Connect with us

ព័ត៌មានជាតិ

សហជីពធំៗ នៅកម្ពុជា អំពាវនាវដល់សង្គមស៊ីវិលមួយចំនួន កុំយកបញ្ហាប្រាក់ឈ្នួលកម្មករជាអាវុធនយោបាយរបស់ខ្លួន

បានផុស

នៅ

សហជីព​ធំៗ នៅ​កម្ពុជា បាន​អំពាវនាវ​ដល់​ក្រុម​សង្គម​ស៊ីវិល​មួយ​ចំនួន កុំ​យក​បញ្ហា​ប្រាក់ឈ្នួល​របស់​កម្មករ​ទៅ​ធ្វើជា​អាវុធ​នយោបាយ​របស់​ខ្លួន ពោល​គឺ​កុំ​ដុត​ឱ្យ​ខ្លោច កុំ​រោច​ឱ្យ​ឆៅ ខណៈ​ការ​ដំឡើង​ប្រាក់ឈ្នួល​អប្បបរមា​ជូន​ដល់​កម្មករ-និយោជិត ក្នុង​វិស័យ​កាត់ដេរ ធ្វើឡើង​ដោយ​ផ្អែក​ទៅ​តាម​ស្ថានភាព​សេដ្ឋកិច្ច​សង្គម​ជាក់ស្ដែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សំ សឿន ប្រធាន​សហភាព​ពលកម្ម​ជាតិ​កម្ពុជា (NLC) បាន​ថ្លែង​ថា ក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​តែងតែ​រក​វិធី​រិះគន់ ឬ​ហៅថា «​កុំ​ដុត​ឱ្យ​ខ្លោច រោច​ឱ្យ​ឆៅ​» ជុំវិញ​ការ​ដំឡើង​ប្រាក់ឈ្នួល​ដល់​កម្មករ-និយោជិត សម្រាប់​ឆ្នាំ ២០២៦ នេះ ប៉ុន្តែ​ពួកគាត់​មិន​បាន​គិត​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ពី​បញ្ហា​សេដ្ឋកិច្ច​មួយ​ចំនួន​ដែល​បង្ក​ការ​លំបាក​ដល់​ការ​ដំឡើង​ប្រាក់ឈ្នួល​កម្មករ​នោះ​ទេ។

លោក​បញ្ជាក់​ថា «​ខ្ញុំ​សូម​អំពាវនាវ​ដល់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ដែល​តាំង​ខ្លួន​ជា​អ្នក​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​កម្មករ សូម​គិតគូរ និង​ពិចារណា ឱ្យ​បាន​ល្អិតល្អន់ ជុំវិញ​ការ​រិះគន់​ទៅ​លើ​ការ​ដំឡើង​ប្រាក់ឈ្នួល​ដល់​កម្មករ ព្រោះ​កន្លងមក ខ្ញុំ​សង្កេត​ឃើញ​មាន​ការ​រិះគន់​ដំឡើង​បាន​តិច ហើយ​ចាយ​មិន​គ្រប់។ ត្រង់​ចំណុច​នេះ ពួកគាត់​តែងតែ​យក​មក​ធ្វើជា​អាវុធ​សម្រាប់​ដាក់​បញ្ចូល​ធ្វើជា​របៀបវារៈ​នយោបាយ ដើម្បី​ទាញ​យក​ប្រយោជន៍​ពី​កម្មករ​»។

លោក អ៊ុន ដា​រ៉ា ប្រធាន​សហភាព​សហជីព​កម្ពុជា​ពន្លឺ​កម្មករ បាន​ថ្លែង​ថា រាជរដ្ឋាភិបាល ដែល​មាន​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ជា​សេនាធិការ បាន​យកចិត្តទុកដាក់​ដំឡើង​ប្រាក់ឈ្នួល​ជា​បន្តបន្ទាប់​ជា​រៀងរាល់​ឆ្នាំ ប៉ុន្តែ​បើ​ទោះ​ការ​ដំឡើង​ក្នុង​កម្រិត​ណា​ក៏ដោយ​ក៏​មិន​អាច​ផ្គាប់ចិត្ត​អង្គការ​សង្គម​ស៊ីវិល​ទាំង​នោះ​ដែរ ពោល​គឺ​សង្គម​ស៊ីវិល​មួយ​ក្តាប់​តូច​នោះ​តែង​លើក​ឡើង​ពាក្យ​ដដែលៗ ជាង ៣០ ឆ្នាំ មក​ហើយ​ថា ប្រាក់ខែ​កម្មករ​ចាយ​មិន​គ្រប់។

លោក​បញ្ជាក់​ថា «​ការ​ដំឡើង​ប្រាក់ឈ្នួល គឺ​យើង​មាន​ជា​រៀងរាល់​ឆ្នាំ បើ​ទោះបី​ជា​មិន​បាន​ច្រើន​ក៏​ដោយ ប៉ុន្តែ​អ្វី​ដែល​យើង​ត្រូវ​តែ​គិតគូរ​ឱ្យ​បាន​វែងឆ្ងាយ​ជាង​នេះ គឺ​រក្សា​វិនិយោគិន និង​ទាញ​អ្នកជំនួញ​បរទេស​មក​បន្ថែម​ទៀត។ ខ្ញុំ​គិត​ថា ថ្នាក់​ដឹកនាំ​រាជរដ្ឋាភិបាល​បាន​គិតគូរ​ចំណុច​នេះ​យ៉ាង​ល្អិតល្អន់ ដើម្បី​រក្សា​បាន​នូវ​ការងារ​ជូន​កម្មករ​ផង និង​រក្សា​កំណើន​វិនិយោគិន​ផង​»។

ចំណែក លោក ហង្ស រ៉ាវី ប្រធាន​សហភាព​សហជីព​រក្សា​សិទ្ធិ​កម្មករ​កម្ពុជា (CWPUC) បាន​ថ្លែង​ថា ការ​ដំឡើង​ប្រាក់ឈ្នួល​អប្បបរមា​ត្រូវ​បាន​វិភាគ និង​គណនា​លើ​ទិដ្ឋភាព​រួម​ទាំង ៧ ដែល​មាន​ចែង​ក្នុង​ច្បាប់​ស្ដីពី​ប្រាក់ឈ្នួល។ ជាក់ស្ដែង​ការ​ដំឡើង​បាន​ឈរ​នៅ​លើ​គោលការណ៍​ឈ្នះៗ ទាំងអស់​គ្នា ពោល​គឺ​កម្មករ​នៅតែ​មាន​ស្ថិរភាព​ការងារ និង​មាន​ជីវភាព​កាន់តែ​ប្រសើរ ហើយ​ថៅកែ​នៅតែ​អាច​បន្ត​ការ​វិនិយោគ​បាន​នៅ​កម្ពុជា។

លោក​ថ្លែង​ថា «​ក្នុងនាម​ថ្នាក់ដឹកនាំ​សហជីព​មួយ​រូប សូម​អំពាវនាវ​ដល់​បងប្អូន​កម្មករ​យើង​បន្ត​ការងារ​ទៅតាម​សមត្ថភាព​រៀងៗ ​ខ្លួន ហើយ​សូម​កុំ​ជឿ​តាម​ការ​ញុះញង់​របស់​បុគ្គល​មួយ​ក្ដាប់​តូច​នោះ ព្រោះ​ពួកគេ​តែងតែ​ព្យាយាម​រក​លេស​ដាក់​បន្ទុក​មក​លើ​រាជរដ្ឋាភិបាល​»។

កាលពី​ថ្ងៃទី​ ១០ ខែ​កញ្ញា ឆ្នាំ​ ២០២៥ នៅក្នុង​កិច្ចប្រជុំ​ត្រីភាគី​លើក​ទី ​៣ ស្ដីពី​ការ​ចរចា​ប្រាក់ឈ្នួល​កម្មករ-និយោជិត​ ក្នុង​ឧស្សាហកម្ម​វាយ​ន​ភណ្ឌ​កាត់ដេរ គឺ​ ទាំង​ភាគី​និយោជក និង​ភាគី​សហជីព បាន​ឯកភាព​គ្នា​មិន​លើក​តួលេខ​ណាមួយ​ទេ ដោយ​យោង​តាម​ស្ថានភាព​បច្ចុប្បន្ន និង​រង់ចាំ​ការសម្រេច​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ដំឡើង​ប្រាក់ឈ្នួល​ដល់​កម្មករ​រោងចក្រ​សម្រាប់​ឆ្នាំ ២០២៦៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម