Connect with us

ព័ត៌មានជាតិ

ផ្លូវកៅស៊ូប្រវែងជិត២៦គីឡូម៉ែត្ររងការខូចខាត ពលរដ្ឋស្នើសុំអាជ្ញាធរជួយជួសជុល

បានផុស

នៅ

ផ្លូវកៅស៊ូប្រវែងជិត ២៦ គីឡូម៉ែត្រ ឆ្លងកាត់ពីរឃុំ គឺ​ឃុំ​ថ្មពេជ្រ និងឃុំជីរោទិ៍ទី២ ក្នុងស្រុកនិង​ខេត្តត្បូងឃ្មុំ រងការ​ខូចខាតយ៉ាងធ្ងន់ធ្ងរដោយសាររថយន្តដឹកលើសទម្ងន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងស្ថានភាពលំបាកធ្វើដំណើរទាំងយប់ ទាំងថ្ងៃ ទើប​ប្រជាពលរដ្ឋស្នើសុំឲ្យក្រសួងអភិវឌ្ឍន៍ជនបទ និងអាជ្ញាធរខេត្តមេត្តាពិនិត្យ និងជួយជួសជុល។

ប្រជាពលរដ្ឋចំនួន ៨ ភូមិ គឺភូមិត្រពាំងឫស្សី ចំបក់ ជៀស ដូង ថ្មពេជ្រ ពើក រោងគោ និងភូមិម្រាមទាក បានត្អូញត្អែរពីការលំបាកក្នុងការធ្វើដំណើរ ខណៈ​ផ្លូវនេះ​បាន​សាងសង់នៅឆ្នាំ២០១៩ និង​​ស្រួលជិះបានជាង​ ២ ឆ្នាំ ក៏ចាប់ខូចរលួយ កើតសំបុកមាន់ ក្រលុកក្របី ជាថ្លុក អូរ ដក់ទឹក ពិបាកគណនា។ ប្រជាពលរដ្ឋ មន្រ្តី​រាជការ ក៏​ដូចជា​សិស្សានុសិស្ស ចេញ​ទៅបំពេញការងារ ទៅរៀន ដឹកកសិផលទៅកាន់ទីផ្សារ ជួបការលំបាក ជាហេតុបង្កឱ្យមានគ្រោះថ្នាក់កើតឡើងជាយថាហេតុ ពិសេសរថយន្តតូចៗ ត្រូវបើកកូសទ្រូងថ្នល់បែកផ្កាភ្លើងព្រាកៗ ជិះចូលក្រលុកសាចទឹកដាក់គ្នាប្រឡាក់ ស្ទើរ​រាល់ថ្ងៃ។

ផលលំបាកមានរយៈពេល ៤ ឆ្នាំមកហើយ នៅឆ្នាំ២០២៥នេះ ផ្លូវរឹតតែលំបាក ពួកយើងបានជម្រាបទៅខាងអាជ្ញាធរ មន្ទីរអភិវឌ្ឍន៍ជនបទដែរ តែពុំទាន់មានដំណោះស្រាយនៅឡើយទេ។

លោក អាន ស៉ីណា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំបានបញ្ជាក់ដែរថា ផ្លូវកៅស៊ូម្រាមទាក ត្រពាំងឫស្សីនេះ ក្រសួងអភិវឌ្ឍន៍ជនបទជាអ្នកកសាង ។ បច្ចុប្បន្នផ្លូវរងការខូចខាត កម្លាំងជំនាញបានចុះមកសិក្សាជាច្រើនដងហើយ តែពុំបានជួសជុលទេ។ ផ្លូវកៅស៊ូដែលត្រូវជួសជុលនេះ គឺតភ្ជាប់ផ្លូវជាតិលេខ៧ពីចំណុចភូមិម្រាមទាក ដល់ភូមិត្រពាំងឫស្សី មានប្រវែងជិត២៦គីឡូម៉ែត្រ ។

លោកប្រធានមន្ទីរបានបញ្ជាក់ទៀតថា ផ្លូវមួយខ្សែនេះ មន្ទីរបានចុះសិក្សារួចថែមទាំងបានធ្វើសំណើទៅក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីសុំថវិកាមកជួសជុល បច្ចុប្បន្នរង់ចាំតែក្រសួងទម្លាក់ថវិកានឹងធ្វើជូនប្រជាពលរដ្ឋហើយ ៕

ដោយ ៖ សាន វិឡែម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម