Connect with us

ព័ត៌មានជាតិ

​ផ្លូវជាតិ ៣ ខ្សែ​ រដ្ឋមន្រ្តី​ចុះទៅ​ពិនិត្យ​​ផ្ទាល់ ដើម្បី​ធានា​សាងសង់​មាន​គុណភាព ​ជាប់​រឹងមាំ

បានផុស

នៅ

រដ្ឋមន្រ្តី​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បាន​ដឹកនាំ​មន្រ្តី​ចុះពិនិត្យ​លើ​គម្រោង​ស្ថាបនា​ផ្លូវជាតិ​ ៣ ខ្សែ​​នៅ​ខេត្ត​ភាគ​និរតី​ជាប់​សមុទ្រ។

លោក​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ដឹកនាំក្រុមការងារបច្ចេកទេសក្រសួងចុះពិនិត្យវឌ្ឍនភាពការងារគម្រោងស្ថាបនាពង្រីក និង​ជួសជុលថែទាំកំណាត់ផ្លូវជាតិលេខ៤ ចាប់ពីឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល (គម ១៩ + ៧០០) និងបញ្ចប់​នៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (គ.ម២១៥+៨០០) ដោយមានការចូលរួមពីថ្នាក់ដឹកនាំ តំណាងក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស និងភាគីពាក់ព័ន្ធ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គោលបំណងនៃការចុះពិនិត្យនេះ ធ្វើឡើងដើម្បីធានាឱ្យគុណភាពនៃសំណង់អនុលោមតាមបទដ្ឋានបច្ចេកទេស និងស្របតាមសៀវភៅបន្ទុក ដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងរវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន​ម៉ៅការ​សាងសង់ សំដៅធ្វើឱ្យផ្លូវនេះមានគុណភាពរឹងមាំអាចប្រើប្រាស់ជាប់បានយូរអង្វែង។

ឆ្លើយតបទៅនឹងសំណួររបស់ក្រុមអ្នកសារព័ត៌មាន ទាក់ទងនឹងគុណភាពនៃការស្ថាបនាពង្រីកកំណត់ផ្លូវជាតិលេខ ៤ នេះ លោក​រដ្ឋមន្ត្រីបង្ហាញជំនឿថា ការស្ថាបនាពង្រីកផ្លូវនេះនឹងមានគុណភាពល្អប្រសើរអាចទទួលយកបាន ដោយហេតុថាស្រទាប់គ្រឹះតួផ្លូវនៅចំកណ្ដាលមានគុណភាពល្អស្រាប់ ដោយគ្រាន់តែស្ថាបនាពង្រីកសងខាងផ្លូវ ហើយអ៊ុតបេតុកៅស៊ូ (AC) បន្ថែមតែប៉ុណ្ណោះ។

យ៉ាងណាមិញ បើតាម​លោក​រដ្ឋមន្រ្តី ក្រសួងបានធ្វើតេស្តគុណភាពជាច្រើនកន្លែង មានមួយកន្លែងសាងសង់មិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងបានស្នើឱ្យក្រុមហ៊ុនធ្វើការពិនិត្យកែតម្រូវឡើងវិញ​។ ទន្ទឹម​ជាមួយគ្នានេះ ក្រសួងក៏ជំរុញឱ្យក្រុមហ៊ុនបង្កើនល្បឿននៃការស្ថាបនាពង្រីកផ្លូវនេះឱ្យចប់ផែនការដែលបានគ្រោងទុកផងដែរ។

លោក​រដ្ឋមន្រ្តី​បញ្ជាក់​ថា ក្រុមការងារបច្ចេកទេសរបស់ក្រសួងនឹងបន្តចុះមកត្រួតពិនិត្យ និងតាមដានគុណភាពផ្លូវនេះថែមទៀត ដោយក្រសួងមានសម្ភារៈឧបករណ៍គ្រប់គ្រាន់ក្នុងការពិនិត្យតាមដានដោយការយកចិត្តទុកដាក់ខ្ពស់ ធ្វើយ៉ាង​ណា​ឱ្យ​ផ្លូវនេះមានគុណភាពរឹងមាំ និងអាចប្រើប្រាស់បានយូរអង្វែង។

​បន្តមកទៀត លោក​រដ្ឋមន្រ្តី​បាន​​​ដឹកនាំប្រតិភូ​ចុះ​ពិនិត្យ​គម្រោងសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ ៤៨ ប្រវែងសរុប ១៤៨ គីឡូម៉ែត្រ ចាប់ពីចំណុចប្រសព្វជាមួយផ្លូវជាតិលេខ ៤ ដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ក្នុងពេល​ចុះពិនិត្យ​ ​ក្រុម​បច្ចេកទេស​ដែល​បានធ្វើតេស្តស្រទាប់គ្រឹះបានរកឃើញថាក្នុងចំនួនដប់កន្លែង មានមួយកន្លែងមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងបានណែនាំឱ្យក្រុមហ៊ុនពិនិត្យកែតម្រូវឡើងវិញលើចំណុចខ្វះខាត ប៉ុន្តែជារួមការសាងសង់មានគុណភាពល្អអាចទទួលបានយកបាន។

គិតរហូតមកទល់ពេលនេះ គម្រោងសាងសង់ផ្លូវជាតិលេខ ៤៨ នេះសម្រេចវឌ្ឍនភាពការងារបានចំនួន៨%ហើយ។

ដោយឡែក​ ក្នុង​ឱកាស​នោះដែរលោក​រដ្ឋមន្រ្តី​ក៏​ចុះពិនិត្យ​​ផ្លូវជាតិ​លេខ ១០ ដែលកំពុងដំណើរការសាងសង់តភ្ជាប់ទៅខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តប៉ៃលិន មកកាន់តំបន់ឆ្នេរនៃ​ខេត្ត​កោះកុង។ កំណាត់​ផ្លូវមួយខ្សែ​នេះ ចាត់ទុក​ជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់កម្ពុជា ក្នុងការជួយសម្រួលដល់ការតភ្ជាប់ទំនាក់ទំនងគមនាគមន៍ និងការធ្វើ​សមាហរណកម្មតភ្ជាប់ផ្ទៃក្នុងប្រទេស ជាពិសេសកំពង់ផែទឹកជ្រៅនៅក្រុងព្រះសីហនុ សំដៅរួមចំណែកក្នុងការជំរុញការដោះដូរពាណិជ្ជកម្ម វិនិយោគ និងការដឹកជញ្ជូនដំណាំកសិផល និងកសិឧស្សាហកម្មឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ឆាប់រហ័ស និងចំណាយតិច ហើយក៏ជាផ្នែកមួយនៃផ្លូវអាស៊ាន​ហាយវ៉េ​ ១២៣ (ASEAN Highway 123) និងជារបៀងមាត់សមុទ្រខាងត្បូងរបស់មហាអនុតំបន់មេគង្គ GMS (R10) ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ពលរដ្ឋ​មក​ទទួល​វ៉ាក់សាំង​ដូ​ស​ជំរុញ​ក្នុង​ខេត្តកោះកុង មិនទាន់​សម្រេច​ដល់​គោលដៅ​ចង់បាន​

ព័ត៌មានជាតិ៥ ម៉ោង មុន

ត្រីភាគី​ដាក់​តួលេខ​ប្រាក់​ឈ្នួល​ចុងក្រោយ​ជូន​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​សម្រេច​នៅ​ថ្ងៃទី​២១​កញ្ញា​ខាងមុខ

វប្បធម៌ ជំនឿ៦ ម៉ោង មុន

ពណ៌ផ្ទះហុងស៊ុយ​ ស្របតាមទិសទាំង ៨ ជួយទាក់ទាញសំណាងទ្វេដង

ព័ត៌មានជាតិ៦ ម៉ោង មុន

សពលោក ប៊ូ ឡាំ អតីត​អ្នកតំណាងរាស្ត្រ​ខេត្ត​រតនគិរី​ បាន​ដឹក​ពី​ប្រទេសវៀតណាមមកដល់កម្ពុជាហើយ ដើម្បី​រៀប​ចំ​ធ្វើ​បុណ្យ​តាម​ប្រពៃណី

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រី​ក្រសួងសាធារណការ​ ត្រៀម​ប្រើម៉ាស៊ីនទំនើប​ ដែល​អាច​ជំនួសមនុស្ស​ ក្នុងការចូលលូ​ លើកដំបូង​ក្នុង​ប្រទេស​កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម