ថៃ​វិល​ត្រឡប់​ទៅ​រក​ភាព​ប្រក្រតី​ឡើង​វិញ​ ដោយ​ផ្អែក​លើ​ការ​គោរពអ​ធិបតេយ្យភាព​ បូរណភាព​ទឹ​កដី ​ភាព​មិន​អាច​រំលោភ​បាន​នៃ​ព្រំដែន និង​ការខណ្ឌសីមា​ព្រំដែន​ស្រប​តាម​លិខិតូបករណ៍​គតិយុត្តអន្តរជាតិ​។​

ឆ្លើយតបនឹង​ការអនុម័តសេចក្តី​សម្រេ​ចនេះ ​លោក​ អ៊ុច បូររិទ្ធ ​បាន​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ តាង​នាម​ព្រឹទ្ធសភា ​រដ្ឋសភា ​និង​ប្រជាជនកម្ពុជា ​ចំពោះ​គណៈប្រតិភូ​ទាំងអ​ស់នៃ​ APF ដែល​បាន​គាំទ្រ​សេចក្តី​សម្រេច​ស្តី​ពី​ការ​គោរពបូរណភាព​ទឹក​ដី​របស់ក​ម្ពុជា។ ​លោក​បាន​បញ្ជាក់​ថា​ ការ​អនុម័ត​នេះ ​គឺ​ជាសក្ខីភាព​នៃ​ការ​រួបរួមរបស់​សភាប្រើ​ភាសាបារាំង ​ក្នុង​ការ​គោរព​ច្បាប់​អន្តរជាតិ​ អធិបតេយ្យ​ភាពរដ្ឋ ​និង​កា​រដោះស្រាយ​វិវាទ​ដោយ​សន្តិវិធី ​ព្រម​ទាំង​ជា​សារមួយ​ផ្ញើ​ទៅ​​កាន់​សហគមន៍អន្តរជាតិ អំពី​សាមគ្គីភាព ​និង​ការ​ប្តេជ្ញា​រួម​ក្នុង​ការ​លើក​កម្ពស់​សន្តិភាព និងនីតិរដ្ឋ។

នៅ​រសៀលថ្ងៃ​ដដែល ​អង្គ​ប្រជុំ​ក៏​បាន​អនុម័ត​ជ្រើស​តាំង​លោក​ អ៊ុច បូររិទ្ធ ​ជា​ប្រតិភូប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ​របស់​សភា​ប្រើ​ភាសាបារាំង (APF)​ សម្រាប់​អាណត្តិ​រយៈ​ពេល​ពី​រ​ឆ្នាំ ​ចាប់​ពី​ឆ្នាំ​២០២៦ ដល់​ឆ្នាំ​២០២៨៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម