ព័ត៌មានជាតិ
ពលរដ្ឋក្នុងភូមិដើមជ្រៃ ឃុំរកាកោងទី ២ សំណូមពរ អាជ្ញាធរពន្លឿនធ្វើផ្លូវមួយខ្សែ ខណៈពួកគាត់ពិបាកធ្វើដំណើរជាខ្លាំង
ប្រជាពលរដ្ឋ រស់នៅក្នុងភូមិដើមជ្រៃ ឃុំរកាកោងទី ២ នៃស្រុកមុខកំពូល ខេត្តកណ្តាល បានសំណូមពរដល់អាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធទាំងអស់ សូមជួយពន្លឿនធ្វើផ្លូវមួយខ្សែ គឺផ្លូវលេខ ៣ នៅក្នុងភូមិរបស់ពួកគាត់ផង ខណៈដែលពិបាកធ្វើដំណើរជាខ្លាំង។
តាមការរៀបរាប់ពីលោក សុំ ហាក់ ប្រជាពលរដ្ឋរស់នៅក្នុងភូមិដើមជ្រៃ បានឲ្យដឹងថា ផ្លូវលេខ ៣នេះជាផ្លូវមួយខ្សែ ក្នុងចំណោមផ្លូវទាំង ១០ខ្សែ នៅក្នុងឃុំរកាកោងទី ២ ហើយជាច្រើនឆ្នាំមកហើយ លឺថាថ្នាក់ដឹកនាំភូមិ-ឃុំចុះមកធ្វើ ប៉ុន្តែមិនទាន់ឃើញមកធ្វើឡើយ គ្រាន់តែចុះមកវាស់វែង៤ ទៅ៥ដងប៉ុណ្ណោះ។
លោក សុំ ហាក់ បានឲ្យដឹងបន្តថា ផ្លូវនេះ គឺពិបាកធ្វើដំណើរខ្លាំងណាស់ នៅពេលមានភ្លៀងធ្លាក់មកម្ដងៗ ពោលគឺលិចត្រឹមជង្គង់ ហើយពេលស្រកទៅវិញ គឺមានភក់ និងជ្រាំ។ ផ្លូវនេះ ត្រូវបានគេសន្យាថា នឹងធ្វើជាច្រើនឆ្នាំមកហើយ តែមិនទាន់បានធ្វើឡើយទេ ដែលធ្វើឲ្យប្រជាពលរដ្ឋភូមិ ពិបាកធ្វើដំណើរជាខ្លាំង។
អ្នកភូមិដើមជ្រៃរូបនេះ បាននិយាយទៀតថា ផ្លូវនេះ លោកធ្លាប់ទិញថ្មចាក់២ ទៅ៣ឡានដែរ ដើម្បីឲ្យប្រជាពលរដ្ឋស្រួលធ្វើដំណើរ ជាពិសេសលោកអាណិតដល់ព្រះសង្ឃ ដែលនិមន្តបិណ្ឌបាត្រម្ដងៗ គឺពិបាកណាស់ត្រូវនិមន្តកាត់ទឹក ភក់ ជ្រាំជាដើម។ លោក សុំ ហាក់ បានសំណូមពរដល់អាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធទាំងអស់ សូមជួយពន្លឿនការធ្វើផ្លូវនេះ ដើម្បីឲ្យប្រជាពលរដ្ឋធ្វើដំណើរបានស្រួលផង។
អ្នកភូមិដើមជ្រៃម្នាក់ទៀត គឺអ្នកស្រី ប៊ូស្រី វិញ បានឲ្យដឹងដែរថា បច្ចុប្បន្ននេះ គឺចូលដល់រដូវធ្លាក់ខ្យល់ហើយ ដែលនឹងមិនមានភ្លៀងទៀតទេ តែបែរជាប្រជាពលរដ្ឋត្រូវដើរកាត់ទឹក ភក់ ជ្រាំដដែល ហើយពេលជិះម៉ូតូត្រូវរអិលដួល ពិបាកធ្វើដំណើរណាស់។ អ្នកស្រី ក៏បានសំណូមពរទៅអាជ្ញាធរ ជួយពន្លឿនការធ្វើផ្លូវនេះផង ដើម្បីឲ្យប្រជាពលរដ្ឋបានធ្វើដំណើរស្រួលបន្តិច។
លោក ប៉ូច លីស៊្រុន មេឃុំរកាកោងទី ២ បានឲ្យដឹងថា ផ្លូវលេខ ៣ គឺជាផ្លូវមួយក្នុងចំណោមផ្លូវទាំង ១០ខ្សែ ក្នុងឃុំ រកាកោងទី ២ ដែលមិនទាន់បានធ្វើនៅឡើយ។ ប៉ុន្តែក្នុងនាមលោកជាមេឃុំ គឺបានលើកគម្រោងធ្វើផ្លូវនេះ ទៅថ្នាក់លើរួចហើយ និងថា ផ្លូវនេះនឹងត្រូវធ្វើនៅក្នុងឆ្នាំ ២០២២ខាងមុខនេះហើយ។
លោក ប៉ូច លីស៊្រុន បានបញ្ជាក់ថា «និយាយទៅផ្លូវលេខ ៣នេះ យើងលើកគម្រោងយូរហើយ គឺធ្វើមិនទាន់កើត ដោយសារផ្លូវមិនគ្រប់ ៣ម៉ែត្រ ឡានស៊ីម៉ង់តិ៍ចូលមិនកើត ផ្លូវនេះមានតែ ២ម៉ែត្រ៣០ គេដេញថ្លៃធ្វើ គឺចាប់ពី ៣ម៉ែត្រឡើងទៅ ទោះជាយ៉ាងណា ក៏ឃុំរបស់យើងត្រូវតែធ្វើជូនប្រជាពលរដ្ឋ និងប្រហែលជាយើង ត្រូវប្រើលុយគម្រោងមូលនិធិរបស់ឃុំ»។
ក្រុមប្រជាពលរដ្ឋ រស់នៅក្នុងភូមិដើមជ្រៃ ឃុំរកាកោងទី ២ បានអះអាងថា ពួកគាត់នឹងចូលរួមចំណែក សហការជាមួយភូមិ-ឃុំ ក្នុងការបើកផ្លូវដើម្បីឲ្យការធ្វើផ្លូវនេះ ប្រព្រឹត្តទៅរលូនផងដែរ៕
អត្ថបទ៖ រុងរឿង






-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


