ព័ត៌មានជាតិ
ទីប្រឹក្សាសម្តេចតេជោ ប្តឹងទៅសម្តេច ស ខេង រឿងចៅហ្វាយស្រុក និងឧកញ៉ាម្នាក់ រំលោភយកដីរដ្ឋ និងពលរដ្ឋ
លោក ប៉ែន អ៊ាន ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃចន្ទនេះ បានស្នើសុំក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្វើការពិនិត្យលើលោក សៀក មុន្នី អភិបាលស្រុកអូររាំង ខេត្តមណ្ឌលគិរី និងមន្ត្រីស្រុកអូររាំងមួយចំនួនទៀត។ លោក ប៉ែន អ៊ាន បានចោទពួកគេថា តែងតែប្រើអំណាចគម្រាមគំហែងប្រជាពលរដ្ឋជនជាតិដើមភាគតិច និងឃុបឃិតគ្នាជាប្រព័ន្ធធ្វើឯកសារយកដីរដ្ឋ និងដីពលរដ្ឋជនជាតិដើមភាគតិចធ្វើជាកម្មសិទ្ធិ និងលក់ឲ្យឈ្មួញ។


ក្នុងលិខិតដែលផ្ញើជូនសម្ដេចក្រឡាហោម ស ខេង នៅថ្ងៃទី២៤ ខែមករា នេះ លោក ប៉ែន អ៊ាន បានលើកឡើងថា លោកបានចុះទៅពិនិត្យមើលស្ថានភាពជាក់ស្ដែងនៅស្រុកអូររាំង ខេត្តមណ្ឌលគិរី ហើយប្រជាពលរដ្ឋជនជាតិដើមភាគតិចមួយចំនួនបានរាយការណ៍ជូនលោកផ្ទាល់។ ក្រោយមកទៀត លោកបានចាត់ក្រុមការងារ និងមេធាវី ចុះស្រាវជ្រាវបន្ថែម ក៏ឃើញថា ប្រជាពលរដ្ឋជនជាតិដើមភាគតិចមួយចំនួនដែលបានរស់នៅអាស្រ័យផល ធ្វើផ្ទះ ដាំដំណាំលើដីតាមជើងភ្នំ និងដងអូរ តាមទំនៀមទម្លាប់ប្រពៃណ៏ជាយូរមកហើយ និងដីសហគមន៍ជនជាតិដើមភាគតិច ត្រូវបានគេរំលោភបំពានយក ដកហូត ដោយយកលេសថា ជាដីរដ្ឋ ។
ប៉ុន្តែ បន្ទាប់មកទៀត កក្លាយជាដីរបស់អ្នកមានលុយ មានអំណាច គេធ្វើរបងហ៊ុំព័ន្ធ មានឯកសារកាន់កាប់ទៅវិញ ហើយដីរបស់ប្រជាពលរដ្ឋមួយចំនួនទៀត មានឯកសារកាន់កាប់ ទិញលក់ ទទួលស្គាល់ដោយអាជ្ញាធរ ភូមិ ឃុំ ស្រុក តែបែជាអាជ្ញាធរខាងកសិកម្ម ឬរដ្ឋបាលព្រៃឈើ និងស្រុកថា ខុសច្បាប់ ត្រូវតុលាការចោទប្រកាន់ ចាប់ដាក់គុកក៏មាន ។ សម្រាប់លោក ប៉ែន អ៊ាន គឺច្បាស់ណាស់ថា អាជ្ញាធរគ្រប់គ្រង ដឹងលឺថា ដីណាស្របច្បាប់ ដីណាជាដីរដ្ឋ តែបើប៉ះពាល់ផលប្រយោជន៍ពួកគេ ក៏ក្លាយជារឿងរ៉ាវ ហើយអ្នករងគ្រោះ គឺប្រជាពលរដ្ឋតូចតាច ទន់ខ្សោយ ដែលគ្មានខ្សែគ្មានបក្សពួក។

ទីប្រឹក្សាសម្តេចតេជោរូបនេះលើកឡើងទៀតថា ៖ «ថ្មីៗនេះ ប្រជាពលរដ្ឋជនជាតិដើមភាគតិចមួយចំនួន រាយការណ៍ជូនក្រសួងមហាផ្ទៃ និងអាជ្ញាធរថ្នាក់ជាតិតាមរយៈខ្ញុំ ប៉ែន អ៊ាន ថា លោក សៀក មុន្នី បានប្រើមន្ត្រីជាកូនចៅ ក្លែងឯកសារ ស្នាមមេដៃ យកដីប្រជាពលរដ្ឋមួយចំនួនលក់ឲ្យឧកញ៉ា ស្រី ចន្ធូរ ធ្វើប័ណ្ណកម្មសិទ្ធិ គម្រាមគំហែងទិញដីពីប្រជាពលរដ្ឋក្នុងតម្លៃទាប ដើម្បីទៅលក់បន្ត និងដើម្បីធ្វើការអភិវឌ្ឍន៍ ហើយដីមួយចំនួនទៀត ជាដីចំការស្រល់ ក៏ជាកម្មសិទ្ធិរបស់អ្នកធំ អ្នកមានលុយដែរ ។ មិនតែប៉ុណ្ណោះ ពេលមានរឿងរ៉ាវទំនាស់ដីធ្លី លោក សៀក មុន្នី មិនដែលយកចិត្តទុកដាក់ជួយដោះស្រាយ រកយុត្តិធម៌ឲ្យពលរដ្ឋទេ ហាក់ដូចជាមាន ការរើសអើង ។ បានលឺថា លោក សៀក មុន្នី មានអំណាច មិនខ្លាចច្បាប់បែបនេះ ដោយសារមានបងប្អូន ខ្សែបក្សពួក នៅក្រសួងមហាផ្ទៃ ជាអ្នកចាំជួយជ្រោមជ្រែង»។
បើតាមលោក ប៉ែន អ៊ាន គឺសម្តេចក្រឡាហោម ធ្លាប់បានលើកឡើង និងណែនាំជាច្រើនដងមកហើយថា រាជរដ្ឋភិបាល ថ្នាក់ដឹកនាំ ក្រសួង ខិតខំប្រឹងប្រែងខ្លាំងណាស់ ដើម្បីបម្រើប្រជាពលរដ្ឋ ការពាររដ្ឋធម្មនុញ្ញ ការពារជាតិ សាសនា ព្រះមហាក្សត្រ តែមន្ត្រីថ្នាក់ក្រោមជាតិ និងមន្ត្រីមូលដ្ឋានមួយចំនួន ដែលគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន ធ្វើឲ្យខូចប្រជាប្រិយភាពរបស់បក្ស ប៉ះពាល់ដល់ការដឹកនាំរបស់រាជរដ្ឋាភិបាល ជាពិសេស សម្តេចនាយករដ្ឋមន្ត្រី។
លោកបញ្ជាក់ដែរថា ប៉ុន្មានថ្ងៃមកនេះ ខាងក្រសួងកសិកម្ម កំពុងធ្វើយុទ្ធនាការ ពាក់ព័ន្ធដីធ្លីនៅស្រុកអូររាំង ខេត្ត មណ្ឌលគិរី និងស្នើសុំឲ្យក្រសួងធ្វើដោយមានតម្លាភាព ស្រមតាមច្បាប់និងគោលការណ៍របស់រាជរដ្ឋាភិបាល ដើម្បីការពារផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋជនជាតិដើមភាគតិច ។

សូមបញ្ជាក់ថា របាយការណ៍របស់ទីប្រឹក្សាសម្តេចតេជោនេះ ធ្វើឡើងតាមពាក្យសុំអន្តរាគមន៍របស់ប្រជាពលរដ្ឋ (ជនជាតិដើមភាគតិច) រស់នៅក្រុងសែនមនោរម្យ និងភូមិពូទូ ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ចុះថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២១ បទបញ្ជារបស់រាជរដ្ឋាភិបាល ស្តីពី វិធានការពង្រឹង និងបង្កើនប្រសិទ្ធិភាពនៃការគ្រប់គ្រងសម្បទានដីសេដ្ឋកិច្ច ចុះថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១២ សេចក្តីប្រកាសព័ត៌មានរបស់ទីស្តីការគណ:រដ្ឋមន្ត្រី ចុះថ្ងៃទី០៣ ខែកក្កដា ឆ្នាំ ២០២០ និងប្រកាសអន្តរក្រសួង ចុះថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០០៣ របស់ក្រសួងយុត្តិធម៌ និងក្រសួងរៀបចំដែនដី៕
អត្ថបទ ៖ កោះកែវ

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា