Connect with us

ព័ត៌មានជាតិ

ទស្សនកិច្ចភ្ញៀវទេសចរនៅតំបន់រ៉ាមសាព្រែកទាល់ លើកកម្ពស់ជីវភាពប្រជាជនមូលដ្ឋាន

បានផុស

នៅ

ខេត្តបាត់ដំបង÷”ព្រែកទាល់” ជាតំបន់គោលដៅទេចរណ៍ក្នុងភូមិសាស្ត្រខេត្តបាត់ដំបងដ៏មានសក្តានុពលមួយដែលបានបង្កើតជាសហគមន៍អេកូទេសចរណ៍ដែលមានផ្ទៃក្រឡា ២១ ៣៤២ ហិចតា ស្ថិតលើភូមិអណ្តែតទឹក ភូមិព្រែកទាល់ ឃុំកោះជីវាំង ស្រុកឯកភ្នំ មានចម្ងាយ ៩៥ គីឡូម៉ែត្រពីទីរួមខេត្តនៅប៉ែកខាងជើងឈៀងខាងលិចនៃទីរួមខេត្តបាត់ដំបង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការលើកឡើងរបស់លោក ហម អារុណ ប្រធានការិយាល័យគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ខេត្តបានឱ្យដឹងថា តំបន់ព្រែកទាល់រ៉ាំសារ (តំបន់ដីសើម) ជាសហគមន៍អេកូទេសចរណ៍ដ៏ល្បីល្បាញដែលជាជីវមណ្ឌលទឹកសាបធំបំផុតក្នុងបឹងទន្លេសាប និងជាជង្រុកសត្វស្លាបទឹកសាបធំជាងគេនៅអាស៊ីអាគ្នេយ៍ មានសត្វស្លាបប្រមាណជាង ១០០ ប្រភេទ ហើយបក្សីប្រភេទខ្លះជាបក្សីកម្រស្ទើរតែផុតពូជលើពិភពលោកមានដូចជា ទុង ក្រសារ ប្រវឹក ត្រដក់ ស្មោញ រនាល ឬក្រៀលជាដើម ដែលភ្ញៀវពេញនិយមទស្សនាកម្សាន្តជាងបណ្តាសត្វផ្សេងៗ។លោកបញ្ជាក់ថា រដូវកាលដ៏ល្អបំផុតសម្រាប់ការទៅទស្សនាបន្ទាយសត្វស្លាបព្រែកទាល់គឺរដូវទឹកស្រកចាប់ពីចន្លោះខែវិច្ឆិកាដល់ខែមករា ដែលជារដូវសត្វស្លាបប្រមូលផ្តុំស្វែងរកចំណីក្នុងបឹងទន្លេសាប ហើយចាប់ពីខែកុម្ភៈដល់ខែមិថុនា គឺជារដូវពងកូនរបស់សត្វទាំងនោះ។

លោកបន្តថា សម្រាប់ការទស្សនា គឺពេលព្រឹកព្រលឹមភ្ញៀវអាចទស្សនាសត្វស្លាបទំនៅតាមព្រៃលិចទឹក និងភូមិបណ្តែតទឹក និងពេលរសៀលចូលទស្សនាព្រៃលិចទឹកដែលមានពន្លឺថ្ងៃចាំងឆ្លុះទឹកថ្លាយង់មើលឃើញដល់បាតដី។ រីឯពេលល្ងាចនឹងបានគយគន់មើលថ្ងៃលិចដែលចាំងពន្លឺពណ៌មាសគងលើព្រៃលិចទឹក និងផ្ទៃគង្គា។ នាពេលរាត្រីយើងអាចទស្សនាហ្វូងតារានៅលើមេឃយ៉ាងច្បាស់ផងដែរ។

ប្រភពដដែលបន្តថា ចំណែកប្រជាពលរដ្ឋរស់នៅក្នុងតំបន់ព្រែកទាល់ស្ទើរតែទាំងស្រុងពឹងផ្អែកលើរបរនេសាទជាប្រភពចំណូលចំបង ចំពោះប្រភពចំណូលទី២ គឺការចិញ្ចឹមសត្វដូចជាត្រី ក្រពើ សិប្បកម្មកែច្នៃប្រហុក ផ្អក និងអនុផលធម្មជាតិនានា រីឯវិស័យទេសចរណ៍គឺជាប្រភពចំណូលទី៣ ដែលជួយលើកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋ និងលើកកម្ពស់ការការពារអភិរក្សធនធានធម្មជាតិក្នុងតំបន់ប្រកបដោយប្រសិទ្ធិភាព។

លោកថា ក្រៅអំពីភាពទាក់ទាញទេសចរណ៍ដោយការទស្សនាសត្វស្លាប ភ្ញៀវទេសចរអាចទទួលបានបទពិសោធន៍ល្អៗអំពីការទស្សនាទេសភាពបឹងទន្លសាបដ៏ធំល្វឹងល្វើយព្រៃលិចទឹកព្រៃរនាមភូមិបណ្តែតទឹករបស់ប្រជាជនជាង ១ ២០០ គ្រួសារ ជីវភាពរស់នៅរបស់ប្រជានេសាទ (សហគមន៍នេសាទ) ការចិញ្ចឹមសត្វ និងវត្តទេសចរណ៍ដែលពាក់ព័ន្ធនឹងរឿងព្រេងបុរាណ និងសិប្បកម្មក្នុងសហគមន៍ដូចជា សិប្បកម្មកែច្នៃកំប្លោក ប្រហុក ផ្អកជាដើម។

លោកបន្តថា ចំណែកការផ្តល់សេវាកម្មដល់ភ្ញៀវទេសចរនៅតំបន់ខាងលើនេះមានដូចជា៖ សេវាដឹកជញ្ជូនតាមផ្លូវទឹកពីក្រុងបាត់ដំបងទៅ ក្នុងមួយទូកតម្លៃពី ៧០ ដល់ ១២០ ដុល្លារក្នុងមួយថ្ងៃ បើពីចំណតមេជ្រៃ (ខេត្តសៀមរាប) តម្លៃ ៤០ ដុល្លារក្នុងមួយទូក អាចជិះបាន ៦ នាក់។ សេវាស្នាក់នៅតាមផ្ទះស្នាក់សហគមន៍របស់ប្រជាពលរដ្ឋ សេវាម្ហូបអាហារដែលមានរសជាតិបែបប្រពីណីប្រចាំតំបន់ ការដឹកជញ្ជូនភ្ញៀវ និងមគ្គុទេសក៍ក្នុងមូលដ្ឋានចំណាយតម្លៃ ៤០ ដុល្លារក្នុងមួយទូកដើម្បីទៅទស្សនាព្រៃលិចទឹក និងសត្វស្លាប តែភ្ញៀវត្រូវទិញសំបុត្រចូលទស្សនាម្នាក់១០ដុល្លារបន្ថែមទៀត។

បន្ថែមពីនេះការទស្សនកិច្ចរបស់ភ្ញៀវទេសចរនៅតំបន់រ៉ាំសាព្រែកទាល់នេះ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជនក្នុងមូលដ្ឋាន រួមចំណែកក្នុងការគាំពារអភិរក្សបរិស្ថានធម្មជាតិ និងលើកស្ទួយវិស័យអប់រំក្នុងមូលដ្ឋានផងដែរ។

គួរបញ្ជាក់ថា សហគមន៍អេកូទេសចរណ៍ព្រែកទាល់ស្ថិតក្នុងបឹងទន្លេសាប ដែលជាបឹងទឹកសាបធំជាងគេក្នុងទ្វីបអាស៊ី និងត្រូវបានចាត់ទុកជាសមុទ្រទឹកសាបរបស់កម្ពុជា ហើយជាបឹងតែមួយគត់លើភពផែនដីដែលមានចរន្តទឹកហូរផ្លាស់ជាទៀតទាត់ជារៀងរាល់រដូវ ជាជម្រុកសម្បុកនៃភោគផលធម្មជាតិ និងអំណោយផលដល់ពហុជីវចម្រុះគ្រប់ប្រភេទទាំងក្នុងទឹក និងលើគោក៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម