Connect with us

ព័ត៌មានជាតិ

កម្ពុជា នៅសល់ភូមិចំនួន ២៤៥ភូមិទៀត​ប៉ុណ្ណោះ មិនទាន់មានភ្លើងរដ្ឋ​ប្រើប្រាស់

បានផុស

នៅ

បច្ចុប្បន្ន ភូមិដែលពុំទាន់មានការផ្គត់ផ្គង់អគ្គិសនីពីបណ្តាញជាតិ គឺមានចំនួន ២៤៥ភូមិ ស្មើនឹង ១,៧៣ភាគរយ។ នេះបើតាមរបាយការណ៍របស់ក្រសួងរ៉ែ និងថាមពល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ទី នរិន្ទ រដ្ឋលេខធិការ ក្រសួងរ៉ែ និងថាមពល បានលើកឡើងថា ភូមិដែលបណ្តាញអគ្គិសនីជាតិ ទៅមិនដល់គឺជាភូមិដាច់ស្រយាល គ្មានផ្លូវធ្វើដំណើរ ជាតំបន់កោះ ជាភូមិបណ្តែតទឹក និងជាតំបន់​លិចទឹកនៅរដូវវស្សាដែលពិបាកក្នុងការរៀបចំខ្សែបណ្តាញអគ្គសនីឱ្យទៅដល់។ លោកគូសបញ្ជាក់ថា ទោះជាយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាល បានខិតខំជួយដោះស្រាយឱ្យលំនៅដ្ឋានប្រជាពលរដ្ឋមួយ​ចំនួនធំនៅក្នុងភូមិដែលនៅសល់ទាំងនោះ មានអគ្គិសនីប្រើប្រាស់ជាបណ្តោះអាសន្ន តាមរយៈការ​ផ្តល់ប្រព័ន្ធពន្លឺព្រះអាទិត្យតាមផ្ទះ ក្នុងក្របខណ្ឌជំនួយឧបត្ថម្ភនៃកម្មវិធីគាំពារសង្គមរបស់មូលនិធិ​អគ្គិសនីភាវូបនីយកម្មជនបទ និងការវិនិយោគផ្ទាល់ខ្លួន ហើយលំនៅដ្ឋានមួយចំនួនទៀត ក៏បានប្រើប្រាស់អាគុយដែលមានកន្លែងសាកអាគុយរួមនៅក្នុងភូមិផងដែរ។

លោក ទី នរិន្ទ អះអាងថា ក្រសួងរ៉ែ អាជ្ញាធរអគ្គិសនីកម្ពុជា និងអគ្គិសនីកម្ពុជា កំពុងតែរួមគ្នាបន្តដោះស្រាយការផ្តត់ផ្គង់​អគ្គិសនីឱ្យភូមិដែលនៅសល់ទាំងនេះ តាមករណីនីមួយៗ រហូតដល់បញ្ចប់។

សូមបញ្ជាក់ថា នៅក្នុងអាណត្តិទី៦នេះ ការអភិវឌ្ឍប្រភពអគ្គិសនីកន្លងមក បានធ្វើឱ្យទំហំប្រភពអគ្គិសនីសរុបកើនឡើងពី ២៦៥០មេហ្កាវ៉ាត់ នៅឆ្នាំ ២០១៨ រហូតដល់ ៤២៤៦,៧៧ មេហ្កាវ៉ាត់ នៅចុងឆ្នាំ ២០២២ ដែលស្មើនឹងកំណើន ៦០ភាគរយ ធៀបទៅនឹងទំហំដែលមាននៅក្នុងឆ្នាំ ២០១៨។

នៅឆ្នាំ ២០១៩ ក្រសួងរ៉ែ និងថាមពល បានធ្វើសហប្រតិបត្តិការជាមួយធនាគារអភិវឌ្ឍអាស៊ី ដើម្បីពិនិត្យកំណើននៃតម្រូវ​ការអគ្គិសនី និងសិក្សារៀបចំផែនការមេអភិវឌ្ឍវិស័យអគ្គិសនីឡើងវិញ សម្រាប់ឆ្នាំ ២០២១ រហូតដល់ឆ្នាំ ២០៤០។ ក្នុងការរៀបចំផែនការមេនេះ ដើម្បីឆ្លើយតបបញ្ហាអាកាសធាតុ និងបរិស្ថាន រួមជាមួយនឹងការធានាឱ្យមាន​ថាមប្រើប្រាស់​គ្រប់គ្រាន់ ស្ថិរភាព និងតម្លៃសមរម្យ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម