Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ៖ បុណ្យចូលឆ្នាំចិនមាតាបិតាមិនត្រូវរៀបចំកម្មវិធីគ្រួសារ ប៉ះពាល់ដល់ការសិក្សារបស់បុត្រធីតាឡើយ

បានផុស

នៅ

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡាបានមានប្រសាសន៍នៅព្រឹកថ្ងៃទី១៧មករានេះថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិនខាងមុខនេះ មាតាបិតាមិនត្រូវរៀបចំកម្មវិធីគ្រួសារប៉ះពាល់ដល់ការសិក្សារបស់បុត្រធីតាឡើយព្រោះ​ថា​បុណ្យចូលឆ្នាំចិនមិនស្ថិតក្នុងប្រតិទិនឈប់សម្រាកការងារប្រចាំឆ្នាំ២០២៣នោះទេ។ ចំណែកបុគ្គលិកអប់រំត្រូវរៀបចំកម្មវិធីការងាររបស់ខ្លួនឱ្យមានដំណើការជាប្រក្រតីផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានបន្តទៀតថា « បុណ្យចូលឆ្នាំចិន មិនស្ថិតក្នុងប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិក កម្មករ ប្រចាំឆ្នាំ២០២៣ ទេ។  សូមបុគ្គលិកអប់រំ រៀបចំកម្មវិធីការងារឱ្យមានដំណើការជាប្រក្រតី។ សូមមាតាបិតាអ្នកអាណាព្យាបាល រៀបចំកម្មវិធីគ្រួសារកុំឱ្យប៉ះពាល់ដល់ការសិក្សារបស់បុត្រធីតា»។

លោក រស់ សុវាចាបានបន្ថែមទៀតថា ការជំរុញនេះគឺដើម្បីឲ្យសិស្សនិងគ្រូមករៀននិងបង្រៀនបានពេញលេញនិងទាន់កម្មវិធីសិក្សាព្រោះថាពិធីបុណ្យចូលឆ្នាំចិនមិនមែនជាថ្ងៃឈប់សម្រាករបស់បុណ្យជាតិនោះទេ។

លោកសង្ឃឹមថា អាណាព្យាបាលមាតាបិតាសិស្សនឹងនាំកូនៗរបស់ខ្លួនមករៀនឲ្យបានគ្រប់ៗគ្នានៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិន ដើម្បីកុំឲ្យពួកគេខាតការសិក្សាឬរៀនមិនទាន់គេជាដើម។

នៅក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ នៅពេលបុណ្យចូលឆ្នាំចិនវៀតណាមម្តងៗមិនសូវមានសិស្សនិងគ្រូមករៀននិងបង្រៀន​ទេ ដោយសារតែមានឱពុកម្តាយខ្លះបាននាំកូនៗរបស់ខ្លួនទៅដើរលេងកំសាន្តនៅតាមរមណីយដ្ឋាននានា។ចំណែកក្រសួងអប់រំយុវជននិងកីឡា តែងតែណែនាំដល់គ្រឹះស្ថានសិក្សាទាំងអស់ពិសេសសាលារៀននៅក្នុងរាជធានីភ្នំពេញ ត្រូវអនុវត្តវិធានការរដ្ឋបាលរបស់ក្រសួងអប់រំឲ្យបានម៉ឺងម៉ាត់ជាទីបំផុត ប្រកបដោយប្រសិទ្ធភាពខ្ពស់ចំពោះសាលា​ណាដែលមានអវត្តមានសិស្សនិងគ្រូច្រើនផងដែរ។

ពិធីបុណ្យសែនចិនឆ្នាំនេះនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២១ខែមករាឆ្នាំ២០២៣ និងបុណ្យចូលឆ្នាំចិននឹងប្រព្រឹត្តិរយៈពេល​៣​ថ្ងៃ​គឺចាប់ពីថ្ងៃទី ២២ ទី២៣ និងទី២៤ខែមករាឆ្នាំ២០២៣ខាងមុខនេះ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម