Connect with us

ព័ត៌មានជាតិ

ខេត្តត្បូងឃ្មុំ កំពុងសិក្សាដាក់តំបន់ចំនួន២កន្លែងបន្ថែមទៀតជាតំបន់ការពារធម្មជាតិ​

បានផុស

នៅ

​រដ្ឋបាលខេត្ត​ត្បូងឃ្មុំ​ កំពុង​សិក្សា​ពី​លទ្ធភាព​ដាក់​តំបន់​ចំនួន​២​កន្លែង​បន្ថែមទៀត​ជា​តំបន់​ការពារ​ធម្មជាតិ​ ខណៈ​បច្ចុប្បន្ន​ខេត្ត​មាន​តំបន់ការពារធម្មជាតិ​ចំនួន​២​កន្លែង​រួចហើយ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ​ បានឱ្យដឹង​នៅក្នុង​កិច្ច​ប្រជុំ​ពិភាក្សា​លើ​ការងារបង្កើត​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​បឹង​ការ​ដេរ និង​អភិរក្ស​ជីវៈចម្រុះ​ប្រព័ន្ធ​តំបន់ការពារធម្មជាតិក្នុងស្រុក​ក្រូចឆ្មារ​កាលពី​ថ្ងៃទី​១៧ ខែ​មករា​ថា ​បច្ចុប្បន្ននេះ​ក្រុមការងារ​របស់​រដ្ឋបាល​ខេត្តត្បូងឃ្មុំ បាន​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយនឹង​ក្រុមការងារ​បច្ចេកទេសរ​បស់​ក្រសួង​បរិស្ថានដោយមាន​មន្ទីរ​បរិស្ថាន​ខេត្ត​ត្បូងឃ្មុំ ជា​សេនាធិការក្នុងការ​សិក្សា​ពី​លទ្ធភាព​នៃ​ការដាក់​តំបន់​ព្រៃ​លិច​ទឹក ព្រៃ​ឫស្សី​មាត់​ឃ្មួ​ងក្នុងភូមិ​សាស្ត្រ​ស្រុក​ត្បូងឃ្មុំ ព្រមទាំង​តំបន់​បឹង​កា​ពិត ក្នុងភូមិ​សាស្ត្រ​ស្រុក​ត្បូងឃ្មុំជា​តំបន់ការពារធម្មជាតិ​បន្ថែមទៀត​។​

លោក​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ បាន​ថ្លែងអំណរគុណ និង​វាយតម្លៃ​ខ្ពស់ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ក្រុមការងារ​ពាក់ព័ន្ធ​ទាំងអស់ដែល​បាន​បំពេញការងារ​យ៉ាងសកម្ម ក្នុង​ការជំរុញ​ការដាក់​តំបន់​ទាំងនេះជា​តំបន់ការពារធម្មជាតិ​ជា​បន្តទៀត​។​

ខេត្ត​ត្បូងឃ្មុំ​មាន​ធនធានធម្មជាតិ​ដ៏​សម្បូរបែប មាន​ជាអាទិ៍តំបន់ការពារធម្មជាតិ​ចំនួន​២​កន្លែង ដែល​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានសម្រេច​ចេញ​អនុក្រឹត្យ​ស្តីពី​ការបង្កើត​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​ពញាក្រែក មាន​ផ្ទៃដី​ទំហំ ១៩៩ ហិកតា ដោយ​ត្រូវបាន​បង្កើតឡើង​តាមរយៈ​អនុក្រឹត្យ​លេខ ៨៧ អនក្រ​.​បក ចុះ​ថ្ងៃទី ០៩ ខែឧសភា កាលពី​ឆ្នាំ​២០១៦ និង​តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង​បឹង​ការ​ដេរ មាន​ទំហំ​ផ្ទៃដី១,៦៤៣ ហិកតា ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ស្រុក​ក្រូចឆ្មារ និង​ស្រុក​តំបែរ​ដែល​រាជរដ្ឋាភិបាល ទើបនឹង​សម្រេច​បង្កើតឡើង តាមរយៈ​អនុក្រឹត្យ​លេខ ២២៨អនក្រ​.​បក ចុះ​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២១ កន្លងទៅ​ថ្មីៗ​នេះ​។​

លោក ចាយ សា​មិត្ត រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បាន​ណែនាំ​ធ្វើការ​ទប់ស្កាត់ និង​បង្ក្រាប​ការ​ទន្ទ្រាន​កាន់កាប់​ដី​ដោយ​ខុសច្បាប់រៀបចំ​ផែនការ​គ្រប់គ្រង ការបង្កើត​សហគមន៍​តំបន់ការពារ​ធម្មជាតិ និង​សកម្មភាព​អេកូ​ទេសចរណ៍ នៅក្នុង​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​បឹង​ការ​ដេរព្រោះ​ជា​ដែន​ជម្រក​សត្វ​ស្លាប​កម្រ មច្ឆា ចំណីអាហារ (​ត្រី ជលផល និង​អនុផល​)ពិសេស​ជា​ប្រភពទឹក​ដ៏​សំខាន់​សម្រាប់​ការប្រើប្រាស់ របស់​ប្រជា​សហគមន៍ និង​ដំណាំ​កសិកម្ម​។​

លោក​រដ្ឋលេខាធិការ មានប្រសាសន៍​បន្ថែមថា ការងារ​ជា​អាទិភាព​របស់​ក្រសួងបរិស្ថាន ដោយមាន​មន្ទីរ​បរិស្ថាន​ខេត្ត​ត្បូងឃ្មុំ​ផ្ទាល់ដោយ​សហការ​ជាមួយ​រដ្ឋបាលខេត្ត​ត្បូងឃ្មុំ និង​ស្ថាប័ន​ពាក់ព័ន្ធ គឺ​បង្កើត​ក្រុមការងារ​បោះបង្គោល​ព្រំប្រទល់​តំបន់ការពារធម្មជាតិបោះបង្គោល​ព្រំប្រទល់​តំបន់​គ្រប់គ្រង និង​ចុះបញ្ជី​ជា​ដី​រដ្ឋ និង​របៀង​ជីវៈចម្រុះតាមរយៈ​ការអប់រំ​ផ្សព្វផ្សាយ វគ្គ​បណ្ដុះបណ្ដាល នានា ជា​យន្តការដើម្បី​អភិរក្ស​តំបន់​នេះ និង​ក៏​ជាការ​ចូលរួម​លើកស្ទួយ​ដល់​ជីវភាព​ប្រជា​សហគមន៍​៕

អត្ថបទ៖ ​សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម