Connect with us

សេដ្ឋកិច្ច

អាល្លឺម៉ង់ ផ្តល់កម្ចី ៥៥ លានដុល្លារដល់កម្ពុជា អភិវឌ្ឍន៍ប្រសិទ្ធភាពថាមពលអគ្គិសនីនៅជនបទ

បានផុស

នៅ

នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ រដ្ឋាភិបាលអាល្លឺម៉ង បានសម្រេចផ្តល់កម្ចីដល់កម្ពុជា ដែលមាន​ទឹក​ប្រាក់​សរុប​ចំនួន ៤៧,៥ លានអឺរ៉ូ ត្រូវ​ជា​ប្រមាណ ៥៥ លានដុល្លារអាមេរិក អនុវត្តគម្រោងប្រសិទ្ធភាពថាពលសម្រាប់​ការ​អភិឌ្ឍ​ការ​ផ្គត់ផ្គង់​អគ្គិសនី​នៅ​ជនបទ ជំហានទី​២ និង​ជំហាន​ទី៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្ចីដែលកម្ពុជាទទួលបានពីរដ្ឋាភិបាលអាល្លឺម៉ងនេះ ត្រូវបានចុះហត្ថលេខា​រួម​គ្នាលើ​កិច្ច​ព្រមព្រៀង​ឥណទាន​សម្បទាន​ចំនួនពីរ និងកិច្ចព្រមព្រៀងដោយឡែក រវាងលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងលោកស្រី Thao NGUYEN អ្នកគ្រប់គ្រងប្រចាំប្រទេសកម្ពុជា ឡាវ និងវៀតណាម ប្រចាំការិយាល័យកណ្តាល នៃ ធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KW)។

នៅក្នុងទំហំទឹកប្រាក់សរុបចំនួន ៤៧,៥ លានអឺរ៉ូ ត្រូវ​ជា​ប្រមាណ ៥៥ លានដុល្លារអាម៉េរិក ក្នុង​នោះ​ទឹក​ប្រាក់ចំនួន ៣០ លានអឺរ៉ូ សម្រាប់ អនុវត្ត​គម្រោង​ប្រសិទ្ធភាព​ថាមពល​សម្រាប់​ការ​ផ្គត់ផ្គង់​អគ្គិសនី​នៅ​ជនបទ ជំហានទី២ និង​ទឹកប្រាក់​ចំនួន ១៧,៥ លានអឺរ៉ូ សម្រាប់​គម្រោង​នេះ​ជំហានទី៣។

គម្រោង​ទាំង​ពីរ​ជំហាន​ខាង​លើនេះ មាន​ទិសដៅ​ធានា​ដល់​ការផ្គត់ផ្គង់ថាមពលប្រកបដោយ ប្រសិទ្ធភាព និងនិរន្តភាពដល់បរិស្ថាន និងសង្គម នៅតាមតំបន់ជនបទនៃប្រទេសកម្ពុជា តាមរយៈការវិនិយោគ ទៅលើប្រព័ន្ធបញ្ជូន និងចែកចាយអគ្គិសនី។

ការវិនិយោគនេះ នឹងផ្តោតលើការពង្រីកបណ្តាញតង់ស្យុងមធ្យម ២២ KV នៅតាមតំបន់ជុំវិញខេត្តសៀមរាប និងតាមតំបន់ជនបទនៅក្នុងខេត្តឧត្តរមានជ័យ ខេត្តកំពង់ធំ និងខេត្តព្រះវិហារ, ការសាងសង់ និង​ពង្រីក​អនុស្ថានីយ៍ ព្រមទាំងការសាងសង់ខ្សែបញ្ជូនក្រោមដី និងប្រព័ន្ធ អាគុយស្តុកថាមពល។

ក្នុងឱកាសនោះ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច បានមាន​ប្រសាសន៍​ថា ពិធី ចុះហត្ថលេខានេះ គឺជាសក្ខីភាពនៃការបន្តឧបត្ថម្ភគាំទ្ររបស់រដ្ឋាភិបាលអាល្លឺម៉ង់ ដល់រាជរដ្ឋាភិបាលកម្ពុជា។

ឆ្លៀតក្នុងឱកាសនោះដែរ លោក​ឧបនាយករដ្ឋមន្ត្រី បាន​អបអរសាទរចំពោះកិច្ចចរចា ស្តីពី​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍​ឆ្នាំ២០២៥ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធ អាល្លឺម៉ង់ កាលពីថ្ងៃទី១៨-១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលសម្រេចបានលទ្ធផលប្រកបដោយផ្លែផ្កា ដែលបាន ឯកភាពគ្នាលើបញ្ជីគម្រោង/កម្មវិធី ដោយផ្តោតលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម គាំពារ និងសុខមាលភាពសង្គម សុខាភិបាល អភិវឌ្ឍន៍ផ្លូវជនបទ រួមទាំងការពង្រឹងវិស័យវាយនភណ្ឌនៅកម្ពុជា។

ជាការឆ្លើយតប ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ បានគូសបញ្ជាក់ថា ក្នុងនាមជាដៃគូអភិវឌ្ឍន៍ ដ៏សំខាន់មួយ ក្នុងចំណោម​ដៃគូ​អភិវឌ្ឍន៍​ដទៃ​ទៀត រដ្ឋាភិបាល​សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្តេជ្ញាចិត្ត យ៉ាងមុតមាំ​ក្នុងការ​ជំរុញ​កិច្ច​សហ​ប្រតិបត្តិការ​ក្នុងភាពជាដៃគូរយៈពេលយូរអង្វែងជាមួយនិងរាជរដ្ឋាភិបាលកម្ពុជា។

រដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ បាននឹងកំពុងបន្តជួយគាំទ្រដល់ការអភិវឌ្ឍសង្គម និង សេដ្ឋកិច្ចនៅកម្ពុជា ដោយប្រកាន់ខ្ជាប់នូវគោលនយោបាយផ្តល់ហិរញ្ញប្បទានដែលឆ្លើយតបទៅនឹងតម្រូវ ការអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។

ជាក់ស្តែង គម្រោងប្រសិទ្ធភាពថាមពលសម្រាប់ការផ្គត់ផ្គង់អគ្គិសនីនៅជនបទ ជំហានទី២ និងជំហានទី៣ ដែល​ត្រូវ​បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទាននៅថ្ងៃនេះ បានឆ្លើយតបនឹងតម្រូវការអាទិភាព របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការអភិវឌ្ឍវិស័យថាមពលសំដៅរក្សាលំនឹងថ្លៃ និង ពិនិត្យលទ្ធភាពបញ្ចុះថ្លៃ អគ្គិសនី ព្រមទាំងធានាភាពគ្រប់គ្រាន់ និងស្ថិរភាព នៃការផ្គត់ផ្គង់អគ្គិសនីសម្រាប់ឧស្សាហកម្ម និងកសិកម្ម ជំរុញ​ការ​ប្រើប្រាស់ថាមពលក៏កើតឡើងវិញ និងអនុវត្តកម្មវិធីប្រសិទ្ធភាពថាមពលឱ្យអស់សក្តានុពលដើម្បី ធានាបាននូវសន្តិសុខថាមពល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម