Connect with us

ព័ត៌មានជាតិ

ទឹកស្ទឹងសង្កែកំពុងហក់ឡើងខ្លាំង អាជ្ញាធរប្រកាសឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន

បានផុស

នៅ

ប្រមាណជាមួយសប្តាហ៍កន្លងទៅនេះ ជំនន់ទឹកភ្លៀងនៅឯក្បាលស្ទឹងសង្កែមានការជោរជន់ខ្លាំងចាប់តាំងពីខេត្តប៉ៃលិនរហូតដល់តំបន់ស្រុកសំឡូត ដោយសារតែភ្លៀងបានបង្អុរមកឥតស្រាកស្រាន ធ្វើឱ្យប្រភពទឹកនៅតំបន់ខាងលើបានស្ទុះឡើងយ៉ាងឆាប់រហ័ស និងតម្រូវឲ្យអាជ្ញាធរក្នុងស្រុកមួយចំនួន ដូចជាស្រុកសំឡូត ស្រុករតនៈមណ្ឌល និងស្រុកបាណន់ជាដើម បានធ្វើការណែនាំដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយមាត់ស្ទឹងសង្កែ ត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ខណៈទឹកមិនទាន់មានការថយចុះនៅឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាមិញដោយសារតែទឹកហក់ឡើងខ្លាំង ធ្វើឲ្យមន្ត្រីនៃមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបាត់ដំបង ចាប់ផ្ដើមបើកទ្វារទឹកដើម្បីបន្ធូរទឹកពីតំបន់ស្តុក ដូចជាទ្វារទឹកទំនប់ពហុបំណងសេកសក ក្នុងស្រុករតនៈមណ្ឌល ទំនប់ស្ទាក់ទឹកកង្ហត ស្ថិតក្នុងស្រុកបាណន់ និងទំនប់ស្ទាក់ទឹកសាលាតាអន ក្នុងស្រុកឯកភ្នំ ដើម្បីបង្ហៀរទឹកដែលច្រាលនៅក្នុងស្ទឹង ទម្លាក់ទៅបឹងទន្លេសាប ដូច្នេះហើយបានជាប៉ុន្មានថ្ងៃនេះទឹកស្ទឹងសង្កែមានការស្ទុះឡើងខ្លាំង។

តាមរយៈទូរសព្ទនៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ នេះ លោក ខៃ សុដា ប្រធានមន្ទីរធនធានទឹកនិងឧតុនិយម ខេត្តបាត់ដំបង បានបញ្ជាក់ថា កម្ពស់ទឹកនៅក្នុងស្ទឹងសង្កែនាព្រឹកនេះ បានកើនឡើងរហូតដល់ ១៣ ម៉ែត្រហើយ ហើយទឹកនេះអាចនឹងបន្តឡើងរហូតដល់កម្ពស់ ១៣,៥០ ម៉ែត្រ ដែលកម្ពស់ទឹកស្ថិតក្នុងកម្រិតត្រូវប្រកាសអាសន្នគឺ ១៣,៧០ ម៉ែត្រ ហើយទឹកស្ទឹងសង្កែនឹងចាប់ផ្ដើមស្រកទៅវិញ នាពេលខាងមុខនេះ ដោយសារតែនៅតំបន់ខាងលើភ្លៀងក៏លែងធ្លាក់ ហើយទឹកតាមស្ទឹងព្រែកអូរក៏ស្រកអស់ដែរ ដូច្នេះមន្ត្រីជំនាញ នឹងចាប់ផ្ដើមទម្លាក់ទ្វារទឹកនៅប៉ែកខាងលើបន្តិចមកវិញនាពេលខាងមុខនេះ។

ប្រធានមន្ទីរធនធានទឹក ខេត្តបាត់ដំបង បានសង្កត់ធ្ងន់ថា ថ្វីត្បិតតែនាពេលដ៏ខ្លីខាងមុខទឹកនឹងចាប់ផ្ដើមស្រកវិញក៏ដោយ ក៏ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយដងស្ទឹងសង្កែនៅប៉ែកខាងក្រោម ក៏ត្រូវតែបង្កើននូវការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ព្រោះកំសួលទឹកនឹងរុញច្រានខ្លាំង មុននឹងទឹកចាប់ផ្ដើមស្រកវិញ៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម