ព័ត៌មានជាតិ
វិស័យឯកជនគាំទ្រការពន្យារពេលប្រឡងបាក់ឌុប តែបារម្ភខ្លាចផ្ទុះកូវីដឡើងវិញ
ប្រធានក្រុមប្រឹក្សាភិបាលគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា បានគាំទ្រការពន្យារពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ពីថ្ងៃទី៦ រំកិលទៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១។ ប៉ុន្តែនៅតែមានការព្រួយបារម្ភខ្លាចមានករណីផ្ទុះជំងឺកូវីដ១៩ឡើងវិញ ធ្វើឱ្យប៉ះពាល់ដល់ដំណើរការប្រឡងត្រូវពន្យាម្តងទៀត។

លោក ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា បានមានប្រសាសន៍នៅរសៀលថ្ងៃទី៦ ខែវិច្ឆិកាថា៖ “មិនអីទេឱ្យតែដឹងថ្ងៃកំណត់ប្រឡងច្បាស់លាស់ តែយើងចេះតែខ្លាចតែរដូវកូវីដមកដល់ យើងមានបញ្ហាតែម្តង យើងខ្លាចតែអីចឹងទេ”។
លោកបានបន្តថា៖ “តាមពិតទៅ ការពន្យារប្រឡងពេលប៉ុណ្ណឹងអាចធ្វើឱ្យកម្រិតចំណេះដឹងរបស់សិស្សកាន់តែមានការកើនឡើងថែមទៀតដើម្បីត្រៀមប្រឡង។ តែយើងមានការភ័យតែម្យ៉ាង ពេលកូវីដធ្លាក់មកប្រឹប យើងអត់ដឹងយើងត្រូវលើកទៀតយ៉ាងមិញ”។

លោក បណ្ឌិត ហេង វ៉ាន់ដា បានលើកជាសំណួរថា ចុះបើលើកពេល ចំរដូវកូវីដមកដល់ទៀត តើត្រូវលើកពេលទៀត ឬទេ? ដូចកាលឆ្នាំ២០២០ដែរ លើកពីខែ៨ មកថ្ងៃ២១ ២២ ២៣ ខែធ្នូ។ លុះដល់ខែធ្នូ លើកពេលទៅថ្ងៃ១៥ មករា។ ចុងបញ្ចប់ ជាប់ដោយស្វ័យប្រវត្តិ”។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបនៅឆ្នាំនេះនឹងត្រូវរំកិលកាលបរិច្ឆេទទៅធ្វើនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១វិញ តាមទម្រង់ដូចឆ្នាំកន្លងមក។
លោកបានបន្តថា ការប្រឡងបាក់ឌុប ត្រូវបន្តអនុវត្តន៍គោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ស្របនឹងវិធានការសុវត្ថិភាពសុខភាព។
លោកបានបន្តទៀតថា ការលើកពេលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបនេះ គឺដើម្បីទុកពេលវេលាឱ្យសិស្សរៀនបានច្រើនដើម្បីត្រៀមប្រឡង។

លោក រស់ សុវាចា បានបញ្ជាក់ថា គិតត្រឹមពេលនេះ មានបេក្ខជនប្រឡងបាក់ឌុបបានដាក់ពាក្យប្រឡងសរុប ១១៥ ១៣៩ នាក់ នារី ៦០ ៦៦១ នាក់ ចែកជា ២០៤ មណ្ឌល និង ៤ ៦៥១ បន្ទប់។
គួរបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ដើមឡើយត្រូវក្រសួងអប់រំ យុវជន និងកីឡា គ្រោងធ្វើនៅថ្ងៃទី៦ ខែធ្នូ និងប្រកាសលទ្ធផលនៅថ្ងៃទី២៨ និងទី២៩ ខែធ្នូ ឆ្នាំ២០២១៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៩ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?