ព័ត៌មានជាតិ
ក្នុងកិច្ចប្រជុំអាស៊ានឆ្នាំ ២០២២ កម្ពុជា នឹងបន្តរក្សាស្ថានភាពអំណោយផលដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់
នៅព្រឹកថ្ងៃច័ន្ទ ទី១០ ខែឧសភា ឆ្នាំ២០២១ នេះ លោក ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិកគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅឆ្នាំ២០២២ បានអញ្ជើញដឹកនាំក្រុមការងារក្រសួងយុត្តិធម៌ ចូលរួមកិច្ចប្រជុំអន្តរក្រសួង ស្តីពីការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន នៅឆ្នាំ២០២២ តាមប្រព័ន្ធ Video Conference ដែលកិច្ចប្រជុំនោះ ធ្វើឡើងក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

លោក ជិន ម៉ាលីន បានថ្លែងប្រាបកម្ពុជាថ្មីថា កិច្ចប្រជុំនោះមានរបៀបវារៈចំនួន៣ គឺទី១. មូលបទ និងអាទិភាពសម្រាប់កម្ពុជាធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ ទី២. ការត្រៀមរៀបចំនូវគំនិតផ្តួចផ្តើមរបស់កម្ពុជាសម្រាប់ឆ្នាំ២០២២ និងទី៣. ដំណើរការប្រព្រឹត្តទៅនៃអនុគណៈកម្មការនីមួយៗ ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅឆ្នាំ២០២២។

លោក អ៊ុច លាង អ្នកសិក្សាស្រាវជ្រាវ នៃនាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ា នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា ធ្លាប់បានលើកឡើងថា សម្រាប់តួនាទីជាប្រធានអាស៊ានរបស់កម្ពុជា នាឆ្នាំ២០២២ខាងមុខ នៅមានបញ្ហាជាច្រើនដែលត្រូវប្រឈម ក្នុងនោះបញ្ហាជំងឺរាតត្បាតនៃកូវីដ-១៩ នឹងនៅតែជាបញ្ហាប្រឈមសម្រាប់គ្រប់ប្រទេសនៅជុំវិញពិភពលោក ដែលកំពុងតែស្វិតស្វាញស្វែងរកវិធីសាស្ត្រស្តារសេដ្ឋកិច្ច និងធុរកិច្ច ដែលស្ទើរតែដួលរលំ ហើយភាពចាំបាច់របស់កម្ពុជាក្នុងឆ្នាំ២០២២ ក្នុងនាមជាប្រធានអាស៊ាន គឺធ្វើយ៉ាងណាបន្តរក្សា និងគ្រប់គ្រងស្ថានភាពបរិស្ថាន ដែលអំណោយផលដល់សន្តិភាព និងស្ថិរភាព ដើម្បីទ្រទ្រង់ការជំរុញវិបុលភាពក្នុងតំបន់។

បើតាមលោក អ៊ុច លាងសម្រាប់ឆ្នាំ២០២២ខាងមុខ ក្នុងនាមប្រធានអាស៊ានប្តូរវេន យើងជឿជាក់ថា កម្ពុជានឹងបន្តជំរុញឱ្យមានការសម្របសម្រួលដល់ការដោះស្រាយភាពតានតឹង នៃជម្លោះសមុទ្រចិនខាងត្បូង ជាលក្ខណៈទ្វេភាគី ដោយផ្អែកលើ DOC ព្រមទាំងជំរុញធ្វើឱ្យ COC លេចចេញជារូបរាងឱ្យបានឆាប់រហ័ស។

សូមបញ្ជាក់ថា ប្រទេសកម្ពុជាធ្លាប់បានធ្វើជាប្រធានប្តូរវេនអាស៊ានចំនួន២លើករួចមកហើយ គឺនៅឆ្នាំ២០០២ និងឆ្នាំ២០១២ ហើយនៅឆ្នាំ២០២២ ខាងមុខនេះ កម្ពុជានឹងធ្វើជាប្រធានប្តូរវេនអាស៊ានជាថ្មីម្តងទៀតជាលើកទី៣ ហើយដើម្បីឲ្យកិច្ចប្រជុំអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះទទួលបានជោគជ័យ គណៈកម្មការបានចាប់ផ្តើមរៀបចំជាបណ្តើៗ ក្នុងនោះ កាលពីថ្ងៃទី០១ ខែឧសភា កន្លងទៅថ្មីៗនេះ ក្រសួងការបរទេស ក៏បានចាប់ផ្តើមប្រកួតប្រជែងរចនានិមិត្តសញ្ញា (Logo) អាស៊ានផងដែរ ដែលក្នុងនោះ បេក្ខជន ដែលទទួលជ័យលាភី នឹងទទួលបានរង្វាន់ចំនួន៤លានរៀល ហើយនិមិត្តសញ្ញានោះ នឹងត្រូវយកទៅប្រើប្រាស់ លើរាល់ឯកសារ និងក្នុងព្រឹត្តការណ៍នានារបស់អាស៊ាន នៅពេលកម្ពុជាកាន់តួនាទីជាប្រធានអាស៊ាននៅឆ្នាំ២០២២នោះ។
អត្ថបទ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


