ព័ត៌មានជាតិ
លោក វេង សាខុន៖ ការគ្រប់គ្រងធនធានធម្មជាតិ ការបង្ក្រាបបទល្មើសព្រៃឈើ និងជលផលលែងជាបន្ទុករបស់ក្រសួងទៀតហើយ
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអះអាងថា ការគ្រប់គ្រងធនធានធម្មជាតិ ជាពិសេសការបង្ក្រាបបទល្មើសព្រៃឈើ និងជលផលមិនមែនស្ថិតនៅដែនសមត្ថកិច្ច ឬជាបន្ទុករបស់ក្រសួងកសិកម្មទៀតហើយ។

ការលើកឡើងរបស់លោករដ្ឋមន្ត្រីនេះឆ្លើយតបទៅនឹងមានសារព័ត៌មាន និងសាធារណជន មួយចំនួនបានចុះផ្សាយអត្ថបទ និងធ្វើការបកស្រាយដាក់បន្ទុកមកលើក្រសួង លើការគ្រប់គ្រងធនធានធម្មជាតិ ជាពិសេសការបង្ក្រាបបទល្មើសព្រៃឈើ និងជលផល ដោយមិនបានតាមដាន និងសិក្សាឱ្យបានច្បាស់លាស់ពីដំណើរការធ្វើកំណែទម្រង់របស់ប្រមុខរាជរដ្ឋាភិបាល បានធ្វើឱ្យសាធារណជនមានការយល់ច្រឡំមកលើក្រសួង។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានលើកឡើងនៅក្នុងទំព័រហ្វេប៊ុកនៅព្រឹកនេះថា យោងតាម អនុក្រឹត្យ លេខ ១៥៦ អនក្រ.បក ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៤ ស្តីពី ការរៀបចំ និងប្រព្រឹត្តទៅនៃគណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងសារាចរណែនាំ របស់រាជរដ្ឋាភិបាល លេខ ០៥ សជណ ស្តីពីវិធានការចាំបាច់នានាក្នុងការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ ធ្វើនៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០១៦ បានសម្រច ប្រគល់សមត្ថកិច្ចដល់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដើម្បីចាត់វិធានការឱ្យបានម៉ឺងម៉ាត់ និងហ្មត់ចត់ ដូចខាងក្រោម៖
– គ្រប់គ្រងរាល់សិប្បកម្មកែច្នៃ និងអាជីវកម្មធនធានព្រៃឈើ និងជលផលដែលមានច្បាប់ អនុញ្ញាត ព្រមទាំងទប់ស្កាត់ និងលុបបំបាត់សិប្បកម្មកែច្នៃ និងអាជីវកម្មធនធានព្រៃឈើ និង ជលផលដែលគ្មានច្បាប់អនុញ្ញាត

– ត្រួតពិនិត្យ និងចាត់វិធានការលុបបំបាត់ការដឹកជញ្ជូន និងការស្ដុកឈើគ្រប់ប្រភេទដែលគ្មានការអនុញ្ញាតត្រឹមត្រូវតាមច្បាប់នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ចាត់វិធានការទប់ស្កាត់ និងលុបបំបាត់ការនាំចេញឈើ និងផលិតផលកែច្នៃពីឈើគ្រប់ប្រភេទ ព្រមទាំងសត្វព្រៃដែលគ្មានការអនុញ្ញាតត្រឹមត្រូវតាមច្បាប់ ទៅក្រៅប្រទេសតាមច្រកព្រំដែន និង តាមច្រករបៀង
– ដឹកនាំ សម្របសម្រួលអធិការ ខណ្ឌ ផ្នែក សង្កាត់រដ្ឋបាលព្រៃឈើ អធិការ ខណ្ឌ ផ្នែក សង្កាត់ រដ្ឋបាលជលផល មន្ទីរបរិស្ថាន និងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងឡាយ ដើម្បីធានាបាននូវការប្រើប្រាស់កម្លាំងសរុប និងមធ្យោបាយចាំបាច់នានាក្នុងការថែរក្សា និងការពារធនធានធម្មជាតិ ព្រមទាំងទប់ស្កាត់ និងបង្ក្រាបសកម្មភាពបទល្មើសនៅក្នុងតំបន់ការពារ និងអភិរក្សធម្មជាតិ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន
– ធ្វើរបាយការណ៍បូកសរុបប្រចាំត្រីមាស ឬធ្វើរបាយការណ៍ក្នុងករណីចាំបាច់ អំពីស្ថានភាព ការគ្រប់គ្រងតំបន់ការពារ និងអភិរក្សធម្មជាតិនានាដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ជូនក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយត្រូវចម្លងជូនក្រសួងមហាផ្ទៃ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទត្រូវធ្វើការបូកសរុបរបាយការណ៍ទាំងនេះ ដើម្បីរាយការណ៍ជូនប្រមុខរាជ រដ្ឋាភិបាល។

លោករដ្ឋមន្ត្រីបានបន្ថែមថា តាមរយៈការដាក់ឱ្យអនុវត្ត អនុក្រឹត្យ និងសរាចរណែនាំខាងលើ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន និងកំពុងខិតខំអនុវត្តឱ្យបានពេញលេញ នូវអ្វីដែលជាភារកិច្ចរបស់ខ្លួន ដែលប្រមុខរាជរដ្ឋាភិបាលបានប្រគល់ជូន។
លោករដ្ឋមន្ត្រីមានក្តីសង្ឃឹមថា សាធារណជន ជាពិសេសសារព័ត៌មានបានយល់ពីអ្វីជាការសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការបន្តធ្វើកំណែទម្រង់យ៉ាងមុតស្រួច កន្លងមក៕
អត្ថបទ៖ សំអឿន


-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


