Connect with us

ព័ត៌មានជាតិ

លោក កត្តា អ៊​ន ៖ អាជ្ញាធរសួរនាំសង្គមស៊ីវិលមកពីណា? ធ្វើអ្វី? មិនអាចចាត់ទុកថា ជាការគំរាមកំហែង ឬរារាំងឡើយ

បានផុស

នៅ

មន្ត្រី​នាំ​ពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បា​នលើកឡើងថា ការដែលអាជ្ញាធរដែនដី សួរនាំក្រុមអង្គការសង្គមស៊ីវិល ធ្វើសកម្មភាពនៅមូលដ្ឋានថា មកពីណា? ធ្វើអ្វី?នោះ មិនអាចចាត់ទុកថា ជាការគំរាមកំហែង រារាំង ឬក៏រំលោភសិទ្ធិមនុស្សឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងនេះ បន្ទាប់ពីមានក្រុមអង្គការសង្គមស៊ីវិលមួយចំនួន បានត្អូញត្អែរថា សកម្មភាពរបស់ពួកគេនៅមូលដ្ឋាន បានរងការរំខានពីសំណាក់អាជ្ញាធរ ដោយមានការសួរនាំជុំវិញការស្នើសុំច្បាប់អនុញ្ញាតជាដើម។ ជាក់ស្ដែងសមាគម​អាដហុក បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា សមត្ថកិច្ចនៅតែបន្តការតាមដាន និងរឹតត្បិតសេរីភាពមូលដ្ឋាន តម្រូវឲ្យអង្គការសង្គមស៊ីវិលដាក់លិខិតជូនដំណឹងទៅអាជ្ញាធរមូលដ្ឋាន។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក កត្តា អ៊​ន ​អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅព្រឹកថ្ងៃទី ២៧ ខែកក្កដានេះថា បញ្ហានេះកើតឡើងដោយសារតែការមិនយល់គ្នា រវាងអាជ្ញាធរដែនដី និងក្រុមអង្គការសង្គមស៊ីវិល នៅក្នុងការធ្វើសកម្មភាពនៅតាមមូលដ្ឋាន។ មិនយល់គ្នាត្រង់ថា អាជ្ញាធរដែនដី មានតួនាទីភារកិច្ច ធានាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈក្នុងដែនដីរបស់ខ្លួន ហើយអង្គការសង្គមស៊ីវិល ធ្វើសកម្មភាពរបស់ខ្លួនតាមលក្ខន្តិកៈ ដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ។

លោក កត្តា អ៊​ន បានលើកឡើងថា «ដូច្នេះនៅពេលដែលមានមនុស្សប្លែក ចូលកាន់តំបន់ទីតាំងដែលអាជ្ញាធរដែនដីគ្រប់គ្រង គាត់តែងសួរនាំថា មកពីណា? ធ្វើអ្វី? ការសួរនាំនេះ យើងមិនអាចចាត់ទុកថា ជាការគំរាមកំហែង រារាំង ឬក៏រំលោភសិទ្ធិមនុស្សទេ នេះគ្រាន់តែជាសមត្ថកិច្ចនៅក្នុងការអនុវត្តភារកិច្ចរបស់គាត់»។

អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បានបើកទូលាយឲ្យអង្គការសង្គមស៊ីវិល ធ្វើសកម្មភាពរបស់ខ្លួនដោយសេរី មិនបាច់សុំច្បាប់អនុញ្ញាតនោះទេ។ ដូច្នេះ អង្គការសង្គមស៊ីវិល មិនចាំបាច់សុំច្បាប់អនុញ្ញាតជាមុនទេ នៅពេលដែលខ្លួនចុះធ្វើសកម្មភាពក្នុងមូលដ្ឋាន គ្រាន់តែបង្ហាញជំហររបស់ខ្លួននៅក្នុងការធ្វើសកម្មភាពនោះ តែប៉ុណ្ណោះ។

ប្រសិនបើមានករណីគំរាមកំហែងណាមួយ ទៅលើក្រុមអង្គការសង្គមស៊ីវិល គឺពួកគេអាចប្ដឹងទៅអាជ្ញាធរសាធារណៈ​ពាក់ព័ន្ធដើម្បីដោះស្រាយជូន ជាពិសេសនៅក្នុងវេទិការបស់រាជរដ្ឋាភិបាល​ និងក្រសួងមហាផ្ទៃ ដែលរៀប​ចំឡើងដើម្បីពិគ្រោះយោបល់ ជាមួយអង្គការសង្គមស៊ីវិលប្រចាំឆ្នាំ ហើយពួកគេអាចលើកយកករណីទាំងនោះបាន។ នេះបើតាមលោក កត្តា អ៊​ន ដដែល។

មន្ត្រីនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជារូបនេះ ក៏បានបញ្ជាក់ដែរថា លំហលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងសេរីភាពនៅកម្ពុជាមានការបើកទូលាយ តាមរយៈការកើនឡើងពីមួយថ្ងៃទៅមួយ នៃចំនួនអង្គការសង្គមស៊ីវិល ដែលមកដល់ពេលនេះមានជាង ៥ពាន់ ហើយអង្គការអន្តរជាតិមានជាង ៤រយ សហជីពមានជាង ៥ពាន់ និងអង្គភាពសារព័ត៌មានមានជាង ៥ពាន់ផងដែរ។

លោក កត្តា អ៊​ន បានគូសបញ្ជាក់ទៀតថា «ដូច្នេះហើយ កំណើនហ្នឹងឯង ដោយសារអី ដោយសារកម្ពុជាមានលំហប្រជាធិបតេយ្យ កម្ពុជាគោរពសិទ្ធិមនុស្ស និងសេរីភាព ទើបពួកគាត់មានលទ្ធភាពនៅក្នុងការចុះបញ្ជី នៅក្នុងការដំណើរការសកម្មភាពរបស់ខ្លួន កម្ពុជាយើងបានគោរពគោលការណ៍ ស្មារតីរដ្ឋធម្មនុញ្ញ បានគោរពគោលការណ៍ ដែលមានចែងក្នុងកតិកាសញ្ញា អនុសញ្ញាអន្តរជាតិ ពាក់ព័ន្ធសិទ្ធិមនុស្ស ហើយកម្ពុជាបានបតិបត្តដ៏ត្រឹមត្រូវ ដ៏ទូលំទូលាយ និងគោរពសិទ្ធិសេរីភាពបងប្អូនទាំងនោះ ជាពិសេសប្រជាពលរដ្ឋយើង ក៏ដូចអង្គការសង្គមស៊ីវិលផងដែរ»៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម