ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប ជំរុញអាជ្ញាធរមូលដ្ឋាន និងពលរដ្ឋ ចូលរួមត្រួតពិនិត្យ ស្តារប្រព័ន្ធធារាសាស្ត្រ បញ្ចៀសជំនន់ទឹកភ្លៀង
អាជ្ញាធរខេត្តសៀមរាប បានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋមានលំនៅឋានតាមដងផ្លូវដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ត្រូវចូលរួមសម្អាត កម្ចាត់ការកកស្ទះក្នុងប្រព័ន្ធលូបង្ហូរទឹក ទំនប់ប្រឡាយសាធារណៈ ដើម្បីសម្រួលលំហូរទឹក ធានាមានលំហូរទឹកលឿនបំផុតនៅពេលភ្លៀងធ្លាក់ខ្លាំង ព្រមទាំងថែរក្សាប្រព័ន្ធធារាសាស្ត្របុរាណ និង ថ្មី ឲ្យដំណើរការល្អ សម្រាប់រំដោះទឹក បញ្ចៀសបញ្ហាជំនន់ទឹកភ្លៀងក្នុងមូលដ្ឋាន។


ក្នុងកិច្ចប្រជុំពិភាក្សា និងពិនិត្យលើស្ថានភាពប្រព័ន្ធធារាសាស្ត្រ ប្រព័ន្ធលូ និងប្រឡាយសាធារណៈ ដើម្បីរំដោះទឹក និងបញ្ចៀសបញ្ហាជំនន់ទឹកភ្លៀងនៅក្នុងភូមិសាស្ត្រប៉ែកខាងកើតក្រុងសៀមរាប និងភូមិសាស្ត្រស្រុកប្រាសាទបាគង នៅចុងសប្ដាហ៍ ខែកញ្ញា ឆ្នាំ ២០២៥ នេះ លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត បានជំរុញឲ្យប្រជាពលរដ្ឋរងផលប៉ះពាល់ ចូលរួមដាក់លូថ្មី ឬពង្រីកលូដែលមានស្រាប់នៅតាមមុខផ្ទះ។ ការធ្វើដូច្នេះ គឺជាការបន្ថែមប្រព័ន្ធបង្ហូរទឹកភ្លៀង ឬទឹកដក់ឲ្យហូរចូលទៅក្នុងប្រព័ន្ធលូធំ ដើម្បីបង្កើនល្បឿន និងសមត្ថភាពរំដោះទឹក កុំឲ្យជន់លិចទីធ្លាសាធារណៈ ឬចូលក្នុងផ្ទះ។ តាមរយៈការដាក់លូនេះ អាចការពារផ្ទះសម្បែង ទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធផ្លូវ មិនឲ្យខូចខាតដោយសារទឹកជំនន់។

លោក អ៊ឹង គឹមលាង សង្កត់ធ្ងន់ថា ការដោះស្រាយបញ្ហាទឹកជំនន់ មិនមែនជាបន្ទុករបស់រដ្ឋាភិបាល ឬអាជ្ញាធរមូលដ្ឋានតែឯងនោះទេ តែគឺជាការងាររួម ដែលតម្រូវឲ្យប្រជាពលរដ្ឋចូលរួមទាំងកម្លាំងពលកម្ម ឬ ថវិកា និងជួយសម្របសម្រួលទីតាំង។ នៅពេលប្រជាពលរដ្ឋចូលរួមសហការដាក់លូនៅមុខផ្ទះខ្លួនឯង ពួកគាត់នឹងមានស្មារតីថែរក្សា និងការពារប្រព័ន្ធលូនោះមិនឲ្យកកស្ទះដោយសំរាម ឬសម្ភារៈផ្សេងៗ នាំឲ្យទឹកលិចឡើងវិញ។ បន្ថែមនេះ លោកបានជំរុញដល់មន្ទីរអង្គភាពជំនាញ និងអាជ្ញាធរក្រុង-ស្រុក ត្រូវពង្រឹងកិច្ចសហការរវាងអាជ្ញាធរពាក់ព័ន្ធ ដើម្បីធានាប្រសិទ្ធភាពការងារ។


លោកអភិបាលរងខេត្ត ក៏បានស្នើដល់អាជ្ញាធរពាក់ព័ន្ធ ត្រូវវាយតម្លៃឡើងវិញនូវស្ថានភាពលូ បំពង់បង្ហូរទឹក ប្រឡាយទឹក និងស្ថានីយបូមទឹកដែលមានស្រាប់ ថាតើមានបញ្ហាស្ទះ ខូចខាត ឬតម្រូវការជួសជុល និងពង្រីកកម្រិតណា កំណត់តំបន់ងាយរងគ្រោះដោយជំនន់ទឹកភ្លៀងខ្លាំងជាងគេ?។ ត្រូវដាក់ចេញនូវវិធានការអាទិភាព ដូចជា ការជីកស្តារប្រឡាយ និងការបំពាក់លូធំៗ ដើម្បីកាត់បន្ថយផលប៉ះពាល់ នៃជំនន់ទឹកភ្លៀងមកលើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ចក្នុងមូលដ្ឋាន៕
អត្ថបទ ៖ គឿន វេត



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


